发布作品

简体中文

Cambo-China

· 03-17

រដ្ឋមន្ត្រីក្រសួងធនធានទឹកចិន ធ្វើទស្សនកិច្ចស្ថានីយផ្គត់ផ្គង់ទឹកស្អាត នៅខេត្តកណ្តាល

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

2434

រដ្ឋមន្ត្រីក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន លោក Li Guoying បានធ្វើទស្សនកិច្ចគម្រោងស្ថានីយផ្គត់ផ្គង់ទឹកស្អាត Sweet Springs ក្នុងខេត្តកណ្ដាល ខណៈគម្រោងផ្គត់ផ្គង់ទឹកស្អាត Sweet Springs Water Supply Project នេះ ត្រូវបានអនុវត្ត ក្រោមជំនួយរបស់រដ្ឋាភិបាលចិន។

ដំណើរទស្សនកិច្ចនៅស្ថានីយផ្គត់ផ្គង់ទឹកស្អាត គឺធ្វើឡើងនៅក្នុងភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល របស់រដ្ឋមន្ត្រីក្រសួងធនធានទឹកចិន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ត្រូវបានទទួលស្វាគមន៍ដោយ ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម។កម្មវិធីទស្សនកិច្ចក្នុងឱកាសនេះ ឯកឧត្តម អាន ពេជ្រ ហត្ថដា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម Li Guoying និងគណៈប្រតិភូដែលអញ្ជើញមកកាន់ទីតាំងគម្រោងដោយផ្ទាល់ និងបានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាលកម្ពុជា និងចិន។ 

ឯកឧត្តម បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះបានផ្តល់ឱកាសសម្រាប់គណៈប្រតិភូទាំងពីរ ចែករំលែកបទពិសោធន៍នៃការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើនប្រសិទ្ធភាពការផ្គត់ផ្គង់ទឹក ព្រមទាំងទទួលស្គាល់លទ្ធផលការធ្វើតេស្តបញ្ជាក់ពីគុណភាពទឹក ដើម្បីធានាបាននូវសុវត្ថិភាពទឹកសម្រាប់បរិភោគ ហើយបានជួបជាមួយសហគមន៍មូលដ្ឋាន ដើម្បីពិភាក្សាអំពីអត្ថប្រយោជន៍នៃគម្រោង និងការចូលរួមរបស់សហគមន៍។លោកបានបន្ថែមថា គម្រោងផ្គត់ផ្គង់ទឹកស្អាត Sweet Springs Water Supply Project មានគោលបំណងសំខាន់ៗមួយចំនួនដូចជា៖ ការធានាការផ្គត់ផ្គង់ទឹកប្រកបដោយសុវត្ថិភាព និងអាចទុកចិត្តបាន ការកែលម្អសុខភាពសាធារណៈ ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការលើកកម្ពស់និរន្តរភាពបរិស្ថាន និងការពង្រឹងភាពធន់នឹងអាកាសធាតុ។

គួរឲ្យដឹងដែរថា គម្រោងផ្គត់ផ្គង់ទឹកស្អាត Sweet Springs Water Supply Project នេះ ត្រូវបានអនុវត្ត ក្រោមជំនួយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម (MOWRAM) គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (CNMC) និងមជ្ឈមណ្ឌលទឹក Lancang-Mekong ដោយមានប្រព័ន្ធចម្រោះទឹកអាចបម្រើដល់ការប្រើប្រាស់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋ ៣១៧ គ្រួសារ (១៣៩៥ នាក់) រួមទាំងសាលារៀន និងវត្តអង្គស្លែង។

គម្រោងនេះ ក៏បានប្រើបច្ចេកវិទ្យា Ultrafiltration ដែលធានាបាននូវទឹកអាចបរិភោគបានដែលមានសុវត្ថិភាព ១០០% សម្រាប់សហគមន៍៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)