发布作品

简体中文

TNAOT News

· 04-15

របាំត្រុដិ តែងសម្តែងនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីប្រសិទ្ធនូវសព្ទសាធុការពរក្នុងឱកាសឆ្នាំថ្មី

#NEW NEWS# #សង្គម# #របាំត្រុដិ# #ព័ត៌មានសង្គម#

2055

របាំត្រុដិ គឺជារបាំមួយប្រភេទដែលគេតែងតែសម្តែងនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជារបាំប្រពៃណីមួយបែប ដែលគេធ្វើឡើងដើម្បីប្រសិទ្ធនូវសព្ទសាធុការពរជូនដល់អ្នកស្រុកក្នុងឱកាសឆ្នាំថ្មី។

ពាក្យ «ត្រុដិ» ជាពាក្យមានដើមមកពីភាសាសំស្រ្កឹតប្រែថា ផ្តាច់ ឬកាត់ផ្ដាច់ គឺសំដៅដល់ការផ្តាច់ឆ្នាំ ឬការកាត់ផ្ដាច់ឆ្នាំចាស់ចូលទៅក្នុងឆ្នាំថ្មី និងមានជាប់នាមព្រះរាជពិធីមួយ ហៅថា «ត្រស្តិសង្ក្រាន្ត»។

យោងតាមសៀវភៅរបាំប្រជាប្រិយខ្មែរ តាមទំលាប់របស់អ្នកស្រុក ជួនកាលគេលេងរបាំនេះ នៅពេលប្រារព្ធពិធីសុំទឹកភ្លៀង ពេលដែលស្រុកទេសមានការរាំងភ្លៀងជាដើម។ មិនតែប៉ុណ្ណោះមានព័ត៌មានខ្លះបានបញ្ជាក់ថា របាំត្រុដិនេះ សេសសល់នៅជាមួយមនុស្សជាន់ដើមមួយពួក ដែលរស់នៅលើទឹកដីសុវណ្ណភូមិចាស់តាំងអំពីដែនដីនេះ ពុំទាន់ទទួលអារ្យធម៌ពីប្រទេសឥណ្ឌានៅឡើយ គឺត្រកូលមនុស្សមួយពួកនៅក្នុងប្រទេសយើងហៅថា “សំរែ” សព្វថ្ងៃច្រើនរស់នៅក្នុងភូមិភាគខាងជើងបឹងទន្លេសាប។ កាលពីជំនាន់បុរាណ វង់ត្រុដិរបស់ជនជាតិសំរែនេះ បាននាំគ្នាទៅលេងថ្វាយព្រះរាជា នៅរៀងរាល់ពេលបុណ្យចូលឆ្នាំ ដើម្បីថ្វាយព្រះពរសួរស្តីសិរីមង្គល។ 

ក្នុងការសម្តែងរបាំត្រុដិនេះ គេប្រើប្រាស់ឧបករណ៍ ឬប្រដាប់ប្រដាដូចជា កញ្ឆារ ចង្ក្រង់ដំបែ ចង្ក្រង់រ៉ូង ស្គរ ប៉ីពក ទ្រអ៊ូ ទ្រសោ សន្ទូចជាដើម។ ចំពោះគ្រឿងតុបតែងវិញមានដូចជា មុខត្លុក មកុដ ស្នែងប្រើស ស្នែងទន្សោង កន្ទុយក្ងោក និងក្រចក។

តួសម្ដែងរបាំត្រុដិរួមមាន សម្តែងជាសត្វប្រើស ព្រានព្រៃ យក្ស ព្រាយស្រីក្រចកវែង សត្វក្ងោក សត្វទន្សោង ព្រមទាំងអ្នកវាយស្គរដៃ អ្នកកាន់ចង្រ្កង់ និងកញ្ឆា អ្នកច្រៀងដឹករបាំ ដោយពាក្យពេចន៍ប្រើនៅក្នុងចម្រៀងមានភាពខុសគ្នាទៅតាមក្រុមសម្ដែង។

គួរឱ្យដឹងដែរថា នាពេលបច្ចុប្បន្នក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា ក្រុមហ៊ុននានា តែងតែរៀបចំឱ្យមានការសម្តែងរបាំត្រុដិ មុនពេល ឬរយៈពេលខិតជិតមកដល់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីបណ្តេញឧបទ្រពចង្រៃ និងស្វាគមន៍សិរីសួស្តីក្នុងឱកាសឆ្នាំថ្មី៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)