发布作品

简体中文

TNAOT News

· 04-04

ឃាត់ខ្លួនជនជាតិកាមេរ៉ូនម្នាក់ ក្រោយជំរិតទារប្រាក់ពីស្រ្តីជនជាតិឡាវជិត ២០ម៉ឺនដុល្លារ

#ជំរិតទារប្រាក់# #NEW NEWS# #សង្គម# #ជនជាតិកាមេរ៉ូន# #ព័ត៌មានសង្គម#

3580

កម្លាំងនាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានចាប់ខ្លួនជនជាតិកាមេរ៉ូនម្នាក់ ក្រោយជំរិតទារប្រាក់ពីស្រ្តីជនជាតិឡាវជិត២០ម៉ឺនដុល្លារ ហើយបក្ខពួកមួយចំនួនទៀត បាននិងកំពុងរត់គេចខ្លួន។ 

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលទេសចរណ៍ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ បានឲ្យដឹងថា ករណីបទឆបោក និងចាប់បង្ខាំង (ជំរិតទារប្រាក់) បានកើតហេតុនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងសណ្ឋាគារមួយកន្លែងដែលមានឈ្មោះ NOUTTHAVONG KHOUN ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិឡាវ។ ដោយឡែកជនល្មើសដែលត្រូវកម្លាំងនគរបាលចាប់ខ្លួនមានឈ្មោះ ASHU GEORGE EBOT ជនជាតិកាមេរ៉ូន (CAMEROON)។

របាយការណ៍របស់នាយកដ្ឋាននគរបាលទេសចរណ៍ បានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ស្ត្រីជនជាតិឡាវរូបនេះ បានប្រគល់លុយសុទ្ធចំនួន ១០០,០០០ ដុល្លារ ឱ្យទៅបុរសជនជាតិស្បែកខ្មៅម្នាក់ ដែលស្ត្រីរងគ្រោះ អះអាងថា ជាសង្សាររបស់ខ្លួន និងបក្ខពួក ដើម្បីយកទៅទិញឡានចំនួន២គ្រឿង នៅសណ្ឋាគារ POULO WAI HOTEL & APARTMENT សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។ ក្រោយពីបានទទួលប្រាក់ ហើយ ស្ត្រីរងគ្រោះព្យាយាមទំនាក់ទំនងទៅបុរសដែលជាសង្សាររបស់ខ្លួនទៀត ប៉ុន្តែមិនអាចទាក់ទងបាននោះទេ។ 

ក្រោយមកមានបុរសម្នាក់ឈ្មោះ MIMBANG ROMEO AYUK ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិកាមេរ៉ូន (CAMEROON) បានទាក់ទងមកស្ត្រីរងគ្រោះ ដោយប្រាប់ថា បុរសជាសង្សាររបស់ខ្លួនត្រូវបានប៉ូលីសចាប់ខ្លួន និងបានប្រាប់ឱ្យស្ត្រីរងគ្រោះរកលុយមកលោះចំនួន៧០,០០០ដុល្លារ ដើម្បីមកលោះបុរសជាសង្សាររបស់ខ្លួនពីកន្លែងប៉ូលីស។

ស្ត្រីរងគ្រោះបានឆ្លើយតបថា គ្មានប្រាក់ចំនួន៧០,០០០ដុល្លារ ទេ ស្រាប់តែជនសង្ស័យឈ្មោះ MIMBANG ROMEO AYUK បានឱ្យស្ត្រីរងគ្រោះយកប្រាក់ចំនួន៥០,០០០ដុល្លារ ដោយបានផ្ញើរូបភាពសង្សារជាប់ខ្នោះ តាមបណ្តាញទំនាក់ទំនងសង្គម (Telegram)។ តែតាមពិតក្រុមជនល្មើសទាំងនេះបានប្រឌិតរឿងទាំងអស់ថា សង្សាររបស់នាងត្រូវចាប់ខ្លួន ដោយធ្វើជាដាក់ខ្នោះសង្សាររបស់នាង ដើម្បីភូតនាងប៉ុណ្ណោះ។ 

បន្ទាប់មកជនសង្ស័យឈ្មោះ MIMBANG ROMEO AYUK បានឱ្យស្រ្តីរងគ្រោះណាត់ជួប ដើម្បីប្រគល់ប្រាក់ដោយឱ្យជនសង្ស័យឈ្មោះ ASHU GEORGE EBOT មកទទួលប្រាក់ជំនួសមុខឱ្យឈ្មោះ MIMBANG ROMEO AYUK នៅហាងភោជនីយដ្ឋានតន្ត្រីភ្នំមាស៩៩ ផ្លូវលេខ៤៣០ កែង៥០២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានតែម្តង ក្រោមការបញ្ជារប​ស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការសម្របសម្រួលពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។ 

សម្រាប់ជនល្មើសរូបនេះ ​ត្រូវបាន​នាយកដ្ឋាន​នគរបាល​ទេសចរណ៍​ ចាប់បញ្ជូន​ទៅ​សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥។ សូមបញ្ជាក់ថា ឧក្រិដ្ឋជនរូបនេះ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្លាប់បានឃាត់ខ្លួនម្តងហើយ បន្ទាប់ពីបានទទួលបណ្តឹងពីជនរងគ្រោះពីបទ «ឆបោក និងលួចមានស្ថានទម្ងន់ទោស និងកំហែងយកមានស្ថានទម្ងន់ទោស» នៅក្នុងខណ្ឌជ្រោយចង្វារ នៅក្នុងទំហំទឹកប្រាក់ប្រមាណ៣៥ម៉ឺនដុល្លារ តែជនរងគ្រោះបានផ្ញើឲ្យពួកគេជិត៣០ម៉ឺនដុល្លារ ផងដែរ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)