ថ្មីៗ-ThmeyThmey

· 2023-05-15

បោះឆ្នោតថៃ៖ បក្សឆ្ពោះទៅមុខ មានសំឡេងនាំមុខ ឯបក្សលោកប្រាយុទ្ធ នៅលេខ៥

#នយោបាយអន្តរជាតិ# #ព័ត៌មាន# #Pita Limjaroenrat# #ប្រាយុទ្ធ ចន្ទអូចា# #បោះឆ្នោតថៃ#

3186

លោក Pita Limjaroenrat មេដឹកនាំបក្ស Move Forward Party។ រូបភាប AFP

ដោយ: ធៀន ភា​រិន្ទ​

គិតត្រឹមម៉ោង ៧ និង២៦នាទីព្រឹក ថ្ងៃទី១៥ ខែឧសភា បក្សឆ្ពោះទៅមុខ (Move Forward Party) កំពុងតែនាំមុខលើបក្សផ្សេងទៀត រួមទាំងបក្សភឿថៃ (Pheu Thai) និងបក្សជាតិថៃរួបរួមរបស់លោកប្រាយុទ្ធ ចន្ទអូចា។

អត្ថបទទាក់ទង  ការបោះឆ្នោតសភាថ្មីនៅថៃ ចាប់ផ្ដើមថ្ងៃនេះ 

ពេលនេះ ថៃកំពុងរាប់សន្លឹកឆ្នោត ដែលប្រជាជនបានបោះនៅក្នុងថ្ងៃទី១៤ ខែឧសភា។ ការបោះឆ្នោតនៅថៃ ត្រូវបែងជាពីរគឺ ការបោះឆ្នោតដោយផ្ទាល់ និងការបោះឆ្នោតតាមបញ្ជីឈ្មោះបក្សដោយគិតតាមសំឡេងដែលបក្សនីមួយៗទទួលបាន (party-list)។ 

 គិតត្រឹមម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែឧសភា បក្សឆ្ពោះទៅមុខ កំពុងតែនាំមុខ បក្សផ្សេងទៀត។ តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ បក្សដែលមាននិន្នាការជឿនលឿន និងអនុវត្តការកែទម្រង់ ទទួលបាន ១៥១កៅអី។ ចំណែកបក្សភឿថៃ ដែលមានកូនស្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាបេក្ខជននាយករដ្ឋមន្រ្តីទទួលបាន ១៤១កៅអី។

 ស្របគ្នានេះ បក្ស Bhumjaithai ឈរនៅលំដាប់ទីបីដែលទទួលបានកៅអីចំនួន​ ៦៧ ពីការបោះឆ្នោតដោយផ្ទាល់ និង ៣កៅអី ពីការបញ្ជីបក្ស។ ទន្ទឹមនេះ បក្ស Palang Pracharath ទទួលបាន៣៩កៅពីការបោះឆ្នោតដោយផ្ទាល់ និង១កៅអីពីបញ្ជីបក្ស។ រីឯបក្សរបស់លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ ជាតិថៃរួបរួមទទួលបាន ២៣កៅពីការបោះឆ្នោតដោយផ្ទាល់ និង១៣កៅអីពីបញ្ជីបក្ស។ 

 មេដឹកនាំបក្សឆ្ពោះទៅមុខ លោក Pita Limjaroenrat នៅថ្ងៃទី១៤ ខែឧសភា បានបង្ហើបថា បក្សរបស់លោកអាចចងសម្ព័ន្ធភាពជាមួយបក្ស Pheu Thai​ ក្នុងការបង្កើតរដ្ឋាភិបាលថៃថ្មីមួយ៕

ប្រភពដើម៖  ThmeyThmey

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស