វីយូឡុង បែបខ្មែរ

· 2020-07-20

ស្វែងយល់ពីឧបករណ៍វីយូឡា (Viola)

#រឿងនិទាន និងប្រលោមលោក# #វីយូឡុង# #វីយូឡា# #កម្សាន្ត# #អាល់តូ#

14220

សួស្តីមិត្តនៅក្នុងទំព័រត្នោតទាំងអស់គ្នា ។កាលពីអត្ថបទមុនយើងបានស្វែងយល់ខ្លះពីឧបករណ៍វីយូឡុង ថ្ងៃនេះទំព័រ វីយូឡុង បែបខ្មែរ នឹងលើកយកឧបករណ៍ភ្លេងមួយទៀតមកបង្ហាញ។ មិត្តខ្លះក៏ប្រហែលជាធ្លាប់លឺឈ្មោះ វីយូឡា (viola) ពីមុនមកដែរប៉ុន្តែប្រហែលជាមិនទាន់ស្គាល់ពីរូបរាង និងលក្ខណៈរបស់វា។ តោះមកស្វែងយល់ខ្លះជាមួយគ្នា។

១. ប្រភពនៃឧបករណ៍វីយូឡា

វីយូឡាក៏ដូចជាវីយូឡុងដែរ គឺជាឧបករណ៍គ្រឿងខ្សែកូតដែលមានកំណើតពីទ្វីបអឺរ៉ុបប៉ែកខាងកើតដូចគ្នា។

ដោយឡែកប្រទេសខ្លះក៏ហៅឈ្មោះផ្សេងទៀតដូចជាបារាំងហៅថា អាល់តូ(Alto) ដោយយោងទៅលើកម្ពស់សម្លេងរបស់វា។ ក៏ដូចគ្នានឹងវីយូឡុង ដោយវីយូឡាបង្កើតឡើងដោយសារតម្រូវការលេងនៅតាមវិហារគ្រិស្តសាសនាដោយផ្គុំជាមួយគ្រឿងខ្សែផ្សេងៗទៀត។

២. លក្ខណៈពិសេសរបស់វីយូឡា

វីយូឡាក៏មានខ្សែបួនដែរដែលខ្សែទាបជាងគេគឺ ដូ(C) ខ្សែបន្ទាប់ សុល(G) ខ្សែបន្ទាប់ រ៉េ(D) និងខ្ពស់ជាងគេ ឡា(A) ដែលរឹតសម្លេងប្រាំខ្ពស់ជាងគ្នាពីមួយទៅមួយ។ ដោយឡែកវីយូឡាមិនមានទំហំខ្នាតជាក់លាក់ដូចវីយូឡុងទេ ដោយសារយោងទៅតាមសម្លេង និងរូបរាងដែលគេចង់បាននិងសមស្របទៅនឹងមាឌអ្នកលេង តែវីយូឡាធំជាងវីយូឡុង និងសម្លេងក្រអួនទាបជាងវីយូឡុង ហើយលេងដោយដាក់នៅលើស្មាដូចគ្នា។ តែវីយូឡាក៏មានឆាកធំជាង និងធ្ងន់ជាងវីយូឡុងដែរ។ 

  វីយូឡា ធៀបនឹងវីយូូឡុង

៣. ផ្នែកផ្សេងៗនៃវីយូឡា

ដូចគ្នានឹងវីយូឡុងដែរសម្រាប់ការហៅឈ្មោះផ្នែកផ្សេងៗនៃឧបករណ៍នេះ

  • ព្រលួត (tuning pegs, adjuster) សម្រាប់រឹតខ្សែ
  • ខ្ទង់ (fingerboard) សម្រាប់ប្រើម្រាមដៃឆ្វេងចុច
  • ក(neck) សម្រាប់ដាក់មេដៃឆ្វេងពីខាងក្រោម
  • ប្រអប់សំនៀង(body) សម្រាប់ប្រមូលផ្តុំរំញ័សម្លេង
  • យ៉ង(bridge) សម្រាប់បញ្ជូនរំញ័ពីខ្សែទៅប្រអប់សំនៀង
  • ទ្រនាប់ចង្កា(chinrest) សម្រាប់ដាក់ចង្កាគៀបនឹងតួវីយូឡុង
  • Tailpiece សម្រាប់ថ្ពក់ខ្សែពីដើម្បីរឹត
  • F-hole ជារន្ធសម្រាប់បញ្ចេញសម្លេងមកខាងក្រៅតួ
  • ឆាក(bow) សម្រាប់កូត

៤. សម័យនិយមនៃវីយូឡា

នៅក្នុងបទភ្លេងសម័យខ្មែរយើងកម្រនឹងប្រើឧបករណ៍វីយូឡាណាស់ ដោយភាគច្រើនគេប្រើតែក្នុងវង់

អកកេស្ត្រាធំៗ និង String Quartet (ឆែលឡូមួយ វីយូឡាមួយ និងវីយូឡុងពីរដើម)ជាដើម ដោយវីយូឡាជាអ្នកដើរសម្លេងកណ្តាលចន្លោះឆែលឡូនិងវីយូឡុង។ ដោយសម្លេងទាបក្រអួនរបស់វានៅក្នុងវង់អកកេស្ត្រាខ្លះគឺរឹតកាំសម្លេងប្លែកពីកាំសម្លេងស្តង់ដារដើម្បីអោយផ្នែកដែលវីយូឡាលេងមានភាពលេចធ្លោអោយអង្រួនបទភ្លេងកាន់តែពីរោះរណ្តំ។ 

សូមអរគុណរាល់ការតាមដានអត្ថបទពីទំព័រ វីយូឡុង បែបខ្មែរ។ នឹងមកជួបគ្នានៅអត្ថបទក្រោយទៀតជាមួយឧបករណ៍តន្ត្រីសម័យ និងបុរាណឯទៀត។ រីករាយដើមសប្តាហ៍៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស