SokhaKrom

· 2020-06-03

កម្ពុជា​គាំទ្រគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ

#អនាម័យ# #គន្លឹះថែទាំសុខភាព# #សុខភាព# #លើកកម្ពស់# #ធនាគារពិភពលោក# #ការផ្គត់ផ្គង់#

20211

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានគាំទ្រដល់ការអនុវត្តគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដើម្បីអភិវឌ្ឍវិស័យទឹកស្អាត និងអនាម័យ ធានាសុខុមាលភាពប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានមួយកម្រិតទៀត ដែលជាឥណទានសម្បទានរបស់ធនាគារពិភពលោក។

ការគាំទ្រគម្រោងនេះ បានធ្វើឡើង កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នេះ នៅការិយាល័យកណ្តាលធនាគារពិភពលោកប្រចាំកម្ពុជា ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំអង្គភាពគ្រប់គ្រងសមាសភាពគម្រោង (Component Management Unit) របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ជាមួយគ្នានោះ អញ្ជើញចូលរួមកិច្ចប្រជុំចាប់ផ្តើម នៃបេសកកម្មគាំទ្រដល់ការអនុវត្តគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (Implementation Support Mission) និងភាគីសមាសភាពគ្រប់គ្រងគម្រោងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដឹកនាំដោយឯកឧត្តម យា ប៊ុនណា អនុរដ្ឋលេខាធិការ និងភាគីធនាគារពិភពលោក។

កិច្ចប្រជុំនេះ ផ្ដោតជាសំខាន់លើរបៀបវារៈមួយចំនួន រួមមាន ពិនិត្យ និងពិភាក្សាលើសកម្មភាពការងារ ដែលបានឯកភាព និងវឌ្ឍនភាព កាលពីបេសកកម្មគាទ្រដល់ការអនុវត្តគម្រោងកន្លងទៅ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ព្រមទាំងពិនិត្យ និងពិភាក្សាឯកភាពលើរបៀបវារៈ នៃបេសកកម្មគាំទ្រដល់ការអនុវត្តគម្រោងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។

សូមជម្រាបថា បញ្ហា​កង្វះ​អនាម័យ ​និង​ទឹកស្អាត​ បាន​ធ្វើ​ឱ្យ​ប្រជាជន​នៅ​លើ​ពិភពលោក​ ពិសេស​អ្នក​រស់នៅ​តំបន់​ជនបទ​ជួប​ប្រទះ​ជំងឺ​ជាច្រើន​ ដែល​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ប្រភព​ទឹក​កង្វក់​ គ្មាន​បង្គន់​ប្រើប្រាស់​ និង​មិនមាន​ទម្លាប់​លាង​ដៃ​ជាមួយ​នឹង​សាប៊ូ។​

លើសពីនោះ បញ្ហា​កង្វះ​ទឹក​ស្អាត​ និង​អនាម័យ ​ក៏បាន​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ជា​ច្រើន​ដល់​វិស័យ​សង្គមកិច្ច​ផង​ដែរ​ ដូចជា ​បញ្ហា​សុខភាព​ អប់រំ​ អាហារ​រូបត្ថម្ភ​ និង​ជាពិសេស​ប៉ះពាល់​ខ្លាំង​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​ ស្រ្តី​ កុមារ​ ជាពិសេសពលរដ្ឋដែលរស់នៅ​ជនបទ​ជួប​ប្រទះ​នូវ​ជំងឺ​ជា​ច្រើន៕



សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)