SaroeunPheara

· 2020-06-09

ស្ត្រីម្នាក់ត្រូវបានបាញ់សម្លាប់នៅក្នុងជម្លោះដីធ្លីនៅខេត្ត Lamphang

#ខេត្ត Lamphang# #បាញ់សម្លាប់# #ដីធ្លី# #សង្គម# #ព័ត៌មានសង្គម#

2436

ប៉ូលិសនៅក្នុងតំបន់ Ko Kha នៃខេត្ត ​Lamphang បាននិយាយកាលពីថ្ងៃអង្គារថា អ្នកនយោបាយក្នុងស្រុកម្នាក់បានបាញ់សម្លាប់ស្ត្រីម្នាក់ខណៈពេលកំពុងឈ្លោះប្រកែកជាមួយនាងជុំវិញបញ្ហាការលក់ដីមួយកន្លែងកាលពីយប់ថ្ងៃចន្ទ។ ​

ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែលជា ៩ និង ៣០នាទីយប់នៅផ្ទះមួយនៅក្នុងភូមិ​ Mae Pum Luang ក្នុងឃុំ​ tambon Mai Pattana ស្រុក​Ko Kha ។ យោងតាមសាក្សីបាន​ឱ្យដឹងថាអ្នកស្រី Nian Futhima អាយុ ៥៦ ឆ្នាំ មានប្តីឈ្មោះ Boonruang អាយុ ៥៩ឆ្នាំកំពុងអង្គុយលើគ្រែឫស្សីមួយនៅខាងក្រោយផ្ទះ។ លោក Sawat Khammuangchai អាយុ ៦២ ឆ្នាំជាអតីតអនុប្រធានអង្គការរដ្ឋបាលមូលដ្ឋានបានដើរចេញពីផ្ទះរបស់គាត់ដើម្បីចូលរួមជាមួយពួកគេ។ ប្តីរបស់ស្រ្តីរងគ្រោះបាននិយាយថា«លោក Sawat និងភរិយារបស់ខ្ញុំបានចាប់ផ្តើមឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង។ នៅពេលខ្ញុំ​កំពុង​ស្ថិតនៅចម្ងាយឆ្ងាយពីពួកគេតែមួយភ្លែតសោះ ខ្ញុំក៏បានឮសំឡេងកាំភ្លើង។ ខ្ញុំបានងាកទៅរកពួកគេទាំងពីរវិញហើយឃើញថាប្រពន្ធរបស់ខ្ញុំត្រូវបានគេបាញ់ចំកញ្ចឹងកនិងហូរឈាមយ៉ាងខ្លាំង។ នាងបានស្លាប់ភ្លាមៗនៅនឹងកន្លែង»។

លោក Sawat​ ត្រូវបានអ្នកជិតខាងឃាត់ខ្លួនភ្លាមៗ ហើយគាត់បានសារភាពថាគាត់ទប់កំហឹងមិនបានព្រោះជនរងគ្រោះនិយាយប្រមាថមើលងាយគាត់។ តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះ Nian បានទិញដីពីជនល្មើសលោក Sawat ប៉ុន្តែលោក Sawat បានបដិសេធមិនផ្ទេរកម្មសិទ្ធស្របច្បាប់ទៅឱ្យអ្នកស្រី។ លោក Sawat ត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖  Bangkok Post

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)