Cambo-China

· 2023-07-16

ការបង្កើតប្រព័ន្ធទូទាត់ប្រាក់រៀល និងប្រាក់យ័នតាមរយៈQR Code នឹងផ្ដល់ភាពងាយស្រួលដល់ការដោះដូរទំនិញរវាងកម្ពុជា និងចិន

#កម្ពុជា និងចិន# #អាជីវកម្ម# #សង្គម# #ធនាគារជាតិនៃកម្ពុជា# #CAMBO-CHINA# #ចុះអនុស្សរណៈយោគយល់គ្នា#

6062

ភ្នំពេញ៖ ការបង្កើតប្រព័ន្ធទូទាត់ប្រាក់រៀល និងប្រាក់យ័នរវាងកម្ពុជា និងចិន តាមរយៈ QR Code នឹងកាន់តែផ្តល់ងាយស្រួលដល់ការដោះដូរទំនិញ និងបង្កើតជម្រើសទូទាត់បន្ថែម។ ហើយនៅពេលការទូទាត់រវាងកម្ពុជា និងចិន ប្រើជាប្រាក់រៀល និងប្រាក់យ័នដាក់ដំណើរការ នឹងជួយកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារក្នុងការទូទាត់នៅក្នុងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា និងចិន និងប្រទេសដទៃទៀតដែលមានកិច្ចព្រមព្រៀងក្នុងការប្រើប្រាស់ប្រព័ន្ធ QR Code។

កាលពីថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីជំរុញការទូទាត់ប្រាក់ឆ្លងដែនតាមប្រព័ន្ធ QR Code។ ពោលគឺប្រជាជនកម្ពុជា ដែលធ្វើដំណើរទៅកាន់ប្រទេសចិន អាចស្កេន និងទូទាត់តាមប្រព័ន្ធ QR Code នៅក្នុងប្រទេសចិនមានដូចជា UnionPay Wechat និង Alipay ជាដើម។ ហើយពលរដ្ឋចិនដែលមកកាន់កម្ពុជាមានប្រព័ន្ធរបស់ UnionPay កអាចទូទាត់ប្រាក់នៅកម្ពុជាតាមរយៈQR Code បានដូចគ្នា។

លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា​ បានបង្ហោះសារនៅលើហ្វេសប៊ុកថា «អនុស្សរណ:នេះ នឹងជំរុញឱ្យទេសចរចិនដែលមកលេងស្រុកខ្មែរទូទាត់តាមទូរស័ព្ទដោយប្រើ mobile app របស់ធនាគារស្កេនលើ KHQR របស់អ្នកលក់នៅស្រុកខ្មែរ។ ដូច្នេះ ធនាគារស្រុកចិនត្រូវធ្វើការប្តូរប្រាក់ពីលុយយ័នមកលុយរៀលសិន ទើបផ្ញើមកគណនីអ្នកលក់នៅស្រុកខ្មែរបាន។ ចំពោះទេសចរខ្មែរទៅស្រុកចិន យើងអាចចាយដូចទេសចរចិនមកចាយនៅស្រុកខ្មែរបាន ដោយប្រើ app Bakong ស្កេនលើ QR អ្នកលក់នៅស្រុកចិន។ ពេលនោះ ធនាគារខ្មែរត្រូវប្តូរប្រាក់សន្សំជាប្រាក់រៀល ទៅជាប្រាក់យ័នសិនមុនទូទាត់ឱ្យអ្នកលក់ស្រុកចិន។ វិធានការណ៍នេះ គឺធ្វើឡើងដើម្បីលើកកម្ពស់ប្រាក់រៀល និងលើកកិត្យានុភាពប្រាក់រៀល និងមុខមាត់ប្រទេសកម្ពុជាក្នុងវិស័យទូទាត់អេឡិចត្រូនិក លើឆាកអន្តរជាតិ»។

គួររំលឹកថា កម្ពុជា ក៏បានសហប្រតិបត្តិការ ជាមួយប្រទេសថៃប្រកបដោយភាពជោគជ័យ ទាំងទូទាត់នៅក្នុងប្រទេសថៃ និងការទូទាត់នៅកម្ពុជា បន្ដបន្ទាប់ទៅទៀតកម្ពុជានឹងបន្ដសហការជាមួយប្រទេសឡាវ ចិន ឥណ្ឌា និងប្រទេសវៀតណាមផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស