TNAOT News

· 2020-05-30

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសបញ្ចប់ទំនាក់ទំនងទាំងស្រុងជាមួយ​ WHO

#ដូណាល់ ត្រាំ# #ប្រធានាធិបតី# #ទំនាក់ទំនង# #សង្គម# #អាមេរិក# #នយោបាយជាតិ# #WHO#

10234

កាលពីថ្ងៃទី​២៩ ខែឧសភា (ត្រូវនឹងព្រឹកថ្ងៃ ទី៣០ ខែឧសភា ពេលនៅកម្ពុជា) នៅក្នុងសន្និសីទកាសែត នៅសេតវិមាន ​ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ​ បានប្រកាសបញ្ចប់ទំនាក់ទំនងទាំងស្រុងជាមួយ អង្គការសុខភាពពិភពលោក (WHO) ទាំងការផ្តល់ជំនួយដល់អង្គការនេះ​។ សកម្មភាពខាងលើ បានកើតឡើង ​ក្រោយពេលអាមរិក​ចោទប្រកាន់អង្គការនេះ ​ដោះស្រាយបញ្ហាកូវីដ​១៩ មិនបានល្អ។

ប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា WHO មិនមានការកែទម្រង់ចំាបាច់ ដែលអាមរិក ​ចង់បាន។ ប្រធានាធិបតី ដូណាល់ ត្រាំ​ បានបញ្ជាក់ថា អាមរិក នឹងមិនបញ្ជូនប្រាក់ជំនួយទៅឲ្យអង្គការ WHO ឡើយ ដោយអាមេរិកបង្វែរប្រាក់ទាំងនោះទៅលើវិស័យសុខាភិបាលផ្សេងទៀត ដែលចាំបាច់ជាងនេះ។

ការសម្រេចខាលើរបស់ប្រធានាធិបតី ដូណាល់ ត្រាំ​ ក៏រងការថ្កោលទោស​យ៉ាងខ្លាំង ពីមហាជន ជាពិសេស គឺគណបក្សប្រជាធិបតេយ្យ។ ប្រធានរដ្ឋសភាអាមេរិក លោកស្រី​ Nancy Pelosi បានលើកឡើងថា​រដ្ឋាភិបាលអាមេរិក បានបញ្ចប់ការផ្តល់ជំនួយដល់​ WHO ​ក្នុងពេលអង្គការនេះកំពុងតែធ្វើសង្គ្រាម ប្រឆាំងនឹងកូវីដ​១៩ ​នៅលើពិភពលោក គឺជារឿងមិនសមហេតុផលទេ។ លោកស្រី Nancy Pelosi បានបញ្ជាក់ទៀតថា អាមេរិក អាចយកឈ្នះក្នុងសង្គ្រាម ប្រឆាំងកូវីដ​បានលុះត្រា តែបានសហការជាមួយសហគមន៍អន្តរជាតិ។

ជាមួយគ្នានេះដែរ ការិយាល័យពាណិជ្ជកម្ម អាមេរិក បានវាយតម្លៃថា ការសម្រេចខាងលើ​របស់ប្រធានាធិបតី ដូណាល់ ត្រាំ មិនបានផ្តល់ផលប្រយោជន៍ខ្ពស់បំផុត ដល់ទឹកដីអាមេរិកនោះឡើយ ។ ជាមួយគ្នានេះដែរ សហគមន៍សុខាភិបាលអាមេរិក ក៏បានវាយតម្លៃ​ថា នេះជាជំហានដ៏គ្រោះថ្នាក់របស់អាមេរិក ដែលដើរខុសគោលដៅ​។ ទន្ទឹមនឹងនោះក៏បានស្នើដល់លោក ត្រាំ ឲ្យពិចារណាឡើងវិញ ពីបញ្ហាខាងលើ​។

ជាមួយគ្នានេះដែរ អគ្គនាយក​ WHO លោក​ Tedros Adhanom Ghebreyesus បានបញ្ជាក់ថា អង្គការនេះនឹងជំរុញបើកការស្រាវជ្រាវ ដោយឯករាជ្យទៅលើបញ្ហាកូវីដ​១៩ ក្នុងពេលសមស្រប ។ លោកបានអំពាវនាវ​ដល់​ភាគីពាក់ព័ន្ធចូលរួមវាយតម្លៃ ដោយមានតម្លាភាព និង មានការទទួលខុសត្រូវខ្ពស់៕ ប្រែសម្រួលដោយ៖ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស