TNAOT News

· 2020-06-03

មន្ត្រីសហគមន៍អឺរ៉ុបស្នើអាមេរិក កាត់បន្ថយការប្រើហិង្សាលើក្រុមបាតុករស្បែកខ្មៅ

#ហិង្សា# #អឺរ៉ុប# #បាតុកម្ម# #សង្គម# #អាមេរិក# #នយោបាយជាតិ#

2150

សហគមន៍អន្តរជាតិមិនអាចនៅស្ងៀមបានឡើយ ចំពោះអ្វីដែលកំពុងតែកើតឡើង នៅលើទឹកដីអាមេរិក គឺបាតុកម្មក្លាយទៅជាហិង្សា។ នៅពេលនេះស្ថានភាពកាន់តែតានតឹង អាចនឹងមានអ្នកស្លាប់ កាន់តែច្រើនឡើងបន្ថែមទៀត​។

ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់របស់សហគមន៍អឺរ៉ុប​ទទួលបន្ទុកកិច្ចការបរទេស បាន​ស្នើដល់កម្លាំងសន្តិសុខអាមេរិក​ មិនត្រូវស្អប់ខ្ពើម ឬរើសអើងជនជាតិស្បែកខ្មៅនោះឡើយ​។ ទន្ទឹមនឹងនេះ អឺរ៉ុប​ក៏បានអំពាវនាវដល់អាមេរិក ឲ្យបញ្ឈប់សកម្មភាពប្រើហិង្សាលើក្រុមបាតុករ​ ហើយត្រូវតែគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ។

សារព័ត៌មាន ​AFP ​បានដកស្រង់សម្តីរបស់លោក Josep Borrell ទទួលបន្ទុកកិច្ចការបរទេសរបស់សហគមន៍អឺរ៉ុប ​EU ​កាលពីថ្ងៃទី​២ ខែមិថុនា នេះ ​បានអំពាវនាវ​ដល់អាមេរិក ត្រូវរក្សាការអត់ធ្មត់​មិនត្រូវ​ប្រើហិង្សាហួស​ហេតុ​ទៅលើក្រុមបាតុករឡើយ។

លោក ​Josep Borrell បានបញ្ជាក់ថា «ករណីទាំងនេះជាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ មិនថាអាមេរិកឡើយ​ ប្រទេសណាដែលរំលោភបំពានសិទ្ធិមនុស្ស គឺត្រូវតែមានសកម្មភាពប្រឆាំងតបវិញ ។ យើងខ្ញុំនៅអឺរ៉ុប ក៏ដូចជា ពលរដ្ឋអាមេរិក ពិតជាតក់ស្លុតខ្លាំងណាស់ ចំពោះការស្លាប់របស់ George Floyd ក្រោមថ្វីដៃរបស់ប៉ូលិសអាមេរិក»។

នៅពេលនេះដែរ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មានគម្រោងដាក់ពង្រាយកម្លាំងទាហានរាប់ពាន់នាក់ប្រដាប់ដោយអាវុធ​ ដើម្បីរៀបចំសន្តិសុខសណ្តាប់ធ្នាប់ឡើងវិញ​។ បើទុកឲ្យស្ថានភាពបែបនេះនៅបន្ដ​អូសបន្លាយ លោក ត្រាំ នឹងបាត់បង់ការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋអាមេរិក ព្រោះក្តីសង្ឃឹមថា នឹងជាប់ឆ្នោតអាណត្តិទីពីររបស់លោកត្រាំ នឹងត្រូវបាត់បង់ផងដែរ៕ ប្រែសម្រួលដោយ៖ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស