
TNAOT News
· 2020-08-12
កសិករ១គ្រួសារប្រកបរបរដាំបន្លែសណ្តែកកួរលក់ តែតម្លៃទីផ្សារមានការធ្លាក់ចុះ
#តម្លៃទីផ្សារ# #កសិកម្ម# #សណ្តែកកួរ# #សង្គម# #កសិករ#
3170
ខេត្តប៉ៃលិន ៖ រហូតមកដល់រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ គេសង្កេតឃើញប្រជាពលរដ្ឋ ១គ្រួសារ រស់នៅក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានប្រកបរបរ ដាំបន្លែសណ្តែកកួរ ចំនួន៣២រង ដើម្បីបានផលបេះលក់យកប្រាក់ចិញ្ចឹមជីវិត។ តែនៅខែសីហានេះ តម្លៃទីផ្សារហាក់ដូចជាមានការធ្លាក់ចុះ ដែលធ្វើឱ្យពួកគាត់មានការព្រួយបារម្ភផងដែរ។
ប្រភពព័ត៌មាន ពីកសិករម្នាក់ឈ្មោះ សុខ ភាព ភេទស្រី អាយុ៥0ឆ្នាំ ប្តីឈ្មោះ ហ៊ិន នូ អាយុ៥០ឆ្នាំដូចគ្នា រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងថា គាត់បានជួលដីភូមិគេ ក្នុងតម្លៃ៥០ម៉ឺនរៀល រយៈពេល១ឆ្នាំ ដើម្បីដាំបន្លែសណ្តែកកួរ។ ប្រភពបន្តទៀតថា គាត់ដាំបន្លែនេះចំនួន៣២រង ដោយក្នុងមួយរងៗ(ជួរ) ប្រវែង៥០ម៉ែត្រ ដោយចាប់តាំងពីដាំបានរយៈពេល៦សប្តាហ៍ ទើបរុក្ខជាតិនេះចាប់ផ្តើមចេញផ្កា និងផ្លែ ប្រមូលផលជាបណ្តើរៗ បេះលក់ឱ្យឈ្មួញបានរយៈពេលជិត២ខែមកហើយ។ ចំពោះការប្រមូលផល ក្នុង១ថ្ងៃ បេះសណ្តែកលក់ចាប់ពី៤០ទៅ៦០គីឡូក្រាម។
រីឯតម្លៃទីផ្សារកាលពីដើមខែកក្កដា កន្លងទៅ បានការធ្លាក់ចុះខ្លាំង ដោយឈ្មួញទិញសណ្តែកកួរត្រឹមតែ៨០០រៀល ក្នុង១គីឡូក្រាមប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ តម្លៃទីផ្សារមានការឡើងបន្តិច ដោយ១គីឡូក្រាម ឈ្មួញទិញតម្លៃ១៥០០រៀល។ គាត់បញ្ជាក់ថា កាលពីដាំមុនៗឈ្មួញទិញសណ្តែកកួរ១គីឡូក្រាម តម្លៃ៣៥០០ទៅ៤០០០រៀល ដែលអាចធ្វើឱ្យគាត់មានការចំណេញសល់ថវិកាខ្លះ សម្រាប់ផ្គត់ផ្គង់ ជីវភាព លុះមានការនាំចូលមកពីតាមបណ្តាខេត្តផ្សេងៗក៏ធ្លាក់ចុះតែម្តង។
គាត់បន្ថែមថា បន្ទាប់ពីចំណាយដើមទុន អស់ជាង៤លានរៀល រួមទាំងការជួលដី ទិញកូនឈើធ្វើទ្រើង មិនទាន់ទូទាត់សងថ្លៃជំពាក់គេរួចរាល់នៅឡើយទេ ប្រហែលជាដាំម្តងទៅ២ដងទៀត ទើបអាចទូទាត់សងគេអស់។ គាត់ក៏មានបញ្ហាប្រឈមមួយចំនួនដែរ ដោយបន្ទាប់ពីសណ្តែកកួរ ចេញផ្កាផ្លែ ហាក់ដូចជាមានស្រមោច និងចៃច្រើន ពិបាកក្នុងថែទាំ ហើយទិន្នផល ក៏មានការធ្លាក់ចុះជាងឆ្នាំមុនៗដែរ ខណៈគាត់មិនហ៊ានប្រើថ្នាំ ឬជីគីមីនោះឡើយ ក្រែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ។ ទោះជាយ៉ាងណាបន្ទាប់ពីប្រមូលផលសណ្តែកកួរនេះរួចរាល់ គ្រួសាររបស់គាត់នឹងដាំត្រសក់ផ្អ (ទ្រើង)វិញម្តង៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)