
Saley
· 2019-04-29
រកឃើញសិស្សពូកែថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ ចំនួន៦០នាក់
0
ខេត្តសៀមរាប៖ សិស្សពូកែលើមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និង រូបវិទ្យា ដែលរៀននៅថ្នាក់ទី៩ និងថ្នាក់ទី១២ ចំនួន៦០នាក់មកពីទូទាំងប្រទេស ត្រូវបានប្រកាសជាសិស្សជ័យលាភីសិស្សពូកែថ្នាក់ជាតិ បន្ទាប់ពីពួកគេបានធ្វើការប្រលងប្រជែងជាមួយសិស្សពូកែៗចំនួន២៤៧នាក់ផ្សេងទៀត។
ការប្រលងប្រជែងនេះ បានធ្វើឡើងកាលពីសប្តាហ៍ទី៣ ខែមេសា ឆ្នាំ២០១៩ នៅវិទ្យាល័យ១០មករា១៩៧៩ ក្រុងសៀមរាប។
មានប្រសាសន៍នៅក្នុងពិធីបិទការប្រលង ប្រកាសជ័យលាភីសិស្សពូកែនេះលោកបណ្ឌិសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃ អាទិត្យ ទី ២៨ ខែ មេសា ឆ្នាំ២០១៩នេះ បានសម្តែងនូវការសាទរចំពោះសិស្សានុសិស្សជាប់ជ័យលាភីសិស្សពូកែទូទាំងប្រទេសឆ្នាំ២០១៩ និង គណៈកម្មការមេប្រយោគ ព្រមទាំងអាជ្ញាធរខេត្តសៀមរាប លោកគ្រូអ្នកគ្រូដែលបានជួយ ឲ្យដំណើរការប្រឡងប្រព្រឹត្តិទៅដោយរលូន និងទទួលបានលទ្ឋផលល្អ ។ ជាមួយនឹងការអបអរសាទរ លោករដ្ឋមន្ត្រីក៏បានជំរុញលើកទឹកចិត្ត និង ផ្តល់អនុសាសន៍ ដល់សិស្សដែលមិនបានជាប់ជ័យលាភី ។
លោកហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា សូមក្មួយៗដែលមិនបានជាប់ជ័យលាភី កុំបាក់ទឹកចិត្ត បើក្មួយៗបន្តខំរៀនបន្ថែមទៀត ទោះមិនជាប់ជ័យលាភីសិស្សពូកែក៏ប្អូនៗក្មួយៗប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានដែរ និង អាចទទួលបាននិទ្ទេសល្អផងក៏មាន ។ កត្តាសំខាន់នោះ គឺរៀនជាប់ជានិច្ច ទាំងអ្នកជាប់ និង អ្នកមិនជាប់ជ័យលាភី គឺមិនត្រូវបោះបង់ការសិក្សាឡើយ ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានរំលេចផងដែរ អំពីមោទនភាពនៃលទ្ឋផលរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ក្នុងពេលកន្លងមកឃើញថា អតីតជ័យលាភីសិស្សពូកែរបស់យើង បានផ្តល់មោទកភាពជាតិ ដោយបានចូលរួមប្រកួតប្រជែងកម្រិតអន្តរជាតិជាបន្តបន្ទាប់ និង បាននាំមេដាយ និង ពានរង្វាន់នានាមកជូនជាតិមាតុភូមិជាបន្តបន្ទាប់ផងដែរ ។
លោករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ក្មួយៗដែលទទួលបានជ័លាភីសិស្សពូកែ និង ជាសិស្សពូកែទាំងអស់ត្រូវបន្តខិតខំកសាងខ្លួន ឲ្យក្លាយជាយុវជនជឿនលឿន ជាសរសស្តម្ភដ៏រឹងមាំរបស់ប្រទេសជាតិនិង ស្វែងរកកិត្តិយសថ្មីៗទៀតជូនជាតិមាតុភូមិ ជាពិសេសជ័យលាភីសិស្សពូកែទាំងបីមុខវិជ្ជាទាំងពីរកម្រិតថ្នាក់ ទាំងថ្នាក់ទី៩និងថ្នាក់ទី១២ ក៏ត្រូវត្រៀមខ្លួនប្រឡងឲ្យជាប់សញ្ញាបត្រមធ្យមសិក្សាថ្នាក់ជាតិ និងត្រៀមខ្លួនឲ្យបានល្អ ដើម្បីបន្តចូលរៀននៅមធ្យមសិក្សាទុតិយភូមិនិងនៅឧត្តមសិក្សា ព្រមទាំងបានជម្រុញដល់គ្រប់មន្ទីរអប់រំយុវជននិងកីឡា រាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ពិនិត្យតាមដានលើការជ្រើសរើសជ័យលាភីសិស្សពូកែថ្នាក់រាជធានី ខេត្ត ឲ្យកាន់តែល្អប្រសើរថែមទៀត ពោលគឺឲ្យចំសិស្សពូកែថ្នាក់ខេត្តពិតប្រាកដមុននឹងបញ្ជូនមកចូលរួមប្រឡងប្រជែងនៅថ្នាក់ជាតិនៅឆ្នាំក្រោយៗទៀត ។
សូមបញ្ជាក់ផងដែរថា ឆ្នាំ២០១៩នេះជាលើកទី២៦នៃការប្រឡងជ្រើសរើសជ័យលាភីសិស្សពូកែទូទាំងប្រទេស ហើយក៏ជាលើកទី៦ ដែលខេត្តសៀមរាបបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រឡង ហើយការប្រឡងនេះបានប្រព្រឹត្តិទៅក្នុងអំឡុងខែមេសាជារៀងរាល់ឆ្នាំ។
យោងតាមសេចក្តីប្រកាសរបស់គណៈកម្មការរៀបចំការប្រឡងនេះ បង្ហាញថា សិស្សកម្រិតថ្នាក់ទី៩ ជ័យលាភីផ្នែកអក្សរសិល្បិ៍ខ្មែរមានចំនួន១០នាក់ ផ្នែករូបវិទ្យា១០នាក់ និង ផ្នែកគណិតវិទ្យា១០នាក់ និង សិស្សកម្រិតថ្នាក់ទី១២ ជ័យលាភីផ្នែកអក្សរសិល្បិ៍ខ្មែរចំនួន១០នាក់ ផ្នែករូបវិទ្យា១០នាក់ និងផ្នែកគណិតវិទ្យា១០នាក់ ។
គ្រប់បេក្ខជនទទួលជ័យលាភីសិស្សពូកែ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ការចូលរួមប្រឡងសិស្សពូកែថ្នាក់ជាតិ១សន្លឹក ។ បន្ថែមពីលើនេះ សិស្សជ័យលាភីទទួលបានមេដាយ មាស ប្រាក់ និងសំរិទ្ឋ ពីលេខ១ដល់លេខ៣ ទទួលបានសញ្ញាបត្រសិស្សពូកែទូទាំងប្រទេស និង ប្រាក់រង្វាន់ចាប់ពីលេខ១ដល់លេខ១០ ពី៣លាន៥សែនរៀល មកត្រឹម ៨សែនរៀល ៕
ជា ស្រស់
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់