TNAOT News
· 2020-07-27
សម័យនេះ មានអ្នកកើតឃ្លង់ប៉ុន្មានដែលទទួលការព្យាបាល?
#ឃ្លង់# #ការព្យាបាល# #សុខភាព# #ជំងឺហង់សិន# #ជំងឺ#
10239

ខេត្តកំពង់ចាម ៖ មិនថាក្មេងឬចាស់នោះទេ ឲ្យតែកើតជំងឺហង់សិនដែលពីដើមហៅ (ឃ្លង់) ត្រូវបានគេនាំមកដាក់ព្យាបាលនៅមន្ទីរពេទ្យត្រើង ស្ថិតនៅក្នុងឃុំមៀន ស្រុកព្រៃឈរជាប់នឹងផ្លូវជាតិលេខ៧ ។ តែរហូតមកដល់សព្វថ្ងៃនេះគឺខុសគ្នាយ៉ាងស្រឡះ អ្នកកើតជំងឺនេះ ដោយគ្រាន់មកទទួលយកថ្នាំព្យាបាល ហើយវិលត្រឡប់ទៅរស់នៅក្នុងសហគមន៍វិញ ដើម្បីចៀសវាងកុំឲ្យមានការរើសអើង ។

លោកតា មុិច ឃិន អាយុ៧៦ឆ្នាំ មានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី២៣ កក្កដា២០២០ថា ដើមដំបូងគាត់ចេញរោគសញ្ញាហើមម្រាមដៃម្រាមជើង នៅក្នុងអំឡុងឆ្នាំ១៩៩៣ ក្នុងគ្រានោះត្រូវបានបងប្អូន នាំយកទៅព្យាបាលនៅរាជធានីភ្នំពេញ តែជំងឺមិនបានថមថយទេ ។ លុះមកដល់ឆ្នាំ១៩៩៨ ទើបដឹងថាជាជំងឺឃ្លង់ក៏បានរត់ចេញពីផ្ទះ មកសំងំព្យាបាលនៅមន្ទីរពេទ្យត្រើង ដែលជាកន្លែងព្យាបាលជំងឺឃ្លង់ ។

លោកតាឃិន មានប្រសាសន៍បន្តថា នៅទីនេះគឺមានគ្រូពេទ្យព្យាបាលជំងឺនេះ តែមួយមុខគត់ ។ ដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យបានធ្វើឱ្យជំងឺរបស់គាត់បានចាប់ផ្ដើមជាស្ទើរតែ១០០ភាគរយ ។ ទោះជាបែបនេះក្តី គាត់មិនបានត្រឡប់ទៅរស់នៅផ្ទះនៅក្នុងស្រុកព្រៃឈរវិញទេ គឺបានស្ម័គ្រចិត្តរស់នៅក្នុងមន្ទីរពេទ្យត្រើង ធ្វើជាអ្នកបោសសម្អាតអនាម័យ ។ គាត់មានកូនប្រុសស្រីចំនួន៦នាក់ ។ ក្នុងចំណោមកូនទាំងនោះមិនមាននរណាម្នាក់កើតជំងឺឃ្លង់នោះទេ គឺកើតតែគាត់ម្នាក់ប៉ុណ្ណោះ ។ ជំងឺនេះមុនពេលមកមន្ទីរពេទ្យ គាត់កើតមានដំបៅស៊ីតាមម្រាមដៃម្រាមជើង តែសំណាងបានមករកពេទ្យទាន់ពេល បើពុំនោះ នឹងស៊ីដាច់ម្រាមដៃម្រាមជើងអស់ជាក់ជាមិនខាន ។
មានប្រសាសន៍បណ្ដើរលោកតាទំលាក់ទឹកមុខរាងស្រងូតស្រងាត់ ដោយពោលពាក្យថា«ខ្ញុំមិនទៅនៅផ្ទះវិញនោះទេ ព្រោះសាច់ញាតិមានការរើសអើង ដោយសារតែឃើញគាត់កើតជំងឺឃ្លង់» ។ ក្នុងរដូវបុណ្យទានកូនៗ តែងតែមកលេងគាត់ដល់មន្ទីរពេទ្យ ជូនលុយសម្រាប់ទុកចាយនឹងធ្វើបុណ្យដាក់ទាន ។ រាល់ថ្ងៃបើគាត់មិនដើរទៅឆ្ងាយនោះ មុខរបួសដំបៅជើងដែលជាខ្លះៗហើយមិនអីនោះទេ តែបើបានដើរច្រើន ដំបៅនឹងរើឡើងវិញ ។

លោកតា ជឹង ជឿន អាយុ៨២ឆ្នាំ មានទីលំនៅមិនឆ្ងាយប៉ុន្មានពីមន្ទីរពេទ្យត្រើង មានប្រសាសន៍ឲ្យដឹងថា កាលពីវ័យ១៣ឆ្នាំ ក្នុងគ្រាបួសជាសង្ឃនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ គាត់បានកើតជំងឺឃ្លង់ ។ គាត់ថា ក្នុងគ្រានោះសម័យសង្គមរាស្ត្រនិយម ក៏បានរត់មកមន្ទីរពេទ្យត្រើង នៅក្នុងខេត្តកំពង់ចាម ដើម្បីព្យាបាលជំងឺ ដោយបានបួសរៀនព្រះធម៌នៅវត្តត្រើង បានច្រើនវស្សា ។ លុះមកដល់ឆ្នាំ១៩៦២ ក៏បានសឹករៀបការប្រពន្ធមានកូនរហូតដល់៧នាក់ ។
ជំងឺឃ្លង់បានស៊ីម្រាមជើងរបស់គាត់ ធ្វើឲ្យដៃម្ខាងក្រញ៉ង់មួយចំហៀង មកដល់សព្វថ្ងៃនេះគឺបានជាសះដំបៅអស់ហើយ ។ ក្នុងករណីដំបៅខ្លាំងត្រូវទៅព្យាបាលនៅគៀនឃ្លាំង រាជធានីភ្នំពេញ ។ គាត់រៀបរាប់ថា កូនរបស់គាត់ទាំង៧នាក់ បានបង្កើតកូនរួមទាំងមានចៅនិងចៅទួតសរុបជាង២០នាក់ ក្នុងចំណោមអ្នកទាំងនោះ មិនមាននរណាម្នាក់ កើតជំងឺឃ្លង់ទេ ព្រមទាំងមានសុខភាពល្អទៀតផង ដូច្នេះពាក្យថា ឃ្លង់បន្តពូជគឺមិនពិតទេ ។

លោក ជិន យ៉េន ប្រធានមន្ទីរពេទ្យត្រើង មានប្រសាសន៍ឲ្យដឹងដែរថា កាលពីសម័យសង្គមរាស្ត្រនិយមប្រជាពលរដ្ឋរស់នៅតាមបណ្ដាខេត្ត ដែលកើតជំងឺឃ្លង់ ត្រូវនាំមកព្យាបាលនៅមន្ទីរពេទ្យរបស់លោក ។ ចាប់តាំងពីក្រោយឆ្នាំ១៩៧៩ ប្រជាពលរដ្ឋស្ទើរតែគ្រប់ខេត្តបានមកទទួលសេវាព្យាបាលជំងឺឃ្លង់នៅទីនេះដោយមិនយកកម្រៃនោះទេ ព្រមទាំងមានការយកចិត្តទុកដាក់ពីសំណាក់លោកវេជ្ជបណ្ឌិតគីម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាមផងដែរ ។
លោកប្រធានមន្ទីរពេទ្យត្រើងមានប្រសាសន៍បន្តថា សព្វថ្ងៃថ្នាំដែលប្រើសម្រាប់ព្យាបាលជំងឺឃ្លង់ គឺMDT ដែលព្យាបាលឱ្យអ្នកជំងឺបានជាដាច់ ហើយករណីលាប់ឡើងវិញមានចំនួនតិចតួចបំផុត ។ ជាមួយនោះដោយមានការយកចិត្តទុកដាក់ពីស្ថាប័នក្រសួងសុខាភិបាល និងអង្គការអូរម៉ាល់ ចំពោះអ្នកជំងឺដែលមកទទួលថ្នាំគ្រាប់១បន្ទះ អាចប្រើបានរយៈពេល១ខែ រួមនឹងការព្យាបាលលាងមុខរបួសដំបៅដៃជើង តម្រូវឱ្យអ្នកជំងឺវិលត្រឡប់ទៅរស់នៅ ក្នុងសហគមន៍វិញដើម្បីបញ្ចៀសពីការរើសអើង ។

សព្វថ្ងៃនៅត្រើងនេះ មិនមានដាក់ផ្លាកភូមិត្រើងនោះទេ ដោយនៅមាត់ច្រកចូលខ្លោងទ្វារវត្តត្រើង គឺដាក់មន្ទីរពេទ្យហង់សិន ដើម្បីឲ្យប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរតាមដងផ្លូវ បានឃើញនិងស្គាល់ ។ ចំពោះពាក្យចចាមអារ៉ាមដែលលើកឡើងថាកូនក្រមុំអ្នកត្រើង ដែលមានរូបឆោមស្អាតពេលដែលមានកូនមួយនឹងកើតជំងឺឃ្លង់ នោះជារឿងមិនពិតទេ គ្រាន់តែជាការនិយាយតគ្នា ពីមាត់មួយទៅមាត់មួយតែប៉ុណ្ណោះ ។

លោកថា តាមដែលរូបលោកបានដឹង ចាប់តាំងពីក្រោយឆ្នាំ១៩៧៩ មកដល់សព្វថ្ងៃនេះ ប្រជាពលរដ្ឋដែលកើតជំងឺឃ្លង់ សរុបមានចំនួនប្រមាណមិនដល់១.០០០នាក់ទេ ដែលបានមកទទួលយកសេវាព្យាបាលនៅមន្ទីរពេទ្យហង់សិននេះ ។ អ្នកធ្ងន់ដេកព្យាបាល អ្នកកើតថ្មីៗបានផ្តល់ថ្នាំឱ្យយកទៅព្យាបាល ។ ចំណែកចាស់ៗដែលនៅសល់ពីការព្យាបាលជំងឺឃ្លង់ កំពុងរស់នៅក្នុងភូមិត្រើងសព្វថ្ងៃនេះមានក្នុងរង្វង់ ចន្លោះពី៣០ទៅ៤០នាក់តែប៉ុណ្ណោះ ហើយជំងឺនេះមិនមែនជាប្រភេទជំងឺតពូជពីឪពុកទៅកូននិងចៅនោះទេ សូមកុំយល់ច្រឡំ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Flying Tigers Permanent Exhibition Opens "My Father Was My Hero Too"
កូរ៉េខាងត្បូង ព្រមានចាត់វិធានការផ្លូវច្បាប់ ជុំវិញការឈ្លានពានរបស់យន្តហោះគ្មានមនុស្សបើក ចូលទៅក្នុងកូរ៉េខាងជើង
មួយករណីទៀតហើយ! បាក់រលំដងស្ទូចសំណង់នៅផ្លូវរាមាទី២ ក្នុងខេត្តសាមុតសាខនបណ្តាលឲ្យមនុស្ស០២ នាក់ស្លាប់ និងរបួសជាច្រើននាក់
A Dialogue between Nature and Art: Shell Carving
យោបល់ទាំងអស់ (0)