
Sreythea
· 2019-05-17
សុំទោស មេ! វាយច្រឡំគោលដៅ ស្លាប់គ្នាឯង អស់១៧នាក់
0
មន្ត្រីយោធាអាហ្វហ្គានីស្ថាន បាននិងកំពុងធ្វើសង្គ្រាមជាមួយក្រុមឧទ្ទាមតាលីបង់ ដោយបើកការវាយប្រហារតាមដែនអាកាស ។ ប៉ុន្តែ នៅក្នុងប្រតិបត្តិការនោះ បានច្រឡំគោលដៅ ធ្វើឲ្យគ្រាប់មីស៊ីលនោះ ហោះទៅកាន់ទីតាំងរបស់ខ្លួន បណ្តាលឲ្យស្លាប់គ្នាឯងអស់១៧នាក់ និង១៤នាក់រងរបួស ។
ប្រភព័ត៌មានពីមន្ត្រីអាហ្វហ្គានីស្ថានបានថ្លែងថា ការវាយប្រហារដោយច្រឡំគោលដៅនេះ កើតឡើងអំឡុងពេលកងកម្លាំងទាហានរដ្ឋាភិបាលកំពុងប្រតិបត្តិការប្រយុទ្ធជាមួយក្រុមឧទ្ទាមតាលីបង់ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅខាងក្រៅទីក្រុង Lashkar Gah ខេត្ត Helmand ភាគខាងត្បូងរបស់អាហ្វហ្គានីស្ថាន ។
លោក Attaullah Afghan មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាខេត្តបានថ្លែងថា ការវាយប្រហារតាមដែនអាកាសបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា គឺអំឡុងពេលប្រយុទ្ធប្រឆាំងជាមួយក្រុមឧទ្ទាមតាលីបង់ នៅជិតទីក្រុងខាងលើ ហើយក៏មានករណីច្រឡំគោលដៅកើតឡើងតែម្តង ។ លោកថា កម្លាំងប៉ូលិស១៧នាក់បានស្លាប់ និង១៤នាក់ផ្សេងទៀតរងរបួស ។
គេនៅមិនទាន់ដឹងច្បាស់ទេ ថាតើខាងកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ឬក៏ខាងកងកម្លាំងបរទេសដឹកនាំដោយអាមេរិកនោះទេ ដែលវាយប្រហារច្រឡំគោលដៅខាងលើនេះ ។ ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងកាប៊ូល មិនទាន់ធ្វើអត្ថាធិប្បាយបែបណានោះទេ ។ កងកម្លាំងអាមេរិក តែងតែផ្តល់ជំនួយដល់កងទ័ពអាហ្វហ្គានីស្ថាននៅក្នុងប្រតិបត្តិការប្រឆាំងក្រុមឧទ្ទាមតាលីបង់ ។
អភិបាលក្រុង Helmand លោក Mohammad Yasin បានថ្លែងថា នៅពេលនេះ មន្ត្រីជំនាញ បានបង្កើតគណៈកម្មការមួយ ស៊ើបអង្កេតករណីវាយប្រហារច្រឡំគោលដៅខាងលើនេះ បណ្តាលឲ្យស្លាប់ និងរបួស យ៉ាងរដូករណែល ។ សេចក្តីថ្លែងការណ៍របស់ក្រុមតាលីបង់ អះអាងថា កងកម្លាំងសហរដ្ឋអាមេរិក គឺជាអ្នកនៅពីក្រោយការវាយប្រហារតាមដែនអាកាសច្រឡំគោលដៅខាងលើនេះ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)