
SaroeunPheara
· 2020-06-13
ព្រលានយន្តហោះខេត្តភូកេតត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនៅថ្ងៃសៅរ៍ខាងមុខនេះ
#ព្រលានយន្តហោះ# #Thai AirAsia# #អាកាសយានដ្ឋាន# #សង្គម# #ជើងហោះហើរ# #តារាខ្មែរ#
4319
អាកាសយានដ្ឋានខេត្តភូកេតនឹងបើកដំណើរការឡើងវិញនៅថ្ងៃសៅរ៍ បន្ទាប់ពីទទួលបានភ្លើងខៀវពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) កាលពីថ្ងៃសុក្រ។ ទោះជាយ៉ាងណាក្តី គេមិនទាន់ដឹងច្បាស់នៅឡើយទេថាជើងហោះហើរក្នុងស្រុកណាខ្លះនឹងហោះហើរមកភូកេតនៅចុងសប្តាហ៍នេះទេ។ ក្រុមហ៊ុនដឹកអ្នកដំណើររួមទាំងក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia ក៏មានផែនការចាប់ផ្តើមជើងហោះហើរឡើងវិញចាប់ពីថ្ងៃអង្គារផងដែរ។
សេចក្តីប្រកាសកាលពីថ្ងៃសុក្រ បានប្រកាសថាអាកាសយានដ្ឋានអន្តរជាតិភូកេតនឹងបញ្ចូលទៅក្នុងបញ្ជីអាកាសយានដ្ឋានដែលត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការជើងហោះហើរក្នុងស្រុកមានកំណត់ចំនួន និងជើងហោះហើរអន្តរជាតិដែលត្រូវបានអនុញ្ញាតជាពិសេសសម្រាប់អ្នកធ្វើមាតុភូមិនិវត្តន៍ដែលជាប់គាំងនៅក្នុងប្រទេសថៃ។ បើគិតមកដល់ថ្ងៃនេះ ខេត្តភូកេតមិនមានអ្នកឆ្លងជំងឺថ្មីរយៈពេល ១៩ថ្ងៃជាប់គ្នា។ អាជ្ញាធរមូលដ្ឋានបានបើកដំណើរការកោះនិងឆ្នេរទាំងអស់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ កាលពីថ្ងៃសុក្រគណៈកម្មាធិការប្រយុទ្ធនឹងជំងឺឆ្លងនៃខេត្តភូកេតបានរំឮកឡើងវិញអំពីគោលការណ៍រក្សាគម្លាត ដើម្បីការពារមានករណីឆ្លងមេរោគថ្មី។ គួរបញ្ជាក់ផងដែរថា ខេត្តនេះពឹងផ្អែកយ៉ាងខ្លាំងទៅលើវិស័យទេសចរដើម្បីរក្សាសេដ្ឋកិច្ចរបស់ខ្លួនឱ្យរីកលូតលាស់ ប៉ុន្តែក្រោយការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ភូកេតមានការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចដុនដាប។
រូបតំណាង
CAAT បានហាមឃាត់ការហោះហើរក្នុងស្រុកឆ្ពោះទៅនិងមកពីភូកេតចាប់តាំងពីខែមេសាដោយសារតែមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Anutin Charnvirakul បានមានប្រសាសន៍ក្នុងកិច្ចប្រជុំ CAAT កាលពីថ្ងៃសុក្រថា មិនមានហេតុផលណាមួយដែលត្រូវបន្តបិទអាកាសយានដ្ឋានភូកេតនោះឡើយ ព្រោះថាខេត្តនេះមិនមានអ្នកឆ្លងថ្មីក្នុងរយៈពេល ១៩ថ្ងៃកន្លងមកហើយ។ តាមប្រភពបានឱ្យដឹងថា ជើងហោះហើរអន្តរជាតិនៅតែត្រូវបានហាមឃាត់នៅឯព្រលានយន្តហោះថៃទាំងអស់ទូទាំងប្រទេសរហូតដល់ដំណាច់ខែ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok post
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)