បង្ហោះផ្សាយ

ខ្មែរ

SaroeunPheara

· 2020-04-01

Chelsea ត្រៀមរុះរើអ្នកចាំទីចាស់ចេញជំនួសមកវិញដោយអ្នកចាំទីម្នាក់របស់ក្លិប AC Milan

#កីឡា# #Chelsea# #Donnarumma# #អ្នកចាំទី# #បាល់ទាត់អន្តរជាតិ#

1211

ក្លិបតោខៀវ Chelsea ត្រូវបានរាយការណ៍មកថា បានចាប់អារម្មណ៍ក្នុងការនាំយកអ្នកចាំទីដៃស្អិតរបស់ ក្លិប AC Milan កីឡាករ Donnarumma នៅកំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ។

បើតាមការចុះផ្សាយរបស់កាសែតអ៊ីតាលី Tuttosport បានឱ្យដឹងថា ក្លិបតោខៀវខាងលើកំពុងតែត្រៀមរៀបចំក្រុមឡើងវិញក្រោយអ្នកចាំទីដៃទីមួយរបស់ខ្លួន Kepa Arrizabalaga រក្សាសំណាញ់ទីមិនសូវបានល្អនៅរដូវកាលនេះ ហើយបានធ្វើឱ្យអ្នកចាត់ការទូទៅរបស់ក្លិបលោក Lampard ចង់បញ្ចេញរូបគេនៅរដូវក្តៅនេះ ម្ល៉ោះហើយ Donnarumma គឺជាបេក្ខភាពមួយរូបដែលអាចមកជំនួសតំបន់នេះបាន។

គួរ​រំលឹក​ដែរ​ថា Chelsea មាន​ក្ដី​សង្ឃឹម​ខ្លាំង​លើ Kepa ពេល​ពួកគេ​ទិញ​​កីឡាករជម្រើស​ជាតិ​អេស្ប៉ាញ់រូបនេះទៅ​កាន់​ទឹក​ដី Stamford Bridge ពី Athletic Club ក្នុង​ឆ្នាំ​២០១៨។ ក្រុម​តោខៀវសង្ឃឹម​រូប​គេ ​អាច​ជួយ​ពួកគេ​លើក​ពាន Premier League បាន ប៉ុន្តែ​មិន​ដូច​ការ​រំពឹង​ទុកនោះទេ។

ចាប់តាំងពីលោក Lampard មកដឹកនាំក្រុមជិតមួយរដូវកាលនេះមក លោកមើលឃើញពីការវិវដ្តរបស់អ្នកចាំទីដៃទីមួយខាងលើហាក់នៅមានកម្រិតនៅឡើយ ហើយមួយរយៈចុងក្រោយនេះកន្លែងបស់គេត្រូវបានជំនួសមកវិញដោយអ្នកចាំទីដៃទីពីរ Caballero វិញ។

ក្រោយបញ្ហានេះកើតឡើង លោកកំពុងតែត្រៀមរៀបចំសំណើមួយចំនួនស្នើទៅក្លិប Milan ដើម្បីចុះហត្ថលេខាលើអ្នកចាំទី Donnarumma ហើយបើតាមរបាយការណ៍បានសរសេរថា ក្លិបតោខៀវនឹងផ្តល់កិច្ចសន្យារយៈពេល ៥ឆ្នាំ បូកជាមួយថ្លៃនឿយហត់ចំនួន ៨លានអឺរ៉ូ ក្នុងមួយរដូវកាលផងដែរ សម្រាប់អ្នកចាំទីរូបនេះ។

គួរបញ្ជាក់ផងដែរថា កុងត្រាបច្ចុប្បន្នរបស់ Donnarumma នៅមានសុពលភាពជាមួយក្លិបរហូតដល់ឆ្នាំ២០២១៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Calciomercato

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស