发布作品

简体中文

រឿងនិទានខ្មោចពិត

· 02-19

រឿងខ្មោចបំពេរកូន

#រឿងនិទាន និងប្រលោមលោក# #កម្សាន្ត# #រឿងខ្មោច#

1070

កាលនោះជីវភាពខ្ញុំ​លំបាកណាស់ គ្រួសារ​ខ្វះខាត​ណាស់​ ខ្ញុំ​បាន​ដើរ​ស៊ីឈ្នួល​តាមចំការ​គេ​ ទោះជា​ការ​ងារ​អ្វី​ក៏មិនរើស​ដែរ សូម្បី​តែមិនចេះដកសំណាប មិនចេះស្ទូង ក៏​កើតជា​ចេះដែរ ។ ខែច្រូតសៀងបាន​មកដល់​ ខ្ញុំ​បាន​ទៅ​សុំ​ការ​ងារ​គេ​ជា​កម្មករ​ច្រូត​សណ្ដែកសៀង ដោយក្នុង​មួយ​ថ្ងៃ​ទទួលបាន​ ៨ពាន់រៀលទេ ខ្ញុំ​ច្រូត​២ថ្ងៃទើបរួច​ការ​ងារនេះ នៅ​ពេល​ប្រមូលដើម​សណ្ដែក​សៀង​គរជាពំនូករួចរាល់ ម្ចាស់​ចំការ​ក៏សួរ​ពួកខ្ញុំ​៖

-      មានអ្នកណា ចង់​ទទួលម៉ៅបោកសណ្ដែកសៀងអត់? បើមាន​មកចចារតម្លៃ​បាន​

ភ្លាមៗ ខ្ញុំក៏​បានជំនុំគ្នា​ថារកគ្នាបាន​៦នាក់ ដើម្បី​ម៉ៅបោកសណ្ដែកសៀង ខ្ញុំក៏តបទៅ​វិញ

-      ខ្ញុំ​ម៉ៅបង ប៉ុន្ដែខ្ញុំសុំមួយពំនូក ៦ម៉ឹនរៀលបង

-      ឥលូវ​ ៥ម៉ឺនរៀលបានហើយ ចាំខ្ញុំហ្វី្រអាតយ(ទឹកត្នោតជូរ) ឱ្យមួយកាន

គ្នាខ្ញុំផ្សេងទៀត ក៏យល់ព្រម ខ្ញុំក៏យល់ព្រមតាម ។

ពួកខ្ញុំរង់ចាំដល់ម៉ោង៣រសៀល ទើបគោយន្ដ​ម៉ាស៊ីនបោកសណ្ដែកសៀង​មកដល់ ពួកខ្ញុំក៏ឆ្លាស់គ្នា ឡើង​ម្ដង៣នាក់ ដើម្បីកុំឱ្យហត់​ ពួកខ្ញុំបោកពីមួយពំនូក ទៅមួយពំនូក រហូតដល់​ម៉ោង​៧យប់ ទើបរួចរាល់ ខ្ញុំក៏សម្រាកបន្ដិច ដើម្បីឲ្យស្ងួតញើស រួចក៏ទៅមុជទឹក នឹងអាលមកហូបបាយជុំ​គ្នា ប៉ុន្ដែដទៃទៀត គេនាំគ្នាដាក់អាតយបាត់ហើយ ចំពោះខ្ញុំ ខ្ញុំមិនចេះផឹកទេ(ស្រាក៏មិនចេះ អាតយរិតតែមិនចេះ)

-      គ្នាយើង ទៅមុជទឹកសិនទៅ នឹងអាលហូបបាយជុំគ្នា

-      មិនអីទេ! ផឹកសិនហើយ មុជតាមក្រោយទៅ បើគ្មានប្រពន្ធឱ្យឯណាផង

-      កុំច្រអូសពេក ទោះគ្មានប្រពន្ធឱ្យ​ តែមិនធំក្លិនញើសទេ

-      អើ! ៗ ចាំទៅមុជក៏បាន

ក្រោយពីមុជទឺករួចរាល់ពួកខ្ញុំបានហូបបាយជុំគ្នា យ៉ាងសប្បាយ ព្រោះម្យ៉ាង ម៉ៅបាន​៥ពំនូកដែរ អ៊ីចឹងក៏បានម្នាក់ៗក្រែលៗដែរ តែប៉ុន្ដែខ្ញុំអាចទិញអង្ករបានច្រើន​ដាក់នៅផ្ទះហើយ ។

ខណៈពេល​ហូបបាយរួចរាល់ម៉ោង អ្នកដទៃបន្ដផឹករហូតដល់ម៉ោងជាង១២អាធ្រាត្រ ព្រោះត្រូវនៅយាមសណ្ដែកសៀងដែលបោកហើយផង ខ្ញុំដេកមិនលក់សោះ ព្រោះតែមកដេកកណ្ដាលព្រៃ ស្ងាត់ហើយ ខ្យល់ត្រជាក់ ល្ហៀកៗ មិនអារម្មណ៍ថាដូចស្រៀវឆ្អឹងខ្នងម៉េចទេ គិតមិនទាន់ផុតផង ស្រាប់តែឮសម្លេងល្វើយៗ ដូចជាមនុស្សស្រីបំពេកូន ខ្ញុំក៏សួរទៅគ្នីគ្នា៖

-      នែៗ! ហែងបានឮសម្លេងអីអត់?

-      សម្លេងស្អី! អានេះសង្ស័យតែខ្លាចខ្មោចទេដឹង?

-      យី!អារបល់យ៎នេះ អញមិនខ្លាចទេខ្មោច ហែងដឹងស្រាប់ហើយតើ ប៉ុន្ដែសម្លេងនេះ ដូចគេបំពេកូន

-      បំពេរកូន ? ស្អីហា នៅកណ្ដាលព្រៃមានផ្ទះគេឯណា? បើមាន មានតែខ្មោច !

-      មើលវានិយាយ អញចង់និយាយថាខ្មោចហ្នឹងឯង!

-      ឥលូវទុកអញទៅមើល បើខ្មោចមែនចាំអញចាប់ឲ្យហែងមើល

អាធាវាដើរទៅរក តាមសម្លេង ប៉ុន្ដែមានវាតែទូរស័ព្ទចុចពិលមួយទេ វាទៅបាត់ៗ ឈឹង ខ្ញុំកើតចិត្តបារម្ភ ក៏ប្រាប់អ្នកផ្សេងៗ

-      នែ អាធាទៅយូរហើយ អត់ឃើញវាមកវិញសោះ

-      សង្ស័យតែវាស្រវឹងសន្លប់បាត់តាមផ្លូវទេដឹង

-      តោះ នាំគ្នាទៅមើលវា

ពួកខ្ញុំបានដើរតាមសម្លេង ដែលឮដូចបំពេរកូននោះ ខ្យល់បក់ល្ហៀកៗ ផ្សំសម្លេងបំពេគ្រលួច ហ៊ឺ!...និយាយពីអារម្មណ៍នៅពេលនោះ គឺពិតជាពិបាកប្រាប់ណាស់ ទោះជាខ្ញុំមិនខ្លាច តែរោមនៅបះ ហើយស្រៀវៗដែរ ខណៈពេលដើរ​បានប្រហែលជា៣០០ម៉ែត្រពីកន្លែងយាមសណ្ដែក ស្រាប់តែឃើញអាធាដេកតាមផ្លូវ

-      នោះ អញថាហើយ អាធាវាស្រវឹងសន្លប់តាមផ្លូវទេ គ្មានខ្មោចខ្មាំងអីទេ

-              អាធា ៗ (ខ្ញុំដាស់វា ពេលបញ្ចាំងពិលទៅឃើញ សក់ក្បាលវាឡើងសំពោង ភ្នែកវាឡើងពណ៌ស ខ្ញុំជាក់ច្បាស់ វាមិនមែនស្រវឹង សន្លប់ទេ ខ្ញុំក៏ងើយទៅមើលលើដើមឈើ​មួយក្បែរនោះ​​ ស្រាប់តែឃើញ​មនុស្សស្រីស្លៀកពាក់ស សវែងទំលាក់គ្របមុខជិត​ អង្គុយសំយុងជើង លើមែកឈើ និងដៃយោលអង្រឹងមួយ គ្រាន់តែឃើញភ្លាម ខ្ញុំភ្ញាក់ព្រឺត ងាកហៅគ្នីគ្នាឲ្យមើល ស្រាប់តែបាត់មនុស្សអស់​ ពេលនោះ​ខ្ញុំបានដឹង​ថា គេបាន​ឃើញមុនខ្ញុំទៀត ហើយម្នាក់ៗអួតណាស់ ចុងក្រោយ រត់ចោលឯងបាន ខ្ញុំ​មិនបានរត់ទៅណារួចទេ បើអាធាវាសន្លប់បាត់ហើយ ទោះជាខ្លាចក៏ត្រូវតតាំងសិនដែរ ខ្ញុំក៏ស្រែកប្រាប់ខ្មោចថា៖

-              ខ្ញុំមកទីនេះមិនមែនមករំខានអ្នកទេ ខ្ញុំគ្រាន់តែមកធ្វើការឱ្យគេទេ ហេតុនេះកុំធ្វើបាបខ្ញុំ​អី ម្យ៉ាងខ្ញុំនឹងអ្នកគ្មានគំនុំ ឬកម្មពារអីទេ (ខ្ញុំគ្រាន់តែនិយាយចប់ ស្រាប់តែខ្យល់យ៉ាងខ្លាំងបក់មក សម្លេងថ្ងូររហ៊ឹសពេញព្រៃ) ខ្មោចនោះស្រាប់តែ​ស្ទុះ​ហក់​មករកខ្ញុំ​ ខ្ញុំបានបិទភ្នែក​ ហើយងាក​ខ្នងចេញ​ វាបុកខ្ញុំឡើងដួលផ្កាប់មុខ ភ្លាមៗ ខ្ញុំស្ទុះងើបដោយតាំងចិត្តថា នឹងតតាំង​ឲ្យឈ្នះ​វា​ឲ្យបាន​ តែហាក់​ដូចមាន​កម្លាំងអ្វីមួយ​មកសង្កត់ខ្ញុំជាប់​ ខ្ញុំរើមិន​រួចសោះ ខ្ញុំពិត​ជា​អស់​សង្ឃឹម នៅ​តែតាំងចិត្ត​ហើយ រឹងមាំហើយ តែមិនអាចធ្វើអ្វីបាន ​ខ្ញុំក៏បិទភ្នែក និង​រំឮកដល់​គុណមាតាបិតា ហើយផ្សងថា ទឹកដោះម៉ែថ្លៃ ជួយកូនឲ្យ​រួច​ផុតពីគ្រោះនេះផង ស្រាប់តែឮ​សម្លេងមនុស្ស៤-១០នាក់ ហៅរកខ្ញុំ ព្រមទាំងមានភ្លើងពិលឆ្វេចឆ្វាច​ ផង ខ្មោចនោះស្រាប់តែបាត់​រលាយភ្លាមៗ ។សម្លេងទាំងនោះគឺក្រុម​អ្នកដឹកសណ្ដែកមកដល់ ពេលនោះខ្ញុំទើបដឹងថា មេឃទាបភ្លឺទៅហើយ ពិតជាសំណាងណាស់​ ។ ក្រោយហេតុការណ៍បានកើតឡើង ខ្ញុំបាន​ប្រាប់រឿងរ៉ាវទាំងអស់​នេះដល់សាច់ញាតិ និង​អ្នកភូមិ ហើយគ្រប់គ្នា ពេលឆ្លងកាត់ទីនោះ មិនដែលហ៊ាននៅយូរទេ ព្រោះតែខ្មោចនោះនៅតែបំពេកូនរាល់យប់ និងពេលខ្លះសូម្បីតែពេលថ្ងៃត្រង់ ។

តាមដាន តេឡេក្រាម  -ហ្វេសប៊ុក -TIKTOK -YOUTUBE -Instagram -ត្នោតអេប -ប្លក់

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (1)

កូដណែនាំ 91815366

· 02-25

😲😲

  • 1
前往