
Tola
· 2019-01-20
សញ្ញាសុខភាព១០យ៉ាង បញ្ជាក់ថាអ្នកផឹកទឹកមិនគ្រប់តាមរាងកាយត្រូវការ
0
ទោះបីពេទ្យព្យាយាមណែនាំឱ្យមនុស្សគ្រប់រូបផឹកទឹកឱ្យបានច្រើន យ៉ាងហោចណាស់លើសពី១លីត្រកន្លះក្នុងមួយថ្ងៃ តែជឿជាក់ថា មានមនុស្សច្រើនណាស់ដែលមិនអាចធ្វើបាន។ ដោយសារការរវល់ការងារ ហើយទឹកសុទ្ធមិនសូវមានរសជាតិឆ្ងាញ់ដូចភេសជ្ជៈផ្សេងៗ មនុស្សភាគច្រើនបានមើលរំលងការញ៉ាំទឹកនេះ រហូតធ្វើឱ្យរាងកាយខ្សោះជាតិទឹក ចេញជារោគសញ្ញាពាក់ព័ន្ធនឹងសុខភាពដូចខាងក្រោម៖
១. ក្រៀមមាត់ ឬឡើងប្រេះ
នេះជាសញ្ញាដំបូងគេដែលអ្នកអាចសង្កេតបាន បើរាងកាយអ្នកមិនសូវមានជាតិទឹកគ្រប់គ្រាន់។ កាលណាខ្សោះជាតិទឹក មាត់ និងអណ្ដាតរបស់អ្នកនឹងប្រែជាក្រៀម ប្រេះ ឬរបកដល់ថ្នាក់ចេញឈាមក៏មាន។ ក្រៅពីរបក ឬប្រេះមាត់ ជួនកាលវាអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្រេកទឹកខ្លាំងខុសពីធម្មតា។
ដូច្នេះបើមានអាការៈនេះ គួរបន្ថែមការញ៉ាំទឹកឱ្យបានច្រើនជាងរាល់ដង ប៉ុន្តែបើសិនអ្នកព្យាយាមញ៉ាំទឹកច្រើនហើយ មាត់នៅតែក្រៀម ឬប្រេះ អ្នកគួរតែទៅជួបគ្រូពេទ្យពិនិត្យ ព្រោះវាអាចជាសញ្ញានៃជំងឺផ្សេងដែលគួរយកចិត្តទុកដាក់។
២. ស្បែកស្ងួត ទោះខំលាបឡេក៏ដោយ
ពិតណាស់ដែលថាស្បែកប្រែប្រួលទៅតាមរដូវ។ នៅរដូវរងា ស្បែកអ្នកនឹងឡើងស្ពឹកស្រពន់ គ្មានជីវិតជីវា ឬឡើងស្ងួតជាដើម។ អ្នកនឹងឃើញស្បែកបាត់បង់ជាតិសំណើមដែលត្រូវការប្រើផលិតផលបន្ថែមសំណើមដល់ស្បែក។
ប៉ុន្តែក្នុងករណីដែលអ្នកប្រើឡេ ឬផលិតផលបន្ថែមសំណើមដល់ស្បែក តែស្បែកនៅតែគ្មានការផ្លាស់ប្ដូរ គឺនៅតែស្ងួតដដែល អ្នកគួរតែគិតដល់ការផឹកទឹកបន្ថែមវិញ ព្រោះវាមិនមែនជាការស្ងួតដោយសារអាកាសធាតុ តែជាការស្ងួតពីខាងក្នុងមកតែម្ដង។
៣. ឧស្សាហ៍ឈឺក្បាល
អារម្មណ៍មួយនេះពិតជាពិបាកទ្រាំ ហើយមានមនុស្សតិចណាស់ដែលចាប់ភ្លឹកថាមកពីការខ្សោះជាតិទឹកក្នុងខ្លួន។ ពេលឈឺក្បាល មនុស្សភាគច្រើនតែងគិតដល់ការប្រើខួរក្បាលគិតច្រើនពេក ឬការគេងមិនគ្រប់គ្រាន់ ប៉ុន្តែការញ៉ាំទឹកមិនបានគ្រប់គ្រាន់ក៏ជាមូលហេតុធំដែរ។
យោងតាមមូលនិធិជាតិលើកស្ទួយការយល់ដឹងពាក់ព័ន្ធជំងឺឈឺក្បាលបានឱ្យដឹងថា អាការៈឈឺក្បាលគឺជាសញ្ញានៃការខ្វះជាតិទឹកក្នុងខ្លួនដែលមិនអាចមើលរំលងបាន។ ការញ៉ាំទឹកមិនបានគ្រប់គ្រាន់អាចបណ្ដាលឱ្យទៅជាជំងឺប្រកាំង។ មូលនិធិខាងលើបានណែនាំឱ្យផឹកតែទឹកមួយមុខគត់ ពេលឈឺក្បាល ហើយជៀសវាងការផឹកភេសជ្ជៈផ្អែម ឬប្រៃ ដែលនឹងបណ្ដាលឱ្យរាងកាយកាន់តែបាត់បង់ជាតិទឹក។
៤. អស់កម្លាំងគ្រប់ពេល
គ្រូពេទ្យក៏បានណែនាំឱ្យមនុស្សគ្រប់គ្នាគេងឱ្យបានគ្រប់គ្រាន់ ពោលគឺចាប់ពី៨ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែបើអ្នកគេងបានគ្រប់គ្រាន់ តែនៅតែមានអារម្មណ៍អស់កម្លាំង ចេះតែល្វើយ បានន័យថាអ្នកខ្វះជាតិទឹកហើយ។
អាការៈអស់កម្លាំងនេះនឹងប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកវិញ្ញាណក្នុងការប្រមូលអារម្មណ៍ធ្វើអ្វីមួយ ដែលនឹងនាំឱ្យអ្នកធ្វើការងារមិនបានល្អ ឬបណ្ដាលឱ្យមានគ្រោះថ្នាក់ដោយចៃដន្យណាមួយទៀតផង។ ដូច្នេះដើម្បីជៀសវាងការអស់កម្លាំងដ៏គួរឱ្យខ្លាចនេះ អ្នកគួរបន្ថែមការញ៉ាំទឹកឱ្យបានច្រើនជាងមុន។
៥. ទម្ងន់ចេះតែឡើងជាងមុន
ជឿឬអត់ ថាការញ៉ាំទឹកមិនបានគ្រប់គ្រាន់អាចធ្វើឱ្យទំហំចង្កេះរបស់អ្នកធំជាងមុន? ការខ្វះជាតិទឹកក្នុងរាងកាយមិនអាចជួយឱ្យដំណើរការរំលាយអាហារដើរបានស្រួលទេ ហើយជាលទ្ធផល កាកសំណល់ និងអាហារដែលអ្នកញ៉ាំចូលទៅមិនអាចរំលាយបាន ហើយក៏មិនអាចរុញចេញមកតាមការបន្ទោបង់បានល្អដែរ។
ហេតុនេះហើយទើបអ្នកតែងឃើញអ្នកជំនាញធ្វើឱ្យរាងស្អាត និងគ្រូហាត់ប្រាណតែងណែនាំឱ្យមានការញ៉ាំទឹកឱ្យបានច្រើនដើម្បីជួយឱ្យស្រកទម្ងន់ និងបានរាងស្លីមស្អាត។
៦. ពិបាកបត់ជើង
ដូចគ្នានឹងចំណុចខាងលើដែរ កាលណារាងកាយមិនមានជាតិទឹកគ្រប់គ្រាន់ កាកសំណល់ក៏មិនបានបញ្ចេញមកបានដែរ។ ធម្មតា រាងកាយត្រូវការទឹកច្រើនដើម្បីរុញកាកសំណល់ឱ្យចេញមកតាមទ្វារបន្ទោរបង់ តែបើខ្វះជាតិទឹក វានឹងទៅជាស្អិត ហើយពោះវៀនក៏គ្មានកម្លាំងរុញអាហារចេញមកដែរ។
៧. ពណ៌ទឹកនោមឡើងលឿងចាស់
សញ្ញាមួយនេះស្រួលចំណាំជាងគេ ថារាងកាយអ្នកមានជាតិទឹកគ្រប់គ្រាន់ឬក៏អត់? មានចំណុចមួយទៀតដែលអ្នកអាចសង្កេតបាន គឺអ្នកមិនសូវចង់ទៅនោមដូចពេលញ៉ាំទឹកច្រើនឡើយ។ សូមកុំគិតថា ការនោមច្រើនដងគឺជាការរំខាន តែវាជាការល្អដែលជួយឱ្យមេរោគក្នុងរាងកាយហូរចេញតាមទឹកនោម ហើយបើអ្នកមិនសូវចូលបន្ទប់ទេ មេរោគក៏នៅស្ទះជាប់ក្នុងរាងកាយទៅតាមហ្នឹងដែរ។
៨. អ្នកប្រែជាឆាប់ខឹង មួម៉ៅច្រើន
ការសិក្សាផ្នែកវេជ្ជសាស្ត្រជាច្រើនបានរកឃើញថា កង្វះជាតិទឹកក្នុងរាងកាយនឹងធ្វើឱ្យដំណើរការនៃប្រព័ន្ធប្រសាទប្រែប្រួល ដែលប៉ះពាល់ទៅនឹងសមត្ថភាពក្នុងការផ្ចង់អារម្មណ៍ និងធ្វើឱ្យអារម្មណ៍ទៅជាមួម៉ៅខុសពីធម្មតា។
៩. ពេលឈឺម្ដងៗ មិនងាយជា
ការញ៉ាំទឹកបានគ្រប់គ្រាន់ជួយរាងកាយក្នុងការបណ្ដេញជាតិពុលក្នុងខ្លួន។ សរីរាង្គទាំងអស់ក្នុងរាងកាយយើងត្រូវការធ្វើការបែងចែកកាកសំណល់ដូចជាម៉ាស៊ីនធ្វើការក្នុងរោងចក្រដែរ ប៉ុន្តែបើប្រេងចាក់ម៉ាស៊ីនមានមិនគ្រប់ ម៉ាស៊ីនក៏មិនអាចដំណើរការបានដែរ។
ជាលទ្ធផល សរីរាង្គទាំងនោះនឹងត្រូវទាញជាតិទឹកពីកន្លែងផ្សេងៗដូចជា ពីឈាមដែលនាំឱ្យមានបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរ ហើយមិនជាសះស្បើយដូចអ្នកញ៉ាំទឹកបានច្រើន។
១០. ឈឺសន្លាក់និងសាច់ដុំ
ជាគោលការណ៍ ឆ្អឹងខ្ចី និងថាសឆ្អឹងខ្នងរបស់មនុស្សត្រូវបានបង្កើតឡើងដោយជាតិទឹកដល់ទៅ៨០%។ នេះជាអ្វីដែលធ្វើឱ្យឆ្អឹងរបស់យើងមិនទង្គិចគ្នា ពេលធ្វើចលនា ហេតុនេះហើយទើបពេលដើរ រត់ ឬលោតសាច់ដុំនៅតែអាចធ្វើចលនាបានដោយមិនមានការឈឺចាប់ ឬទោះមានការឈឺចាប់ក៏មិនធ្ងន់ធ្ងរ។ ប៉ុន្តែបើសិនមិនមានជាតិទឹកគ្រប់គ្រាន់ដែលអាចប្រើបានសន្លាក់ និងសាច់ដុំទាំងនោះក៏មិនអាចធ្វើការបានល្អដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ថ្នាក់ដឹកនាំក្រសួងអប់រំកម្ពុជា និងសិង្ហបុរី ពិភាក្សាផ្លាស់ប្តូរបទពិសោធការងារ និងវឌ្ឍនភាពប្រព័ន្ធអប់រំរបស់ប្រទេសទាំងពីរ

ផ្កាម្លិះ Hengzhou មានក្លិនក្រអូប និងពណ៌ស

ប្រុងប្រយ័ត្នបន្តិចទៅ តារានិករទាំង ៤ នេះ ងាយត្រូវមនុស្សក្បែរខ្លួនធ្វើបាប បោកប្រាស់ ក្បត់ចិត្តណាស់ ចឹងហើយ កុំសូវទុកចិត្តអ្នកណាស្លុងពេក

ទស្សនាតាំងពិពណ៌រូបចម្លាក់ព្រិលដ៏អស្ចារ្យ មានគ្រាគួរឱ្យស្រលាញ់ជាច្រើន

យោបល់ទាំងអស់ (0)