
Somoeurn
· 2019-07-01
លួចរថយន្តតាក់ស៊ីម៉ែត្រ បើករត់ពីខណ្ឌ៧មករា មកជាប់ខ្នោះ នៅខណ្ឌទួលគោក
0
ភ្នំពេញៈ ជនសង័្សយមួយក្រុមបានបន្លំលួចរថយន្ដតាក់ស៊ីម៉ែត្រ ពីខណ្ឌ៧មករា ហើយព្យាយាមបើករត់គេចខ្លួន តែអស់លក្ខណ៍ ក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន កាលពីវេលាម៉ោង១ និង២០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ នៅក្បែរផ្លូវរថភ្លើង តាមផ្លូវលេខ៦០៨ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោល។
មន្រ្ដីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ជនសង័្សយទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១- ឈ្មោះ ស៊ឹម សារិត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាសន្ត្តិសុខ មានស្រុកកំណើត នៅភូមិសំរោងធំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងទី២-ឈ្មោះ ណារិត ហៅងិន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ បានបើករថយន្ត ម៉ាក Toyota Prus ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2T-6522 យកមកចតទុក នៅការាស់សាំង សូគីម៉ិច តាមបណ្ដោយផ្លូវនេរុហ៍ កែងនឹងផ្លូវលេខ២២៥ ស្ថិតក្នុងខណ្ឌ៧មករា។ បន្ទាប់មក ម្ចាស់រថយន្ដបានឲ្យសោរថយន្តទៅជនសង័្សយជាសន្ត្តិសុខខាងលើ ដើម្បីរៀបចំទុកដាក់រថយន្ដ។ ប៉ុន្ដែបន្ទាប់ពីទទួលបានកូនសោពីជនរងគ្រោះជាម្ចាស់រថយន្ដហើយ ជនសង័្សយក៏ឆ្លៀតលួចយករថយន្តរបស់ជនរងគ្រោះ ដោយដោះប្រព័ន្ធ GPS ចេញពីរថយន្ត ដើម្បីបំភ័ន្ដការសង័្សយ។
មន្រ្ដីនគរបាលដដែល បានបន្ដថា ក្រោយពេលម្ចាស់រថយន្ដដឹងថា បាត់រថយន្តរបស់ខ្លួនហើយ ក៏រាយការណ៍មកប្រាប់សមត្ថកិច្ចមូលដ្ឋាន នៅក្នុងខណ្ឌ៧មករា ឲ្យជួយអន្តរាគមន៍។ ភ្លាមៗនោះ សមត្ថកិច្ចខណ្ឌ៧មករា និងខណ្ឌទួលគោក បានចេញប្រតិបត្ដិការ ស្រាយជ្រាវ រហូតឃាត់ខ្លួនជនសង័្សយបានចំនួន២នាក់ និងម្នាក់ទៀតបានរត់គេចខ្លួនបាត់។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង័្សយ និងវត្ថុតាង ទៅសាកសួរជាបឋម នៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកក់២ មុននឹងបញ្ជូនទៅឲ្យនគរបាលខណ្ឌ៧មករា ចាត់បន្ដតាមនីតិវិធី។ ដោយឡែកបក្ខពួករបស់ពួកគេម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន ក៏កំពុងស្ថិតក្នុងការតាមចាប់ខ្លួនរបស់សមត្ថកិច្ច នៅឡើយ៕ ដោយលោក តុង សីហា និងលោក ផេង សុភាព
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)