发布作品

简体中文

TNAOT News

· 04-07

សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរកូនខ្មែរមានសមត្ថភាព ស្នាដៃកសាងស្ពានអាកាសមរតកតេជោ

#សម្តេចធិបតី ហ៊ុន ម៉ាណែត# #NEW NEWS# #សង្គម# #ស្ពានអាកាសមរតកតេជោ# #ព័ត៌មានសង្គម#

2839

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា សម្តែងមោទនភាពចំពោះស្ពានអាកាស "មរតកតេជោ" ដែលកសាងដោយស្នាដៃកូនខ្មែរដោយផ្ទាល់ ដែលជាវឌ្ឍនភាពនៃសមត្ថភាពកូនខ្មែរ។ សម្តេចធិបតីនាយករដ្ឋមន្រ្តីថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានអាកាសមរតកតេជោ” ក្បាលថ្នល់ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា៖«ការសាងសង់ស្ពាននេះគឺដឹកនាំសាងសង់ដោយកូនខ្មែរតែម្តង ហើយវិស្វករខ្មែរសុទ្ធ ហើយនេះជាមោទនភាពរបស់យើងដែលបញ្ជាក់ពីវឌ្ឍនភាពកសាងសមិទ្ធផលធំៗជូនខ្មែរយើងដោយកូនខ្មែរ»។

សម្តេចធិបតីបញ្ជាក់ថា ការចាប់ផ្តើមដោយខ្លួនឯងនេះ ជាជំហ៊ានមុននឹងឈានទៅរកច្រើនជំហ៊ានទៀត ខណៈបច្ចុប្បន្នកូនខ្មែរកាន់តែមានសមត្ថភាព ដែលអាចកសាងសំណង់ធំៗបានដោយខ្លួនឯង ជាក់ស្តែងដូចស្ពានអាកាស "មរតកតេជោ” ដែលកសាងដោយកូនខ្មែរសុទ្ធសាធ"។

គួរបញ្ជាក់ថា “ស្ពានអាកាសមរតកតេជោ” ស្ថិតនៅចំណុចប្រសព្វរវាងខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយពីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានអាកាសមរតកតេជោ” នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ។

សមិទ្ធផលថ្មីនេះ គឺជាស្ពានអាកាសទី៨ ក្នុងរាជធានីភ្នំពេញ។ ស្ពានអាកាសនេះ ប្រើរយៈពេលសាងសង់ចំនួន៣០ខែ។ ដោយមានគោលការណ៍អនុញ្ញាតពីសម្ដេចមហាធិបតីនាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យប្រជាពលរដ្ឋ និងអ្នកដំណើរបានប្រើប្រាស់ជាបណ្តោះអាសន្ន លើកទី១ នូវស្ពានអាកាសជាន់ទី២ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ និងលើកទី២ ស្ពានអាកាសជាន់ទី១ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (1)

អូនតា លេខកូដ63230368

· 04-07

👌👌

  • 1
前往