ថ្មីៗ-ThmeyThmey

· 2021-05-22

អត្ថប្រយោជន៍ នៃការដាំដំណាំចម្រុះ

#កសិកម្ម# #សង្គម# #ការដាំដំណាំចម្រុះ#

10223

ដោយ: ហុង ស្រីណា

ភ្នំពេញ៖ ការដាំដំណាំចម្រុះ ជាវិធីមួយដ៏ល្អសម្រាប់អ្នកមានដីតិច អាចដាំបន្លែបានច្រើនប្រភេទ។ លោក ទក់ សុខា កសិករនៅខេត្តសៀមរាប បានលើកឡើងថា ការដាំដំណាំចម្រុះនេះ មានប្រយោជន៍ក្នុងការកាត់បន្ថយសត្វល្អិតផ្សេងៗ ចំណេញពេលថែទាំ កាត់បន្ថយកម្លាំងពលកម្ម និងចំណេញថវិកាផងដែរ។ គេអាចដាំដំណាំ ២ទៅ ៣ មុខនៅលើរងតែមួយ ឬដាំដំណាំចម្រុះក្នុងសួនដំណាំតែមួយ។

ដើម្បីជ្រាប់ច្បាស់សូមលោក-អ្នកនាង ទស្សនាវីដេអូខាងក្រោមដូចតទៅ៖

https://youtu.be/uYPT0JERsbM

លោក ទក់ សុខា ជាកសិករ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាបបានបន្ថែមថា ការដាំដំណាំចម្រុះ អាចជួយសន្សំសំចៃទឹកក្នុងរដូវប្រាំង ងាយស្រួលជម្រះស្មៅ ដាក់ជីបំប៉នបានច្រើនមុខក្នុងដីតែមួយ និងមិនពិបាកថែទាំ។ លើសពីនេះ ក្លិនផ្សេងគ្នានៃដំណាំចម្រុះ អាចបណ្តេញសត្វល្អិត មិនឲ្យមកយាយីបន្លែបាន។

ដំណាំមានសុខភាពល្អ វាអាស្រ័យទៅលើការលូតលាស់របស់គ្នាទៅវិញទៅមក។ ដូច្នេះដំណាំខ្ពស់ៗ បានជួយជាម្លប់សម្រាប់ដំណាំទាប។ ចំណែក ដំណាំទាប អាចជួយជាគម្របដី មិនឲ្យដីក្តៅ។ បើតាមកសិករ រស់នៅភូមិស្រិតខាងកើតរូបនេះ  សារធាតុចិញ្ចឹមប្លែកគ្នានៃដំណាំ ក៏អាចជួយរក្សាសត្វមានប្រយោជន៍មួយចំនួនក្នុងដី ធ្វើឲ្យគុណភាពដីល្អបានយូរ។ អ្វីដែលសំខាន់ វាអាចជួយកាត់បន្ថយការបាញ់ថ្នាំពុលសត្វល្អិត ឬមិនមានការបាញ់ថ្នាំពុលសោះតែម្តង។ ហេតុនេះ នាំឲ្យបន្លែមានសុវត្ថិភាពក្នុងការបរិភោគ និងមានរសជាតិឆ្ងាញ់ផងដែរ។ 

 ក្រៅពីគុណប្រយោជន៍ខាង ការដាំដំណាំចម្រុះនេះ ថែមទាំងអាចប្រមូលផលបានច្រើនប្រភេទក្នុងពេលតែមួយ ដូចជា បន្លែដើម បន្លែស្លឹក បន្លែផ្កា បន្លែផ្លែ និងបន្លែមើមជាដើម។ ម្យ៉ាងទៀត ដំណាំនីមួយៗមានរដូវនៃការប្រមូលផលខុសៗគ្នា ជាហេតុធ្វើឲ្យកសិករអាចប្រមូលផលជាប្រចាំ និងមានបន្លៃលក់ឬហូបរាល់ថ្ងៃ។ 

កសិករ រស់នៅ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគងរូបនេះ ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាកសិករ គួរងាកមករកការដំណាំចម្រុះខ្លះ ព្រោះវាមានគុណសម្បត្តិជាច្រើនសម្រាប់ក្រុមគ្រួសារ និងអ្នកទិញយកទៅបរិភោគ៕

សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)

ប្រភព៖ https://thmeythmey.com/?page=detail&id=103935

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស