TNAOT News

· 2020-06-07

ឥណ្ឌាវ៉ាដាច់​អ៊ីតាលីករណីឆ្លងកូវីដ​១៩ ខណៈនៅជុំវិញពិភពលោក កើនឡើងដល់ ​៦,៩ លាននាក់

#ឥណ្ឌា# #COVID-19# #ការឆ្លង# #សុខភាព# #ជំងឺ#

17647

នៅក្នុងប្រទេសឥណ្ឌា​អ្នកឆ្លងជំងឺកូវីដ​១៩ បានកើនឡើង​ជាបន្តបន្ទាប់ ជាក់ស្តែង​ក្នុងរយៈពេល​២៤ម៉ោងសោះ ឆ្លងជិត​១ម៉ឺនករណី ។ គិតត្រឹមថ្ងៃ​ទី៦ ខែមិថុនា ឆ្នាំ២០២០ ប្រទេសឥណ្ឌា​មានអ្នកឆ្លងសរុប ២៤៦ ៦២២ នាក់ ខណៈនៅជុំវិញពិភពលោក​ឆ្លងជាង ៦,៩​ លាននាក់ ។ 

តាមការចេញផ្សាយរបស់ប្រភពព័ត៌មាន​BBC កាលពីថ្ងៃទី៦ ខែមិថុនា បញ្ជាក់ថា ឥណ្ឌា​ក្លាយជាប្រទេសទី៦​នៅលើពិភពលោក​ដែល​ឆ្លងកូវីដ១៩​ជាងគេ គឺវ៉ាដាច់​ប្រទេស​អ៊ីតាលីដែលឆ្លង​ខ្លាំង​នាពេលកន្លងមកនោះទៅទៀត ។ ឥណ្ឌា​មានអ្នកជំងឺ​កូវីដ​១៩​បាត់បង់ជីវិត​កើនឡើង​ ៦ ៦៤៩ នាក់ហើយ ខណៈនៅជុំវិញពិភពលោក ស្លាប់កើនដល់ ៤០១ ៦០៧ នាក់ ។ 

ប្រភពគេហទំព័រ Worldometers បានផ្សាយ​កាលពីថ្ងៃទី​៧ ខែមិថុនា ឆ្នាំ២០២០ថា វីរុស​កូវីដ​១៩ មកដល់ពេលបច្ចុប្បន្ននេះ ឆ្លងលើមនុស្សសរុបជុំវិញពិភពលោក ៦ ៩៦៦ ៤៩៥ នាក់ ។ ប៉ុន្តែក្នុងចំណោមទាំងនោះជាង​៣,៤លាននាក់បានជាសះស្បើយផងដែរ ។ អាមេរិក​ឆ្លងកូវីដ​១៩ច្រើនបំផុត ជាង១,៩ លាននាក់, ប្រេស៊ីល ឆ្លង ៦៧៣ ៥៨៧​នាក់, រុស្ស៊ី ឆ្លង ៤៥៨ ៦៨៩ នាក់,​ អេស្ប៉ាញ ឆ្លង​២៨៨ ៣៩០ នាក់, អង់គ្លេស ឆ្លង ២៨៤ ៨៦៨ នាក់ ឥណ្ឌា ២៤៦ ៦២២នាក់... ។

សូមជម្រាបជូន​ថា វីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ​១៩ (COVID-19) ផ្ទុះឡើងដំបូងគេនៅ​ក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាល​របស់ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០១៩ ។ តាមការផ្សាយរបស់ប្រភព Wikipedia អះអាងថា វីរុសនេះ​ឆ្លងរាតត្បាតដល់ដែនដី និងប្រទេស២៩៩​ជុំវិញពិភពលោក ។ អង្គការសុខភាព​ពិភពលោក ឬ WHO មិនទាន់​បញ្ជាក់​ផ្លូវការណាមួយថា វីរុសកូវីដ​១៩នេះ មានថ្នាំព្យាបាលជាក់លាក់ ឬវ៉ាក់សាំង​បង្ការនៅឡើយទេ ៕ ប្រែសម្រួលដោយ៖ thach yat 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស