
TNAOT News
· 04-05
«សង្ក្រាន្តវត្តភ្នំ» ឆ្នាំ២០២៥ នឹងនាំយកកម្មវិធីកម្សាន្តសប្បាយៗគ្រប់ទម្រង់ និងឧបករណ៍សិល្បបុរាណខ្មែរ ជូនភ្ញៀវទេសចរណ៍ទស្សនា
#ពិធីបុណ្យចូលឆ្នាំថ្មី# #សង្ក្រាន្តវត្តភ្នំ# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#
4169
នៅសល់ជាងមួយសប្តាហ៍ទៀត ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៥ នឹងឈានចូលមកដល់ ដោយប្រជាជនខ្មែរនៅទូទាំងប្រទេសកម្ពុជាតែងតែប្រតិបត្តិ និងរៀបចំតាមទំនៀមទំលាប់ប្រពៃណីខ្មែរជារៀងរាល់ឆ្នាំ។ នៅក្នុងឆ្នាំនេះទៀតសោធ៍ថ្នាក់ដឹកនាំនៅតាមបណ្តារាជធានី ខេត្ត-ក្រុងនីមួយៗកំពុងមមាញឹករៀបចំកម្មវិធីសង្ក្រាន្តក្នុងមូលដ្ឋានរៀងៗខ្លួនដើម្បីញាំងឲ្យពិធីនេះប្រព្រឹត្តទៅយ៉ាងអធិកអធម ផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ព្រមទាំងរក្សាបាននូវទំនៀមទម្លាប់ប្រពៃណី និងសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់ជាតិថែមទៀតផង។
បើក្រឡេកមើលរាជធានីភ្នំពេញវិញ ក្រុមការងារនៃមន្ទីវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរៀបចំ «សង្ក្រាន្តវត្តភ្នំ» នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នាពេលខាងមុខ ដោយមានការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើន ដូចជាកម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយខ្មែរ (ទាញព្រ័ត បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើមស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងពិព័រណ៌ម្ហូបអាហារខ្មែរ ផលិតផលនិងវត្ថុសិល្បៈវប្បធម៌ខ្មែរ ជាពិសេសមានមកុដអប្សរា និងពិណខ្នាតធំប្រចាំឆ្នាំ ដើម្បីដាក់បង្ហាញទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិសម្រាប់ទស្សនាផងដែរ។
លោក ចម ប៉ុណ្ណាវឌ្ឍ ក្រុមការងារនៃមន្ទីវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ប្រាប់ក្រុមការងារសារព័ត៌មាន TNAOT ថា «គិតត្រឹមថ្ងៃនេះមកុដអប្សរា និងពិណខ្នាតធំប្រចាំឆ្នាំកំពុងសាងសង់ និងត្រៀមរៀបចំតំឡើងជាបណ្តើរៗ ខណៈនៅសល់តែ៣០ភាគរយប៉ុណ្ណោះនឹងរួចរាល់ជាស្ថាពរ ព្រមទាំងធ្វើយ៉ាងណាឲ្យទាន់ពេលវេលានៃពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរថែមទៀតផង»។
លោកបានបញ្ជាក់បន្ថែមថា «គោលបំណងនៃការតាំងបង្ហាញមកុដអប្សរា និងពិណខ្នាតធំនេះឡើងគឺចង់បង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិទស្សនានូវមកុដដែលមានក្បូរក្បាច់រចនាតាមលំនាំបថខ្មែរពីបុរាណ និងអនុញ្ញាតឲ្យសិក្សាស្វែងយល់ពីឧបករណ៍ខ្មែរដែលត្រូវបានប្រើប្រាស់ក្នុងទម្រង់បែបណានៅក្នុងសិល្បៈបុរាណខ្មែរ»។
ជាមួយគ្នានេះដែរ ភ្ញៀវទេសចរណ៍មួយរូបដែលបាននាំកូនតូចៗមកលេងកម្សាន្តនៅក្នុងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ស្របពេលដែលក្រុមការងារដំឡើងកំពុងមមាញឹករៀបចំតុបតែងលម្អរ បានលើកឡើងពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា «ឆ្នាំនេះឃើញការរៀបចំប្លែកជាងឆ្នាំមុនៗ ហើយក្នុងព្រឹត្តិការណ៍«សង្ក្រាន្តវត្តភ្នំ» រយៈពេល៣ថ្ងៃនេះ លោកស្រីនឹងនាំគ្រួសារនិងកូនៗមកចូលរួមលេងឲ្យខានតែបាន ដោយមិនទៅលេងនៅតាមបណ្តាខេត្តនានាឡើយ»។
គួររំលឹកថា កាលពីពេលថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបពីការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តវត្តភ្នំ» នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលនឹងមានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៨ និង០០នាទីព្រឹក ដល់ម៉ោង ២០ និង០០នាទីយប់។ ជាមួយគ្នានេះដើម្បីផ្ដល់ភាពសប្បាយរីករាយបន្ថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងបើកដំណើរការផ្លូវថ្មើរជើង (Walk Street) រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៥ តាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីមុខព្រះបរមរាជវាំង រហូតដល់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំផងដែរ។
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (4)
មិត្ត1000326902
· 04-06
👍👍👍
អូនតា លេខកូដ63230368
· 04-05
👌👌
កូដណែនាំ 91815366
· 04-05
👍👍
- 1
前往页