
lek
· 2019-01-30
អង្គការភ្លែនចំណាយ ១,៥ លានដុល្លារ ផ្គតផ្គង់ការកង្វះ អាហាររូបត្ថម្ភ កុមារកម្ពុជា
0
ភ្នំពេញ ៖ ដើម្បីដោះស្រាយ បញ្ហាកង្វះអាហារូបត្ថម្ភ របស់កុមារ អង្គការភ្លែនអន្តរជាតិ សហការជាមួយអង្គការវឌ្ឍនភាព អនុវត្តគម្រោង១០០០ថ្ងៃដំបូង សន្តិសុខស្បៀង និងបង្កើនភាពបន្សុំា ដើម្បីលើកកម្ពស់សុខភាព មាតានិងកុមារ ក្នុងខេត្តស្ទឹងត្រែង ដែលបានសម្ពោធនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នាសាលាខេត្តស្ទឹងត្រែង។
កង្វះអាហារូបត្ថម្ភ ក្នុងចំណោមកុមារ ជាពិសេសកុមារក្រោម៥ឆ្នាំ និងស្ត្រីក្នុងវ័យបន្តពូជ នៅតែជាបញ្ហាចំបងមួយនៅកម្ពុជា ជាពិសេសតំបន់ដាច់ស្រយាលនៃខេត្តស្ទឹងត្រែង ។ មូលហេតុរួមមាន កង្វះអាហារដែលមានជីវជាតិចិញ្ចឹមគ្រប់គ្រាន់ ចំណេះដឹងតិចតួចអំពីសុខភាពមាតា និងទារកការថែទាំកុមារអាហារ ក្នុងដំណាក់កាលដំបូង និងខ្វះការទទួលបានទឹកស្អាត និងអនាមយ័ក្នុងការផ្តល់អាហារ ។
កង្វះអាហារូបត្ថម្ភ ក្នុងចំណោមកុមារក្រោម ៥ ឆ្នាំ ក្នុងខេត្តស្ទឹងត្រែងច្រើនជាងមធ្យមភាគថ្នាក់ជាតិ។ ខេត្តនេះ មានកុមារក្រិសក្រិន៤៤% ខណៈមធ្យមភាគថ្នាក់ជាតិ៣២% កុមារស្គមស្គាំង ១៣.៨% ខណៈ មធ្យមភាគថ្នាក់ជាតិ៩.៦% និងកុមារមានទម្ងន់ស្រាល៣០.៧% ខណៈដែលមធ្យមភាគថ្នាក់ជាតិមាន ២៥%។ នេះបើយោងតាមរបាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០១៤។
គម្រោងរយៈពេល៥ឆ្នាំក្នុងទំហំទឹកប្រាក់ប្រមាណ១,៥លានដុល្លារនេះ នឹងជួយកាត់បន្ថយអត្រាកង្វះអាហារូបត្ថម្ភកុមារ និងស្រ្តីក្នុងវ័យបន្តពូជតាមរយៈការធានាឲ្យមានសន្តិសុខស្បៀងសមស្របក្នុងគ្រួសារ។ គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កុមារក្រោម៥ឆ្នាំ ក្នុងខេត្តស្ទឹងត្រែងជិត៩០០០នាក់ តាមរយៈ ទី១-ការជំរុញការទទួលបានសេវាសុខភាពភាពទារក និងកុមារអាយុក្រោម ៥ឆ្នាំ និងស្រ្តីក្នុងវ័យក្មេង បន្តពូជ ,ទី២-ការបង្កើនការអនុវត្តអាហារូបត្ថម្ភសមស្រមតាមគ្រួសារ ,ទី៣-ការលើកកម្ពស់ការប្រើប្រាស់ ទឹកស្អាត និងអនាម័យ និងទី៤-ការបង្កើនការផលិតអាហារប្រកបដោយជីវជាតិនៅតាមផ្ទះស្រមតាមវិធីសាស្រ្តកសិកម្ម។
លោក យី គីមថាន នាយករងប្រចាំប្រទេសផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានលើកឡើងថា “ការវិនិយោគលើអាហារូបត្ថម្ភ គឺជាគាំទ្រកុមារឲ្យទទួលបានការអភិវឌ្ឍប្រកបដោយសុវត្ថិភាព និងជោគ ជ័យជាប់ពីពេលចាប់កំណើតរហូតដល់ពេញវ័យ”។
លោកបន្តថា ការផ្តល់អាហារូបត្ថម្ភគ្រប់គ្រាន់ និងអនុវត្តអនាម័យសមស្រប ដល់កុមារក្នុងរយៈពេល ១០០០ថ្ងៃដំបូងចាប់តាំងពី ចាប់កំណើតក្នុងផ្ទៃម្តាយ រហូតដល់អាយុ២ឆ្នាំ មានសារៈសំខាន់ដើម្បីការពារពួកគេពីកង្វះអាហារូបត្ថម្ភ និងបញ្ហាក្រិសក្រិន។ នេះជាមូលហេតុដែលគម្រោងធ្វើការផ្តោតសំខាន់លើក្រុមស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូនដោយទឹកដោះ និងកុមារក្រោម៥ឆ្នាំ។
គម្រោងនេះអនុវត្តក្នុងស្រុកចំនួន៣៖ ស្រុកសៀមបូក ស្រុកថាឡាបរិវាត់ និងស្រុកសេសាន ចាប់ពីខែថ្ងៃទី១ ខែវិច្ឆិកា ២០១៨ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ២០២៣ ក្រោមជំនួយឧបត្ថម្ភពី ក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (BMZ) និងអង្គការភ្លែនអន្តរជាតិអាល្លឺម៉ង់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)