ថ្មីៗ-ThmeyThmey

· 2021-11-20

ការជាប់គាំងវិស័យទេសចរណ៍ធ្វើឱ្យប្រទេស៥នៅអាស៊ីបាត់បង់អស់ជាង១,៦ លានការងារ

#ហ្វីលីពីន# #Chihoko Asada-Miyakawa# #សង្គម# #វិស័យទេសចរណ៍# #សេដ្ឋកិច្ចអន្តរជាតិ#

3668

លោកស្រី Chihoko Asada-Miyakawa នាយិកា ILO ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក

ដោយ: ងួន សុភាវត្តី

ការរីករាលដាលនៃជំងឺកូវីដ-១៩នៅតែជាបញ្ហាប្រឈមសម្រាប់ប្រជាជាតិផ្សេងៗលើពិភពលោក។ វិស័យ​ទេសចរណ៍គឺជាវិស័យមួយដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ការធ្លាប់ចុះនូវវិស័យទេសចរណ៍ក្នុងបរិបទកូវីដ-១៩ បានធ្វើឱ្យប្រទេសនៅតំបន់អាស៊ីចំនួន ៥ បាត់បង់អស់ជាង ១,៦ លានការងារនៅឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ អង្គការពលកម្មអន្តរជាតិ(ILO)។

បើតាមរបាយការណ៍របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) ដែលបានចេញផ្សាយនៅថ្ងៃទី ១៨ ខែ វិច្ឆិកា ហ្វីលីពីន វៀតណាម ថៃ ប្រ៊ុយណេ និងម៉ុងហ្គោលី បានបាត់បង់ស្ទើរតែមួយភាគបីនៃការងារទាំងអស់នៅក្នុងវិស័យទេសចរណ៍របស់ពួកគេ​ ដែលស្មើនឹងជាង ១,៦ លានការងារ។ 

លើសពីនេះដែរ របាយការណ៍នេះក៏បានឱ្យដឹងថា ការបាត់បង់ការងារទាក់ទងនឹងវិស័យទេសចរណ៍ក្នុងប្រទេសទាំង ៥ នេះមានចំនួន ៤ ដងច្រើនជាងការបាត់បង់ការងារនៅក្នុងឧស្សាហកម្មដទៃ។ ស្ត្រីត្រូវបានរាយការណ៍ថា ជាជនរងគ្រោះខ្លាំងបំផុតពីការបាត់បង់ការងារនេះ។ 

«បើទោះបីជាប្រទេសក្នុងតំបន់ ផ្តោតខ្លាំងលើការចាក់វ៉ាក់សាំង និងរៀបចំយុទ្ធសាស្រ្តដើម្បីបើកព្រំដែនឡើងវិញបន្តិចម្តងៗ ការងារដែលទាក់ទងនឹងវិស័យទេសចរណ៍ ទំនងជានៅតែទាបជាងចំនួនមុនវិបត្តិកូវីដ-១៩ នៅក្នុងបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិករហូតដល់ឆ្នាំក្រោយ»។ លោកស្រី Chihoko Asada-Miyakawa នាយិកា ILO ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានមានប្រសាសន៍បែបនេះទាក់ទងនឹងវិស័យទេសចរណ៍ក្នុងតំបន់។

ក្នុងរបាយការណ៍របស់ ILO ដដែលនេះ ប្រ៊ុយណេគឺជាប្រទេសមួយនៅតំបន់អាស៊ីដែលបាត់បង់ការងារច្រើនជាងគេ។ ចំនួនការងារនៅប្រ៊ុយណេ​ បានធា្លក់ចុះជាង ៤០ ភាគរយនៃចំនួនការងារសរុបក្នុងប្រទេស​។ ចំណែកឯហ្វីលីពីន ការងារទាក់ទងនឹងទេសចរណ៍បានធ្លាក់ចុះប្រមាណ ២៨ ភាគរយ។ នៅវៀតណាម ប្រាក់បៀវត្សជាមធ្យមក្នុងវិស័យទេសចរណ៍បានធ្លាក់ចុះ ១៨ ភាគរយ ខណៈស្រ្តីនៅវៀតណាមបាត់បង់ចំណូល ២៨ ភាគរយក្នុងវិស័យដដែលនេះ។

ថៃដែលជាប្រទេសរក​បានប្រាក់ចំណូលជាង ២០​ ភាគរយនៃផលិតផលក្នុងស្រុកសរុបពីវិស័យទេសចរណ៍មុនពេលវិបត្តិកូវីដ-១៩ ត្រូវបានគេមើលឃើញថា ប្រាក់បៀវត្សរបស់ប្រជាជនធ្វើការពាក់ព័ន្ធនឹងវិស័យទេសចរណ៍បានធ្លាក់ចុះជាង ៩,៥ ភាគរយ។ ម៉ុងហ្គោលីដែលជាប្រទេសពឹងផ្អែកលើវិស័យទេសចរណ៍នេះ ក៏ប្រឈមនឹងការបាត់បង់ការងារជាង ១៧ ភាគរយផងដែរ បើធៀបនឹងចំនួនការងារមុនផ្ទុះជំងឺកូវីដ-១៩ ។

បើយោងតាមទិន្នន័យពីវេបផ្សាយ Capital Economics គិតត្រឹមខែកញ្ញានេះ ភ្ញៀវទេសចរណ៍ដែលមកលេងប្រទេសនៅតំបន់អាស៊ីបានធ្លាក់ចុះជាង ៩៩ ភាគរយបើធៀបនឹងចំនួនភ្ញៀវទេសចរណ៍មុនកូវីដ-១៩។

គួរបញ្ជាក់ថា នៅឆ្នាំ​២០១៩ ភ្ញៀវទេសចរប្រហែល ២៩១ លាននាក់ដែលធ្វើដំណើរកម្សាន្តមកកាន់ប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានចូលរួមចំណែកធ្វើឱ្យមានកំណើនសេដ្ឋកិច្ច ដោយផ្តល់ប្រាក់ជាង ៨៧៥ ពាន់លានដុល្លារគាំទ្រដល់សេដ្ឋកិច្ចប្រទេសក្នុងតំបន់៕

ប្រភព៖ ការជាប់គាំងវិស័យទេសចរណ៍ធ្វើឱ្យប្រទេស៥នៅអាស៊ីបាត់បង់អស់ជាង១,៦ លានការងារ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស