
Eang
· 2019-06-02
ន័រវែស៖ អ្នកទោសរស់ក្នុងពន្ធនាគារដែលមានបរិវេណស្អាតជាងសណ្ឋាគារទៀត
0
និយាយពីពន្ធនាគារ ឬមន្ទីរឃុំឃាំង គេនឹកឃើញទៅដល់ទីតាំងដែលគ្មានអនាម័យ គ្មានសណ្តាប់ធ្នាប់ កន្លែងដែលងងឹត បន្ទប់ចង្អៀត គ្មានសំភារៈប្រើប្រាស់គ្រប់គ្រាន់ និងគ្មានបរិវេណល្អស្អាត។ ទាំងអស់នេះត្រូវបានគេធ្វើឡើង ដើម្បីឲ្យអ្នកទោសមានភាពភ័យខ្លាច មានភាពលំបាកវេទនា និងជាផ្នែកមួយក្នុងការដាក់សម្ពាធទៅលើអ្នកទោសទាំងនោះដែរ។
មនុស្សភាគច្រើនអាចពិបាកស្រមៃថា ពន្ធនាគារត្រូវបានគេសាងសង់ឡើងក្នុងការបង្កើនគុណភាពរស់នៅរបស់អ្នកទោសណាស់។ វាជាអ្វីដែលមានលក្ខណៈផ្ទុយនឹងគំនិតទូទៅ។
ប៉ុន្តែ ន័រវែសដែលជាប្រទេសមួយមានទីតាំងនៅអឺរ៉ុបខាងកើតបានធ្វើ គឺបង្កើតពន្ធនាគារដែលមានបរិវេណស្រស់ស្អាតជាងសណ្ឋាគារមួយចំនួនទៅទៀត។ ពន្ធនាគារនោះមានឈ្មោះថា «Halden Prison» ដែលត្រូវបានបើកឲ្យដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០១០។
គេហទំព័រ allthatsinteresting.com ដែលចេញផ្សាយក្រោមចំណងជើង «Halden Prison, The Most Humane Prison in the World» នៅក្នុងបន្ទប់របស់អ្នកទោសនីមួយៗ ត្រូវបានរដ្ឋាភិបាលបំពាក់ទៅដោយ ទូរទស្សន៍ទំនើប គ្រឿងសង្ហារិម ទូរទឹកកក និងបន្ទប់ទឹកដែលមានការរចនាល្អស្អាតទៀតផង។
ចំណែកខាងក្រៅ ពន្ធនាគារនេះមានទេសភាពល្អ មានរុក្ខជាតិ និងដើមឈើ បង្អួចកញ្ចក់ធំៗសម្រាប់អ្នកទោសមើលទេសភាពខាងក្រៅ។ ពួកគេអាចដើរកំសាន្តនៅតាមបរិវេណពន្ធនាគារនោះ ជាមួយនឹងការងារ និងកីឡារបស់គេ។
ជាងពាក់កណ្តាលនៃប៉ូលិសដែលធ្វើការនៅទីនោះជាភេទស្រី ហើយពួកគេមិនដែលកាន់ ឬសៀតកាំភ្លើងនៅជាប់ខ្លួនរហូតនោះទេ។ ដោយធ្វើបែបនេះ គេជឿថា វាកាត់បន្ថយអារម្មណ៍គំរាមកំហែងដោយប្រយោល កាត់បន្ថយភាពភ័យខ្លាចក្នុងការទំនាក់ទំនង នឹងធ្វើឲ្យអ្នកទោសមានអារម្មណ៍ធូរស្បើយ មិនរងសម្ពាធ។
ពន្ធនាគារ Halden អាចផ្ទុកអ្នកទោសបានប្រមាណជា ២៥២នាក់ ដែលអ្នកទោសទាំងនោះត្រូវបានគេចោទថា មានជាប់ទាក់ទងជាមួយនឹងរឿងសម្លាប់ ឬរំលោភបំពានផ្លូវភេទជាដើម។ ន័រវែសជឿថា ការធ្វើបែបនេះ គឺជាការគោរពសិទិ្ធសេរីភាពរបស់មនុស្សម្នាក់ៗ។
ការយកពួកគេមកដាក់ន្លែងមួយដែលលក្ខណៈស្ងាត់ស្ងៀម និងមានសន្តិភាពអាចជួយឲ្យពួកគេមានអារម្មណ៍ និងផ្លូវចិត្តធូរស្បើយ មិនសូវជាបង្កហិង្សាតទៅទៀត។
ស្ថិតិដែលនាំមកដោយគេហទំព័រខាងលើបាននិយាយថា ប្រមាណតែ២០ភាគរយប៉ុណ្ណោះ នៃអ្នកទោសន័រវែសត្រូវបានគេចាប់ខ្លួនមកវិញ ក្នុងអំឡុងពេល ពីរឆ្នាំក្រោយពីការដោះលែង បើប្រៀបធៀបជាមួយនឹងចំនួនអ្នកទោសចន្លោះពី៥០ ទៅ៦០ភាគរយនៅអាមេរិក៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)