
Buntav
· 2019-05-06
រាប់ពាន់នាក់បាតុកម្ម ប្រឆាំងប្រធានាធិបតី មិចស៊ីកូ
0
ប្រជាជនរាប់ពាន់នាក់បាននាំគ្នាដង្ហែក្បួននៅរដ្ឋធានី ប្រទេសមិចស៊ីកូ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ធ្វើបាតុកម្មប្រឆាំងប្រធានាធិបតី Andres Manuel Lopez Obrador និងទាមទារឲ្យលោកលាលែងពីតំណែង ខណៈទើបតែចូលកាន់អំណាចតាមរយៈការបោះឆ្នោតបានប៉ុន្មានខែតែប៉ុណ្ណោះ ។ នេះគឺជាមហាបាតុកម្មប្រឆាំងមេដឹកនាំឆ្វេងនិយមដ៏ធំបំផុតនៅមិចស៊ីកូ ។
ក្រុមបាតុករភាគច្រើនស្លៀកពាក់ពណ៌ស ។ បាតុករខ្លះស្រែកពាក្យស្លោក «AMLO, ចុះចេញ!» ដែលជាឈ្មោះហៅខ្លី ត្រកូល របស់ប្រធានាធិបតី ។ បាតុករខ្លះបិទមាត់ សរសេរអក្សរ «AMLO លាលែង!» ចំណែកអ្នកខ្លះទៀត លើកពាក្យស្លោក «មិចស៊ីកូ មិនមែនជារបស់អ្នកឡើយ» និងថា «អ្នកឯងមិនមែន ជា Robin Hood(រឿងនិទានជាឈ្មោះវីរបុរស)» ជាដើម ។
លោក Lopez Obrador បានចូលកាន់តំណែងប្រធានាធិបតីមិចស៊ីកូ កាលពីខែធ្នូ ឆ្នាំ២០១៨ ក្រោយការបរាជ័យរបស់គណបក្សកណ្តាលនិយម គឺគណបក្សបដិវត្តន៍ ដែលគណបក្សនេះ ធ្លាប់កាន់អំណាចយូរជាងគេ ជិត៩ទសវត្សរ៍នៅមិចស៊ីកូ ។
អតីតជាចៅហ្វាយក្រុង មិចស៊ីកូ ពីរអាណត្តិ មុនពេលក្លាយជាប្រធានាធិបតី, លោក Lopez Obrador បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីកាលពីខែកក្កដា ឆ្នាំ២០១៨ ។ គាត់ទទួលបានសំឡេងគាំទ្រ ដោយសារគោលនយោបាយ លេចធ្លោ, ការប្រឆាំងអំពើពុករលួយ, កាត់បន្ថយអំពើហិង្សា ដោះស្រាយវិសមភាព និងជំរុញលើកស្ទួយសេដ្ឋកិច្ចជាតិ ។
ប៉ុន្តែបើតាមបាតុករម្នាក់និយាយថា ក្រោយពីឡើងកាន់អំណាច ប្រធានាធិបតីមិចស៊ីកូ ហាក់មិនបានធ្វើតាមកិច្ចសន្យានោះឡើយ ។ ក្នុងនោះមានដូចជាការលុបគម្រោងសាងសង់ព្រលានយន្តថ្មី ទីក្រុងមិចស៊ីកូតម្លៃ១៣ពាន់លានដុល្លារជាដើម ហើយជាមួយគ្នានេះ អំពើហិង្សា ក៏ពុំមានការថមថយផងទេ ជាពិសេសអំពើហិង្សាបង្កឡើងដោយក្រុមបងធំ បងតូច ជួញដូរគ្រឿងញៀន ។
លោក Enrique Araujo បុគ្គលិកចូលនិវត្តន៍មួយរូបនិយាយថា «បញ្ហាសន្តិសុខ គឺជាបញ្ហាធំជាងគេបំផុត... និងកាន់តែធំជាងនេះទៀតនោះ គឺបញ្ហាយុវជនមិចស៊ីកូតែម្តង ។ ក្នុងរយៈពេលពីរទៅបីឆ្នាំប៉ុណ្ណោះ ប្រទេសមួយនេះ រកកលតែនឹងរលំដាំក្បាលចុះ ក្រឡាប់ចាក់» ។
ប៉ូលិសមិចស៊ីកូបាននិយាយថា បាតុករយ៉ាងតិច៦ពាន់នាក់បានចូលរួមដង្ហែក្បួន បាតុកម្មប្រឆាំងប្រធានាធិបតីនៅមិចស៊ីកូពេលនេះ ។ បាតុករជាច្រើនបានសម្តែងការមិនពេញចិត្ត ចំពោះពាក្យសម្តីរបស់ប្រធានាធិបតី Lopez Obrador ដែលឆ្លើយតបទៅលើក្រុមអ្នកជេរប្រមាថចំពោះរូបគាត់ជាដើម ។
បាតុករ Monica Elizondo បាននិយាយថា «ខ្ញុំមានអារម្មណ៍ថា លោក Obrador បាននិងកំពុងធ្វើឲ្យមានការបែកបាក់ដ៏ធំ ក្នុងប្រទេសដ៏ស្រស់ស្អាតរបស់យើង ជាមួយនឹងពាក្យប្រមាថមើលងាយទាំងនេះ ដែលគាត់បាននិយាយស្តី» ។ «យើងទាំងអស់គ្នា គឺជាប្រជាជនមិចស៊ីកូ ហើយធុញទ្រាន់ក្នុងការស្តាប់ឮសម្តីអសុរោះទាំងនេះខ្លាំងណាស់» ។
លោកប្រធានាធិបតីLopez Obrador បានថ្លែងថា នៅពាក់កណ្តាលអាណត្តិ៦ឆ្នាំ គាត់នឹងស្នើឲ្យមានការបោះឆ្នោតថា តើប្រជាជនមិចស៊ីកូចង់ឲ្យលោកនៅបន្តដឹកនាំ ឬក៏ចុះចេញពីតំណែង ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)