
Cambo Space
· 2023-03-12
ផ្កាយរណប NASA ទើបថតបានទិដ្ឋភាពចម្លែកនេះលើភពអង្គារ (មានរូបភាព)
#NASA# #បច្ចេកវិទ្យា# #វិទ្យាសាស្ត្រ# #ភពអង្គារ#
3629
(បរទេស)៖ ទិដ្ឋភាពចម្លែកប្លែកភ្នែកមួយទៀតហើយ ត្រូវបានកាមេរ៉ា HiRISE លើផ្កាយរណបអង្កេតភពអង្គារ MRO របស់អង្គការ NASA ផ្តិតបានពីលើភពក្រហមនោះ កាលពីអំលុងខែវិច្ឆិកា ឆ្នាំ២០២២ ប៉ុន្តែវាទើបត្រូវបានបញ្ចេញនៅក្នុងខែមីនា ឆ្នាំ២០២៣ នេះប៉ុណ្ណោះ។ តើកត្តាអ្វីខ្លះដែលអាចជំរុញឲ្យមាន ទិដ្ឋភាពបែបនេះកើតឡើង?
ជុំវិញទិដ្ឋភាពនេះ ក្រុមអ្នកវិទ្យាសាស្ត្រផ្នែកសិក្សាភពបានពន្យល់ថា «ពួកវាជាពំនូកខ្សាច់រាងមូលៗ នៅលើផ្ទៃភពអង្គារ។ ខណៈដែលតំបន់វាលខ្សាច់ទូទៅ នៅលើភពអង្គារមានសណ្ឋាន និងទំហំដូចៗគ្នានោះ តំបន់ដែលបង្ហាញពំនូកខ្សាច់រាងមូលៗយ៉ាងមានរបៀបបែបនេះ គឺជាទិដ្ឋភាពមិនធម្មតា»។ រូបភាពនេះត្រូវបានថតនៅរយៈទទឹង 42.505 ដឺក្រេ និងបណ្តោយ 67.076 ដឺក្រេ របស់ភពអង្គារ ហើយកាលណោះយាន MRO បានផ្តិតរូបភាពតំបន់ផ្សេងៗគ្នាច្រើន ខណៈរូបពំនូកខ្សាច់នេះ គឺគួរឲ្យចាប់អារម្មណ៍ជាងគេ។

ពំនូកខ្សាច់រាងមូលៗលើភពអង្គារ (រូបភាពពី NASA)
ការប្រមូលរូបភាពកំពុងត្រូវបានប្រើប្រាស់ ដើម្បីតាមដានពីរបៀបដែលចំនួនកាតឹបទឹកកករលាយ និងចុះថយវត្តមាននៅលើផ្ទៃភពអង្គារ នៅពេលដែលភពក្រហមនោះឈានដល់ចុងបញ្ចប់នៃរដូវរងា។ តាមរយៈការសម្លឹងមើលរូបភាពនេះ យើងហាក់ដូចជាមិនឃើញមានវត្តមានទឹកកកឡើយ ខណៈបណ្តុំរូបភាពថតទៅលើតំបន់វាលខ្សាច់ដូចគ្នានេះពីមុន បានបង្ហាញពីវត្តមានទឹកកកគ្របដណ្តប់។

ភពអង្គារ (Mars) (រូបភាពពី NASA)
កាមេរ៉ា HiRISE លើផ្កាយរណប MRO បានថតរូបភាពពំនូកខ្សាច់រាងមូលៗនេះ នៅក្នុងរយៈកម្ពស់ ៣០០គីឡូម៉ែត្រ ពីលើផ្ទៃភពអង្គារ។ គ្រប់គ្រាប់ Pixel នៅក្នុងរូបភាពនេះ តំណាងឲ្យទំហំ ២៥សង់ទីម៉ែត្រ ឬ ៩.៨អ៊ីញ។ វាត្រឹមជាតំបន់មួយក្នុងចំណោមតំបន់ចំនួន ៦០ ដែល MRO បានអង្កេតកន្លងមកប៉ុណ្ណោះ គិតចាប់តាំងពីវាបានទៅដល់ភពអង្គារនៅឆ្នាំ២០០៦ ប៉ុន្តែនេះជាលើកដំបូង ដែលការអង្កេតពំនូកខ្សាច់រាងមូលៗបែបនេះត្រូវបានធ្វើឡើង។

ពំនូកខ្សាច់លើភពអង្គារ (រូបភាពពី NASA)
បើតាមក្រុមអ្នកវិទ្យាសាស្ត្រភពរបស់អង្គការ NASA ដែលបានធ្វើការអង្កេត ស្ថានភាពប្រែប្រួលនៃវាលខ្សាច់ និងពំនូកខ្សាច់លើភពអង្គារ អស់រយៈពេល ១ឆ្នាំនៃអង្គារ (៦៨៧ថ្ងៃនៃពេលវេលាលើផែនដី) បានឲ្យពួកគេយល់ដឹងថា ខ្សាច់ទាំងនោះបម្លាស់ទីលឿនដល់កម្រិតណា។ NASA បានឲ្យដឹងថា តំបន់វាលខ្សាច់លើភពអង្គារ កំពុងរំកិលពីតំបន់សងខាងអេក្វាទ័រទៅរកតំបន់ប៉ូលទាំង ២ នៅក្នុងកម្រិត ១ម៉ែត្រក្នុង១ឆ្នាំ។

យាន MRO (រូបភាពពី NASA)
សម្រាប់វត្តមាននៃពំនូកខ្សាច់មានរាងមូលៗនោះ គឺត្រូវបានក្រុមជំនាញអះអាងថា បណ្តាលមកពីលក្ខខណ្ឌអាកាសធាតុប្រែប្រួល នៅលើភពអង្គារផ្ទាល់។ យោងតាមការអង្កេតរណ្តៅ Lyot Crater មួយទៀតលើភពអង្គារដែលមានមុខកាត់ ២៣៦គីឡូម៉ែត្រ បានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រយល់ដឹងអំពីបាតុភូតបែបនេះ៖ «វាត្រូវបានបង្កឡើងចរន្តខ្យល់បោកបក់ នៅក្នុងរណ្តៅដែលមានភូមិសាស្ត្រស្មុគស្មាញ ឬពិសេស ហើយបានជួយឲ្យគ្រាប់ខ្សាច់ប្រមូលផ្តុំគ្នា ចេញទៅជាទម្រង់ប្លែកៗ មិនខុសពីពំនូកខ្សាច់រាងមូលៗក្នុងរូបរបស់ MRO ឡើយ»។

ពំនូកខ្សាច់រាងមូលៗលើភពអង្គារ (រូបភាពពី NASA)
បាតុភូតខាងលើនេះត្រូវបានអ្នកជំនាញហៅថា «viscous flow features» ហើយការអង្កេតជាប្រចាំលើតំបន់នេះ ក៏បាននាំឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ប្រទះឃើញវត្តមានទឹកកកយ៉ាងច្រើនផងដែរ គ្រាន់តែពួកគេមិនទាន់ដឹងថា តើទឹកកកទាំងនោះមានប្រភពមកពីណានៅឡើយ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា), ប្រភព៖ SPACE (ថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣)
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
កាលពីថ្ងៃទី ១១ ខែកុម្ភៈ ក្រុមកីឡារបស់ចិនដណ្តើមបានមេដាយមាស ៦ ប្រាក់ ៥ និងសំរឹទ្ធ ៥ ចំនួនមេដាយសរុបឡើងដល់ ៧០ បងើ្កតកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា

“កុំ” ទាំង ៥ ត្រូវចងចាំឱ្យបានច្បាស់ ដើម្បីកុំឱ្យជីវិតនេះ ត្រូវជួបរឿងខាតបង់ច្រើនពេក

ការបរិភោគ ស្ពៃក្តោប គឺល្អចំពោះសុខ ភាពខួរក្បាល

ខេត្ត២នៅភាគខាងជើងប្រទេសថៃ រងគ្រោះរញ្ជួយដីកម្រិត ១.៦រ៉ិចទ័រ

全部评论 (0)