发布作品

简体中文

Verilyn

· 2019-05-07

មជ្ឈមណ្ឌលពាណិជ្ជកម្មកំពស់កប់ពពកតម្លៃ ២០០លានដុល្លារបង្ហាញខ្លួននៅ តំបន់កោះនរា

0

ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ និងលំនៅដ្ឋានដ៏ទំនើប ទាន់សម័យ កម្ពស់៣៨ជាន់ មានតម្លៃទុនរហូត២០០លានដុល្លារសហរដ្ឋអាមេរិក នឹងផុសឡើងនៅតំបន់បឹងស្នោរ ក្បែរកោះនរា ក្រុងភ្នំពេញនាពេលខាងមុខនេះ។

អាគារពាណិជ្ជកម្មចំរុះ One Central Tower ដែលមានកម្ពស់៣៨ជាន់មានចំនួន៥អាគារ សាងសង់នៅលើផ្ទៃដី២៤,០០០ម៉ែត្រការ៉េ។

ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន B.I.C Group លោក យឹម លក្ខណ៍ បានមានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មនេះនាព្រឹកថ្ងៃទី៦ ឧសភានេះថា ការរៀបចំពិធីបញ្ចុះបឋមសិលានៅព្រឹកនេះ គឺជាការចាប់ផ្តើមសាងសង់នូវគម្រោងអចលនទ្រព្យដំបូងបង្អស់របស់ B.I.C Group នៅក្នុងរាជធានីភ្នំពេញ។ សម្រាប់ការសាងសង់ One Central ដែលមានរយៈពេល2ឆ្នាំកន្លះ។ នេះគឺជាជំហានដំបូងនៃការអភិវឌ្ឍជាច្រើន ដើម្បីអភិវឌ្ឍតំបន់បឹងស្នោ ឲ្យទៅជាតំបន់សេដ្ឋកិច្ចលូតលាស់ថ្មីមួយទៀតដែលផ្តល់នូវការរស់នៅ ការងារ និងការកម្សាន្ត ដ៏ទំនើបសម្បូរបែបលំដាប់ពិភពលោក។

លោកបន្តថា “One Central គឺជាការរួមបញ្ចូលគ្នានូវការិយាល័យពាណិជ្ជកម្ម មជ្ឈមណ្ឌលផ្សារទំនើប មន្ទីរពេទ្យ អគារស្នាក់នៅ និងជាតំបន់ធម្មជាតិបៃតង”។

One Central Tower មានចំនួន៥អាគារ ដែលក្នុងនោះ អាគារចំនួន៤ នឹងដើរតួជាមជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ រួមមានអាគារការិយាល័យ ផ្សារទំនើប មន្ទីរពេទ្យទំនើប ភោជនីយដ្ឋានជាដើម ដោយមានកម្ពស់២២ជាន់ ដោយឡែកអាគារចំនួ១ទៀត ជាប្រភេទលំនៅដ្ឋានសហកម្មសិទ្ធិដ៏ទាន់សម័យដែលមានកម្ពស់រហូតដល់៣៨ជាន់។

លោកយឹម លក្ខណ៍ បានមានប្រសាសន៍បញ្ជាក់ទៀតថា “យើងចង់ប្រែក្លាយតំបន់នេះជាផ្នែកមួយនៃការអភិវឌ្ឍទីក្រុង ដែលអាចបង្កើតតំបន់សេដ្ឋកិច្ចថ្មីលំដាប់ពិភពលោក ជាមួយនឹងការទាក់ទាញការវិនិយោគធំៗលើការរស់នៅ និងការធ្វើពាណិជ្ជកម្មធំៗ”។ លោកបន្តថា “ចាប់តាំងពីដំណាក់កាលដំបូងនៃការរៀបចំផែនការ ក្រុមហ៊ុនបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងនូវការធានាមួយដែលត្រូវតែអភិវឌ្ឍតំបន់នេះ ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចដ៏មានសក្តានុពលខ្លាំងក្លា រួមជាមួយការផ្តល់នូវបរិស្ថានរស់នៅល្អបំផុត ដល់ប្រជាពលរដ្ឋ”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជា(CVEA) លោកច្រឹក សុខនីម បានបង្ហាញពីការសាទរចំពោះវត្តមានថ្មី នៃអគារពាណិជ្ជកម្មចំរុះមួយនេះ ដោយលោកបានមានប្រសាសន៍ថា វាជារឿងល្អចំពោះការអភិវឌ្ឍន៍ និងភាពរីកចម្រើនលើវិស័យសំណង់ទំនើបៗ។

បច្ចុប្បន្ននេះ ចំពោះតំបន់បឹងស្នោរ បាននិងកំពុងតែមានភាពទាក់ទាញខ្លាំង ដោយសារតែវានៅមិនឆ្ងាយពីក្រុង ហើយមានលំហូរនៃចំនួនប្រជាសាស្ត្រ ដែលកម្រិតជីវភាពមធ្យម និងលើមធ្យមចូលទៅរស់នៅទីនេះច្រើន ជាពិសេសជាបណ្តុំនៃបុរី សំណង់លំនៅដ្ឋានច្រើន ហើយមិនលើសពីរយៈពេល៣ទៅ៤ឆ្នាំទៀតនោះទេ តំបន់បឹងស្នោរ នឹងកាន់តែមានភាពទាក់ទាញខ្លាំងជាងនេះទៀត៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)