
ថ្មីៗ-ThmeyThmey
· 2021-10-03
យោធាមីយ៉ាន់ម៉ាថា ជំនួបរវាងប្រេសិតអាស៊ានជាមួយលោកស្រីស៊ូជី ទំនងមិនកើតឡើងឡើយ
#សង្គម# #ប្រេសិត# #ស៊ូជី# #អាស៊ាន# #មីយ៉ាន់ម៉ា# #លោកស្រី# #នយោបាយជាតិ#
9965

ដោយ: ងួន សុភាវត្តី
ជំនួបរវាងប្រេសិតពិសេសអាស៊ាន និងលោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវយោធាទម្លាក់ពីអំណាច ទំនងមិនកើតឡើងឡើយ។ អ្នកនាំពាក្យរបបយោធានៅមីយ៉ាន់ម៉ាបញ្ជាក់បែបនេះនៅថ្ងៃទី៣០ ខែកញ្ញា ដោយលើកហេតុផលថា លោកស្រី ស៊ូជី កំពុងស្ថិតក្រោមនីតិវិធីតុលាការនៅឡើយ។
អង្គការតំបន់អាស៊ាន បានរងសម្ពាធខ្លាំងភាគីនានាក្នុងការដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា។ រដ្ឋមន្ត្រីការបរទេសប៊្រុយណេទី២ លោក អេរីវ៉ាន់ យូសូហ្វ ដែលត្រូវបានជ្រើសរើសជាប្រេសិតរបស់អាស៊ានកាលពីខែសីហា បានអំពាវនាវទៅកាន់របបយោធាឱ្យលោកជួបគ្រប់ភាគីទាំងអស់ រាប់ទាំងលោកស្រី អ៊ុងសាន ស៊ូជី ផង។
ប៉ុន្តែអ្នកនាំពាក្យរបបយោធា Zaw Min Tun ប្រាប់ទីភ្នាក់ងារ AFP នៅថ្ងៃទី៣០ ខែកញ្ញា ថា វានឹងពិបាកអនុញ្ញាតឱ្យមានកិច្ចប្រជុំជាមួយអ្នកដែលកំពុងប្រឈមមុខនឹងការជំនុំជម្រះ។ លោក Zaw Min Tun បន្ថែមថា រដ្ឋាភិបាល នឹងអនុញ្ញាតឱ្យជួបជាមួយអង្គការផ្លូវការប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នកនាំពាក្យរូបនេះ មិនផ្តល់ព័ត៌មានលម្អិតអំពីពេលណាដែលមីយ៉ាន់ម៉ានឹងផ្តល់ការអនុញ្ញាតឱ្យបេសកជននោះមកជួបឡើយ។
លោកស្រីស៊ូជី អាយុ៧៦ឆ្នាំបច្ចុប្បន្ន ត្រូវបានជំនុំជម្រះពីបទចោទប្រកាន់ជាច្រើន ដែលអាចជាប់ពន្ធនាគាររាប់សិបឆ្នាំ។ មេធាវីលោកស្រី បាននិយាយកាលពីសប្តាហ៍មុនថា ជ័យលាភីណូបែលរូបនេះ មិនទាន់ទទួលបានសំណើសុំជួបណាមួយពីអង្គការក្នុងស្រុក និងបរទេសនៅឡើយទេ៕
ប្រភព៖ យោធាមីយ៉ាន់ម៉ាថា ជំនួបរវាងប្រេសិតអាស៊ានជាមួយលោកស្រីស៊ូជី ទំនងមិនកើតឡើងឡើយ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)