
TNAOT News
· 2020-07-26
កសិករអាចរកប្រាក់ចំណេញក្នុង១ឆ្នាំៗពីការចិញ្ចឹមកង្កែប និងត្រីអណ្តែង
#កសិករ# #កសិកម្ម# #កង្កែប# #ត្រីចិញ្ចឹម# #សង្គម#
10943
ខេត្តព្រះវិហារ ៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានឱ្យដឹងថា ប្រជាកសិករម្នាក់ឈ្មោះ កសិករ អ៊ុ ហុកលី រស់នៅក្នុងភូមិពោធិ៍ឃឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ដែលគាត់បានចាប់ផ្តើមសាកល្បងចិញ្ចឹមកង្កែប ក្នុងតង់ផ្លាស្ទិក តាំងពីឆ្នាំ២០១៨ ចំនួន ០៥តង់ សរុប ៦០ម៉ែត្រក្រឡា និងចិញ្ចឹមត្រីអណ្តែងក្នុងតង់ប្លាស្ទិកចំនួន ០២តង់ សរុប ៤០ម៉ែត្រក្រឡា។
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បន្តថា ជាមធ្យមកសិកររូបនេះ អាចចិញ្ចឹមកង្កែប និងត្រីអណ្តែងបានក្នុងមួយឆ្នាំ៣ដង ក្នុងនោះកង្កែបចាប់លក់ ១៨០០គីឡូក្រាម ក្នុងមួយឆ្នាំ ទទួលបានប្រាក់ចំណេញ ប្រមាណ ១០,៥លានរៀល និងត្រីអណ្តែងចាប់លក់បាន ២៧០០គីឡូក្រាមក្នុងមួយឆ្នាំ ទទួលបានប្រាក់ចំណេញប្រមាណជាង ២៤លានរៀល។
លោកប្រធានមន្ទីរ បន្ថែមទៀតថា ក្រៅពីនេះក៏នៅមានគម្រោងដៃគូផ្សេងទៀត បានចូលរួមចំណែកក្នុងការផ្តល់នូវបច្ចេកទេស ដល់កសិករចិញ្ចឹមត្រីចំនួន ២៥០គ្រួសារ និងចងក្រងជាបណ្តុំកសិករចំនួន ០២បណ្តុំ ដើម្បីងាយស្រួលក្នុងការចរចាជាមួយទីផ្សារ។ នៅក្នុងបរិការណ៍នៃការរាលដាលជំងឺកូវីដ ១៩ នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានទទួលកញ្ចប់ថវិកាពិសេសពីរាជរដ្ឋាភិបាល តាមរយ:ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ចុះអនុវត្តសកម្មភាពគាំទ្រទុន និងបច្ចេកទេសចិញ្ចឹមត្រីអណ្តែងចំនួន ១០០គ្រួសារ កសិករចិញ្ចឹមកង្កែបចំនួន ៧០គ្រួសារ និងកសិករផលិតកូនត្រីចំនួន ០៥គ្រួសារ។
នៅក្នុងឳកាសចុះជួបសំណេះសំណាល ជាមួយប្រជាកសិករក្នុងខេត្តនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ប្រាក់ សុវណ្ណ អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ និងសហការី ក៏បានចែកតង់ផ្លាស្ទិក កូនត្រីអណ្តែង កូនកង្កែប និងចំណីត្រី ដល់កសិករចំនួន ៥០គ្រួសារ នៅក្នុងភូមិពោធិឃឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារនេះផងដែរ។
លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងសេចក្តីរីករាយ ដែលវាជាការបង្កើនឱកាសការងារ និងប្រាក់ចំណូលជូនប្រជាកសិករ។ ជាក់ស្តែងនៅព្រឹកនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននាំយកមកនូវ សម្ភា:មួយចំនួនដើម្បីចែកជូនកសិករជានិម្មិតរូបចំនួន ៥០គ្រួសារ ដោយមួយគ្រួសារទទួលបាន កូនត្រីអណ្តែង ៧០០ក្បាល ឬកូនកង្កែប ៤០០ក្បាល និងចំណីចំនួន ១០០គីឡូក្រាម។
លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់កសិករគ្រប់រូបខិតខំប្រឹងប្រែងក្នុងការចិញ្ចឹមដើម្បីធានាការផ្គត់ផ្គង់ទីផ្សាររបស់យើងឱ្យបានពេញលេញ ហើយឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្ត មេត្តាផ្តល់ការគាំទ្របច្ចេកទេសឱ្យបានពេញលេញ និងតាមដានពិនិត្យក្នុងករណីកសិករជួបបញ្ហាប្រឈមនានា ដើម្បីដោះស្រាយបានទាន់ពេលវេលា ហើយក៏ត្រូវរៀបចំយន្តការដោះស្រាយទីផ្សារជូនកសិករ ជៀសវាងបញ្ហាអស្ថេរភាពតម្លៃ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
全部评论 (0)