
Cambo Space
· 2021-07-27
Jeff Bezos នឹងបញ្ចុះតម្លៃឲ្យ NASA «២ពាន់លានដុល្លារ» បើអង្គការនេះព្រមប្តូរការសម្រេចចិត្តវិញ...
#NASA# #បច្ចេកវិទ្យា# #Jeff Bezos# #វិទ្យាសាស្ត្រ# #សហរដ្ឋអាមេរិក#
5567
(វ៉ាស៉ីនតោន)៖ ម្ចាស់ក្រុមហ៊ុនអវកាសឯកជនអាមេរិក Blue Origin គឺកំពូលមហាសេដ្ឋីពិភពលោក លោក Jeff Bezos នៅថ្ងៃចន្ទសប្តាហ៍នេះ បានផ្ញើលិខិតមួយទៅកាន់ទីភ្នាក់ងារអវកាសអាមេរិក NASA ដោយក្នុងនោះលោកបានផ្តល់ការបញ្ចុះតម្លៃរហូតដល់ «២ពាន់លានដុល្លារ» ប្រសិនបើ NASA សម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនលោក អភិវឌ្ឍយានសម្រាប់ចុះចត (lander) នៅលើឋានព្រះចន្ទ។

កាលពីខែមេសា ឆ្នាំ២០២១នេះ កិច្ចសន្យាតម្លៃជិត ៣ពាន់លានដុល្លាររបស់ NASA ស្តីពីការអភិវឌ្ឍប្រព័ន្ធយានសម្រាប់មនុស្ស ចុះចតទៅលើផ្ទៃព្រះចន្ទ គឺត្រូវបានប្រគល់ទៅឲ្យ ក្រុមហ៊ុនអវកាសអាមេរិកមួយទៀតគឺ SpaceX រួចទៅហើយ ក៏ប៉ុន្តែក្រុមហ៊ុន Blue Origin និងក្រុមហ៊ុនទីបី គឺក្រុមហ៊ុន Dynetics មិនសុខចិត្ត ហើយដាក់ពាក្យជំទាស់។

ក្នុងលិខិតផ្ញើទៅកាន់ប្រធានអង្គការ NASA លោក Jeff Bezos បានលើកឡើងថា សំណើខាងលើរបស់លោកនឹងដោះស្រាយនូវបញ្ហាកញ្ចប់ថវិកា ដែលកន្លងមកបានបង្ខំឲ្យទីភ្នាក់ងារអវកាសអាមេរិក ត្រូវជ្រើសរើសយកក្រុមហ៊ុនតែមួយ ជំនួសឲ្យក្រុមហ៊ុនពីរ ដែលនឹងត្រូវប្រកួតប្រជែងគ្នាអភិវឌ្ឍយានអវកាស។

លោក Bezos បានបន្តទៀតថា គុណសម្បត្តិយាន Blue Moon របស់ក្រុមហ៊ុន Blue Origin គឺវាប្រើប្រាស់អ៉ីដ្រូសែនរាវ (liquid hydrogen) ធ្វើជាឥន្ធនៈ ខណៈសារធាតុនេះអាចទាញយកមកពីទឹកកក នៅលើឋានព្រះចន្ទបាន ដែលស្របទៅនឹងគម្រោងរបស់ NASA ផ្ទាល់ គឺប្រើធនធានដែលមានស្រាប់របស់ព្រះចន្ទ ដើម្បីផ្តល់ឥន្ធនៈឲ្យគ្រាប់រ៉ុក្កែត សម្រាប់ប្រតិបត្តិការចេញទៅកន្លែងផ្សេងៗទៀត ក្នុងប្រព័ន្ធព្រះអាទិត្យ។

គួរបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិក កំពុងព្យាយាមបញ្ជូនមនុស្សសាជាថ្មី ទៅកាន់ផ្ទៃព្រះចន្ទ នៅឆ្នាំ២០២៤ តាមរយៈកម្មវិធី Artemis របស់ទីភ្នាក់ងារអវកាស NASA។ Artemis គឺជាការបោះមូលដ្ឋានបន្សាំមនុស្ស ឲ្យស្និទ្ធទៅនឹងបរិស្ថាននៃព្រះចន្ទសិន រួចទើបបោះជំហានបន្តទៅកាន់ភពអង្គារ និងទីអវកាសឆ្ងាយៗដែលអាចទៅរួច៕
ប្រែសម្រួល៖ Cambo Space
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)
暂无评论