
ថ្មីៗ-ThmeyThmey
· 2023-04-14
លោក នេត សាវឿន ឱ្យស្នងការតាមខេត្តពង្រឹងវិធានការទប់ស្កាត់អគ្គិភ័យនៅរដូវប្រាំង
#នេត សាវឿន# #គ្រោះថ្នាក់អគ្គិភ័យ# #សង្គម# #ព័ត៌មានសង្គម#
4545
ករណីអគ្គិភ័យកើតឡើងនាពេលកន្លងមក។
ដោយ: ឡាយ សុភាវតី
បាត់ដំបង៖ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិឱ្យ មន្ត្រីផ្នែកពន្លត់អគ្គិភ័យ និងស្នងការតាមបណ្ដាខេត្ត ឱ្យពង្រឹងបន្ថែមលើវិធានការបង្ការ និងពន្លត់អគ្គិភ័យ នារដូវប្រាំងនេះ ដើម្បីជួយការពារអាយុជីវិតពលរដ្ឋ។ នេះបើតាមសេចក្ដីណែនាំ ស្តីពីការបង្កើនវិធានការបង្ការ និងពន្លត់អគ្គិភ័យក្នុងរដូវប្រាំង។
រៀងរាល់ឆ្នាំភយន្តរាយ បណ្ដាលពីគ្រោះថ្នាក់អគ្គិភ័យ នៅតែកើតមានឡើង ពិសេសនៅរដូវប្រាំង។ ករណីនេះ បង្កមហន្តរាយធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិតមនុស្ស ខូចខាត ផ្ទះសំបែង អគារគ្រប់ប្រភេទ រួមទាំងប៉ះពាល់បរិស្ថាន។ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាពសង្គម កាត់បន្ថយហានិភ័យឱ្យ អគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ឱ្យជំរុញពីរបៀបបង្ការអគ្គិភ័យ។
ក្នុងសេចក្ដីណែនាំទៅមន្ត្រីពន្លត់អគ្គិភ័យ និងស្នងការខេត្ត បញ្ជាក់ថា ក្រុមបង្ការ និងពន្លត់អគ្គិភ័យដែលមានកាតព្វកិច្ចនៅតាមអគារ គ្រឹះស្ថាន និងគោលដៅ គឺត្រូវតម្រូវឱ្យមាន
ប្លង់ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ។ ចំពោះអ្នកគ្រប់គ្រងអគារ គ្រឹះស្ថាន និងគោលដៅ ត្រូវគាំទ្រ ការបំពាក់ឯកសណ្ឋាន សម្ភារៈ ការហ្វឹកហ្វឺនអំពីជំនាញបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះសម្រាប់ ជាជំនួយដល់ការពន្លត់ និងសង្គ្រោះបឋមក្នុងហេតុការណ៍អគ្គិភ័យ។
ជាមួយគ្នាដែរ ត្រូវចាត់តាំងរៀបចំប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ ឱ្យបានទៀងទាត់
ដើម្បីបញ្ជ្រាបការយល់ដឹងអំពីគ្រោះមហន្តរាយ ដែលបណ្តាលមកពីអគ្គិភ័យ និងវិធានការ បង្ការ អគ្គិភ័យឱ្យបានទូលំទូលាយដល់សាធារណជនទូទៅ។ លើសពីនេះ ត្រូវបង្ហាញជាក់ស្ដែង អំពីនីតិវិធី និងវិធីសាស្ត្រនៃការពន្លត់អគ្គិភ័យតាមបែបបុរាណ បច្ចេកទេសនៃការប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យគ្រប់ប្រភេទ។ មន្ត្រីពន្លត់អគ្គិភ័យ និងស្នងការតាមខេត្ត ត្រូវចុះផ្សព្វផ្សាយ ក្រើនរំលឹកតាមខ្នងផ្ទះប្រជាពលរដ្ឋ និងគោលដៅងាយរងគ្រោះ ដើម្បីឱ្យមានការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការបង្ការ និងពន្លត់អគ្គិភ័យ។ ចំពោះ ការតភ្ជាប់ចរន្តអគ្គិសនី ប្រើប្រាស់គ្រឿងអេឡិចត្រូនិក ភ្លើងចង្ក្រាន ទៀនធូប រួមទាំងការដុតសំរាម ស្មៅ ដុតព្រៃចាប់សត្វយកឃ្មុំ ដែលបង្កឱ្យមានអគ្គិភ័យកើតឡើង ត្រូវពន្យល់ណែនាំដល់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នផងដែរ។
លោក នេត សាវឿន ក៏បានណែនាំពី វិធីសាស្ត្របែបបុរាណក្នុងការពន្លត់អគ្គិភ័យ តាមគេហដ្ឋាននីមួយៗ ត្រូវមាន ភួយ បាវ ឬក្រណាត់ជក់ទឹក សម្រាប់ប្រើប្រាស់ពេលមានអគ្គិភ័យកើតឡើង។ រីឯ វិធីសាស្ត្របែបសម័យទំនើប ត្រូវត្រៀមបម្រុងនូវ បំពង់ពន្លត់ អគ្គិភ័យគ្រប់ប្រភេទ បាល់ពន្លត់អគ្គិភ័យ សារធាតុផ្សំពីទឹក កួយពន្លត់អគ្គិភ័យ ម៉ូទ័រ ឬម៉ាស៊ីនបូមទឹកចល័ត។ មន្ត្រីផ្នែកពន្លត់អគ្គិភ័យ និងស្នងការខេត្ត ត្រូវហ្វឹកហ្វឺនកម្លាំងជាប្រចាំរៀងរាល់សប្តាហ៍ ដើម្បីរំលឹកបច្ចេកទេស និងលើកកម្ពស់សមត្ថភាពស្ទាត់ជំនាញ
ក្នុងការពន្លត់អគ្គិភ័យ និងពង្រឹងកាយសម្បទារឹងមាំ រហ័សរហួន ដើម្បីធានាដល់កិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យ និងសង្គ្រោះឱ្យមានស័ក្ដិសិទ្ធភាព៕
ប្រភពដើម៖ ThmeyThmey
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)