
រឿងនិទានខ្មោចពិតOFFICIAL
· 03-18
រឿងដាក់អំពើ
#រឿងនិទាន និងប្រលោមលោក# #កម្សាន្ត# #រឿងខ្មោច#
491

ពូចិន ជាឈ្មួញរកស៊ីមួយនៅទីក្រុងភ្នំពេញ មុខរបរគាត់កាក់កបគួរសមដែរ គាត់មានមិត្តភក្ដិជិតស្និទ្ធម្នាក់ នៅឯខេត្តកំពង់ធំ ។ នៅថ្ងៃមួយដោយសារតែមានការនឹករឮកដល់មិត្តភក្ដិពេក ពូចិនបាននាំភរិយាដ៏ ស្រស់ស្អាតរបស់គាត់គឺមីងពីន ទៅលេងមិត្តភក្ដិគាត់ឈ្មោះ ចាន់ត្រា ។ ធ្វើដំណើរដោយរថយន្ដផ្ទាល់ខ្លួន ពូចិនបានមកដល់ផ្ទះមិត្តភក្ដិដោយមិនបានទូរស័ព្ទប្រាប់មុនទេ គឺចង់ឲ្យមានការភ្ញាក់ផ្អើល ។ ពួកគាត់ ស្រឡាញ់រាប់អានគ្នាណាស់ ព្រោះជាមិត្តភក្ដិកម្រតាំងពីក្មេងៗមក ។ ភូមិរបស់ពូចាន់ត្រា រាងនៅដាច់ ស្រយាលដែរ គាត់ចេញពីភ្នំពេញតាំងពីម៉ោង៧ព្រឹក រហូតដល់ម៉ោងជាង៣រសៀលទើបដល់ ព្រោះខាន ទៅយូរក៏រាងវង្វេង ម្ដងនេះ Suprise ខ្លួនឯងហើយមើលទៅ ។
មិនយូរប៉ុន្មានពូចិន និងភរិយាក៏ទៅដល់ផ្ទះមិត្តភក្ដិ ពូចាន់ត្រាកំពុងតែដេកលេងលើអង្រឹងក្រោម ផ្ទះ ឃើញរថយន្ដក៏ស្គាល់ ក៏ស្ទុះចេញមកទទួល ទាំងទឹកមុខញញឹមជាប់ ហើយពោល៖
-យី! ពួកម៉ាក មកលេងម្ដេចមិនប្រាប់គ្នាមុន
-ចង់ Suprise ឯងហ្នឹង
-Suprise បានសម្រេចហើយ ដាច់បាយតាមផ្លូវ (មីងពីនសើចផង ខឹងផង ស្ដីឲ្យប្ដី)
ពូចាន់ត្រាក៏អញ្ជើញពូចិន និង មីងពីនឲ្យឡើងផ្ទះ ហើយហៅប្រពន្ធឲ្យដណ្ដាំបាយ ដោយម្ហូប ថ្ងៃនេះមានតែទឹកគ្រឿងអន្លក់បន្លែក្នុងភូមិ គ្រាន់តែឮឈ្មោះក៏គួរចង់ឲ្យហូបដែរ ។ ក្រោយពីបញ្ចប់អាហារ ថ្ងៃត្រង់រួចរាល់ ពូចាន់ត្រា និងពូចិន បានជជែកគ្នាលេងក្រោមផ្ទះ ទុកឲ្យប្រពន្ធពូចាន់ត្រា នាំមីងពីន ដើរលេងផ្សារក្នុងភូមិម្ដង ។ រសៀលបន្ដិច ពូចាន់ត្រាក៏បបួលពូចិន ហូបស្រាថ្នាំត្រាំពស់វែក ព្រោះគាត់ ចូលចិត្ត ខណៈនោះក៏មានអ្នកភូមិជាមួយគ្នាបានមកហូបដែរ ។ កំឡុងពេលដែលកំពុងតែហូបសប្បាយ សុខៗ ស្រាប់តែមីងពីន បានប្រាប់ប្ដីថា កុំឲ្យហូបច្រើនពេក ព្រោះថ្ងៃនេះធ្វើដំណើរច្រើនអស់កម្លាំង ឆាប់សម្រាក ចាំស្អែកអាចហូបបន្ដបាន គ្រាន់តែឮដូច្នោះ អ្នកភូមិដែលហូបជាមួយគ្នា ក៏និយាយថា ពូចិនខ្លាចប្រពន្ធ គ្រាន់តែផឹកបន្ដិចបន្ដួចសោះ ក៏ខ្លាចមេ៉្លះ ! ដោយសារការស្រវឹងជោគជាំផង ពាក្យដែល និយាយលេង បែបសើចចំអកដដែល ពួកគាត់ក៏ចាប់ផ្ដើមទាស់សម្ដីគ្នា ដោយសារតែការនិយាយដដែល ធ្វើឲ្យចិន ទប់មិនបានក៏ច្រឡោតក្រោកឡើង ស្ដីឲ្យប៉ុន្មានម៉ាត់ខ្លាំងៗ អ្នកភូមិជាមួយគ្នានោះ ក៏ដើរចេញ ទៅហើយបោះសម្ដីថា៖ ហែង! ចាំមើល! ។ ចំណែកពូចាន់ត្រា ក៏លួងចិត្តពូចិនកុំឲ្យខឹង ព្រោះគាត់ដឹងថា រឿងមិនសូវល្អទេ ដោយសារតែម្នាក់នោះចេះរបៀន ។
លុះព្រឹកស្អែកឡើង ពូចាន់ត្រា និងពូចាន់កំពុងតែហូបបាយថ្ងៃត្រង់ជុំគ្នា ដោយប្រពន្ធពូចាន់ត្រា គាត់ឆាក្ដៅសាច់មាន់ ប៉ុន្ដែពូចិនបែរជាមិនលូកដៃហូប ហើយមុខដូចជាអន់ចិត្ត ពូចាន់ត្រាក៏សួរ៖
-ពួកម៉ាកកើតអីមែន? បានមិនហូប ឬខ្លាចថាសម្លមិនត្រូវចិត្ត
-អត់ទេពួកម៉ាក ឲ្យខ្ញុំហូបម៉េចនឹងកើត បើសម្លមួយចាននេះសុទ្ធតែដង្កូវ ខ្យារដំរី ក្អែបហ្នឹង
ឮតែប៉ុណ្ណេះពូចាន់ត្រានិង ភរិយាបានដឹងថាបែបមិនស្រួលហើយ ប៉ុន្ដែមិនហ៊ានសង្ស័យនរណា ទេព្រោះគ្មានសំអាង តែគាត់ដឹងច្បាស់ណាស់ថានេះជាការដាក់អំពើ បំណងចង់ផ្ចាញ់ផ្ចាលពូចិន ។ ពូចាន់ត្រាក៏ងើបទៅក្នុងបន្ទប់របស់គាត់ ហើយត្រឡប់មកវិញ ពូចិនក៏ឃើញម្ហូបប្រែមកវិញធម្មតា ទើបសួរ ទៅពូចាន់ត្រាថា៖
-ពួកម៉ាក ម៉េចក៏សុខៗម្ហូបប្រែជាធម្មតាវិញ មានរឿងអ្វីមែន?
-មុននេះ ម្ហូបប្រែជាសត្វបែបនេះ ប្រហែលជាមានអ្នកដែលចេះអំពើ លលេងជាមួយពួកម៉ាកឯង ហើយ
-គ្នាទើបតែនឹងមកដល់ទេ តើមានធ្វើឲ្យនរណាទាស់ចិត្តនោះ
-ឯងភ្លេចហើយមែន! យប់មិញនោះ
-អូ! តាមពិតគាត់ហ្នឹងទេ
-គ្នាមិនហ៊ានថាម្នាក់ហ្នឹងទេ ព្រោះយើងគ្មានភស្ដុតាង ប៉ុន្ដែបើតាមជាក់ស្ដែង គឺអាចម្នាក់ហ្នឹងមែន
និយាយមិនទាន់ចប់ផង ស្រាប់តែពូចិនចុកពោះយ៉ាងខ្លាំង ភ្លាមៗនោះពូចាន់ត្រាក្រឡេកមើលទៅ ពោះពូចិន ហើយប៉ោងធំឡើងស្ទើរតែនឹងប្រេះ ស្បែកចាប់ផ្ដើមប្រែជាខ្មៅ ដោយស្ថានការណ៍មិនស្រួល ពូចាន់ត្រាបានដឹកពូចិន ទៅរកគ្រូខ្មែរនៅក្នុងភូមិ គាត់ពូកែណាស់ ខាងដោះអំពើស្អីហ្នឹង ។ ក្រោយពីបាន សូត្រសែកមន្ដអាគមរួច គ្រូខ្មែរបានយកទឹកមន្ដឲ្យពូចិន ផឹក ភ្លាមៗនោះគាត់ធូរស្រាល ហើយពោះលែង ហើម ប៉ុន្ដែគ្រូខ្មែរប្រាប់ថា នៅយប់នេះ ម៉ោង៣ទៀបភ្លឺ គឺអ្នកដាក់អំពើម្នាក់ហ្នឹង គេមិនសុខចិត្តនោះទេ ពិតដាក់អំពើម្ដងទៀត ហេតុនេះហើយ គាត់ឲ្យចិន នៅសម្រាកផ្ទះគាត់ គាត់ នឹងធ្វើការព័ទ្ធសីមាការពារឲ្យ ។ ដូចជាការគ្រោងទុកមែន ម៉ោង៣ទៀបភ្លឺ ពូចិនចាប់ផ្ដើមធ្្វើទុក្ខយ៉ាងខ្លាំង ក្អួតចេញសុទ្ធតែឈាម ពេលនោះ លោកគ្រូខ្មែរបានធ្វើការសូត្រអាគមតតាំង និងឲ្យពូចិនផឹកទឹកមន្ដរបស់គាត់ បន្ដិចក្រោយមក ពូចិន បានក្អួតមកចេញស្បែកក្របី១ផ្ទាំង និងមានដោយឡាមទៀតផង ។ លោកគ្រូខ្មែរ បានសួរពូចិនថា តើចង់តបតវិញទេ បើមិនតក៏បានដែរព្រោះពេលនេះ ម្នាក់នោះចាញ់ហើយ តែខ្ញុំខ្លាចគេមានគំនិតចងគំនុំ ទៀត ។ ពូចិននិងក្រុមគ្រួសារមិនចង់មានឲ្យមានការចងពៀរអ្វីនោះទេ តែក៏មិនគួរឲ្យម្នាក់នោះធ្វើបាប អ្នកដទៃទៀតដែរ ឮដូចនោះលោកគ្រូខ្មែរ បានបញ្ជាក់ថាគាត់អាចធ្វើបាន ដោយមិនឲ្យម្នាក់នោះគ្រោះ ថ្នាក់ទេ តែនឹងមិនឲ្យអាចធ្វើបាបគេបានទេ ។ ក្រោយមកគាត់សូត្រអាគមក្នុងបន្ទប់អាសនៈប្រហែលជា កន្លះម៉ោង គាត់បានឲ្យពូចិនត្រលប់ទៅផ្ទះវិញបាន និងបានឲ្យយ័ន្ដមួយបន្ថែម ដើម្បីបង្ការការពារ ថ្ងៃក្រោយ។ ពូចិនបានលាពួកម៉ាកគាត់ទៅភ្នំពេញវិញ ដោយមិនមានអ្វីរំខានទៀតទេ ហើយគាត់ ក៏ឧស្សាហ៍ចេញចូលលេងពូចាន់ត្រាញឹកញាប់ដែរ ។ និយាយពីម្នាក់ដែលបានដាក់អំពើគាត់ បានធ្លាក់ខ្្លួន ឈឺស្គមខ្លួន និងមិនអាចដាក់អំពើនរណាទេ ព្រោះតែអំពើនោះនឹងត្រលប់មករកខ្លួនគាត់វិញរហូត ។
គាំទ្រអេដមីនបន្ដតាមរយៈបណ្ដាញសង្គម
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (1)
កូដណែនាំ 91815366
· 03-20
😲😲
- 1
ទៅកាន់