
ANARCHAK
· 2020-05-29
ពន្លឺតំបន់ប៉ូលជាបាតុភូតធម្មជាតិដ៏អស្ចារ្យ ដែលអ្នកគួរនាំមនុស្សជាទីស្រឡាញ់ទៅទស្សនាម្ដងក្នុងមួយជីវិត!
#តំបន់ប៉ូល# #ពន្លឺ# #បច្ចេកវិទ្យា# #បាតុភូត# #វិទ្យាសាស្ត្រ#
20630
ថ្ងៃនេះ Anarchak សូមលើកមកជូននូវពន្លឺ អររ៉ូរ៉ា (aurora) ឬដែលគេនិយមហៅថា ពន្លឺតំបន់ប៉ូល គឺជាពន្លឺធម្មជាតិមួយដែលបង្ហាញខ្លួននៅលើផ្ទៃមេឃ ក្នុងតំបន់ដែលមានរយៈទទឹងខ្ពស់ជាពិសេសនៅ តំបន់អាកទិច (ប៉ូលខាងជើង) និងអង់តាកទិច (ប៉ូលខាងត្បូង)។
នៅតំបន់ខាងជើង គេអាចមើលឃើញពន្លឺនេះ នៅឆ្នេរភាគខាងជើង តំបន់ស៊ីបេរី ស្កង់ឌីណាវៀ គ្រីនលែន ប្រទេសកាណាដា អ៊ីស្លង់ ជាដើម។
នៅតំបន់ខាងត្បូងវិញគេអាចមើលវាឃើញនៅតំបន់អង់តាកទិចផ្ទាល់ និងសមុទ្រភាគខាងត្បូង។ ជាទូទៅវាមានពណ៌បៃតង តែពេលខ្លះគេក៏អាចមើលឃើញ អររ៉ូរ៉ា ពណ៌ខៀវ និងក្រហមផងដែរ។
ពន្លឺអររ៉ូរ៉ានេះ មានទំនាក់ទំនងជាមួយនឹងជំនោររបស់ព្រះអាទិត្យដែលបក់កាត់ភពផែនដី។ ជំនោរទាំងនោះបក់ចេញពីព្រះអាទិត្យ និងផ្ទុកដោយសមាសធាតុ ប្លាស់ស្មា (Plasma) ល្អិតៗ ដែលត្រូវបានស្រូបទាញទៅក្នុងតំបន់ប៉ូលរបស់ភពផែនដីដោយកម្លាំងម៉ាញេទិច។
បន្ទាប់មកវាបង្កឱ្យមានការប៉ះទង្គិចគ្នារវាងសមាសធាតុល្អិតៗទាំងនោះដែលផ្ទុកដោយថាមពល និងបណ្ដុំអាតូមនីត្រូសែន និងអុកស៊ីសែននៅក្នុងបរិយាកាសផែនដី ដែលបង្កើតបានជាថាមពលថ្មីមួយក្នុងទម្រង់ជាពន្លឺអររ៉ូរ៉ា។
ចំណុចមិនគួររំលងមួយទៀតនោះគឺ អររ៉ូរ៉ាមិនមែនមានតែនៅលើភពផែនដីនោះទេ។ អ្នកវិទ្យាសាស្រ្ដបានរកឃើញពន្លឺអររ៉ូរ៉ា នៅលើភពមួយចំនួនទៀតក្នុងប្រព័ន្ធព្រះអាទិត្យដូចជា ភពព្រហស្បត៍ ភពសៅរ៍ ភពអ៊ុយរ៉ានុស ភពណិបទូន និងភពអង្គារ៍ជាដើម។
ហើយដូចទៅនឹងភពផែនដី ពន្លឺអររ៉ូរ៉ា នៅភពផ្សេងក៏ស្ថិតនៅក្បែរតំបន់ប៉ូលនៃភពទាំងនោះដែរ។អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា ពន្លឺអររ៉ូរ៉ានេះក៏អាចត្រូវបានគេមើលឃើញពីលំហអាកាសផងដែរ ដោយផ្កាយរណបរបស់អាវកាសយានិកធ្លាប់ចាប់បានរូបភាពដ៏ស្រស់ស្អាតរបស់វាពីលំហអាកាស៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)