发布作品

简体中文

TNAOT News

· 昨天

ប្រមុខរដ្ឋស្ដីជំរុញឲ្យកម្ពុជា និងរុស្ស៊ី ធ្វើការងារជាមួយគ្នាបន្ថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគ

#កម្ពុជា និងរុស្ស៊ី# #សម្ដេចតេជោ ហ៊ុន សែន# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម# #ពាណិជ្ជកម្ម និងវិនិយោគ#

3332

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា ជំរុញឲ្យកម្ពុជា និងរុស្ស៊ីគួរតែយកចិត្តទុកដាក់ធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន ជំរុញដូចនេះក្នុងឱកាសទទួលជួបសម្ដែងការគួរសម ជាមួយឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាង ប្រទេសកម្ពុជា និងរុស្ស៊ីដែលមានភាពល្អប្រសើរ និងជាទំនាក់ទំនងយូរអង្វែង ហើយក្នុងអាណត្តិរបស់ឯកឧត្តមបំពេញបេសកកម្មការទូតក្នុងប្រទេសកម្ពុជានេះ គឺបានរួមចំណែកដល់ការអភិវឌ្ឍនូវទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ 

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយសម្ដេចចង់ឃើញនូវសេដ្ឋកិច្ច ពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានការកើនឡើងផងដែរ ដោយបច្ចុប្បន្ននេះមានតែ២៩លានដុល្លារទេ ដែលមិនទាន់សមស្របទៅនឹងសក្តានុពលសេដ្ឋកិច្ច ឬទំនាក់ទំនងនយោបាយ នៃប្រទេសទាំងពីរនៅឡើយទេ ដែលភាគីទាំងពីរគួរតែយកចិត្តទុកដាក់ធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត Anatoly Borovik បានលើកឡើងអំពីវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺមានប្រមាណចំនួន២៩លានដុល្លារ ហើយឯកឧត្តមក៏បានរំលេចនូវជំនួយដល់កម្ពុជាដោយរុស្សីផងដែរ គឺការជួយដល់វិស័យអប់រំ ដោយក្រោយពីរបបប្រល័យពូជសាសន៍មក រុស្ស៊ីបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសរុស្សីជាបន្តបន្ទាប់ ដែលមកដល់ពេលនេះមានជាង៨ពាន់នាក់ ដែលជាមោទនភាពក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ ក្នុងនោះក៏មានវិស័យវប្បធម៌ផងដែរ។

គួរឲ្យដឹងដែរថា ក្នុងឱកាសខួប៧០ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងរុស្សី ក្នុងឆ្នាំ២០២៦ខាងមុខនេះ ប្រទេសទាំងពីរ ជាពិសេសប្រទេសរុស្ស៊ីបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើកិច្ចការងារជាមួយភាគីកម្ពុជា ក្នុងការពង្រីកទំនាក់ទំនងឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕

សម្រួលអត្ថបទដោយ៖ ផល្លីកា

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)

暂无评论