
Project Inspire
· 2021-05-01
ជំនាញទន់សំខាន់ៗទាំង4ដែលសិស្សសកលវិទ្យាល័យមិនគួរមើលរំលង
#ការសិក្សា# #ចំណេះដឹង# #មេរៀន# #អប់រំ និងការងារ# #Inspire#
17729

និស្សិតម្នាក់ៗរមែងតែងតែចង់ទទួលបាននូវលទ្ធផលល្អក៏ដូចជាសមត្ថភាពពិតប្រាកដមួយក្នុងអំឡុងពេលរៀនមហាវិទ្យាល័យនិងក្រោយពេលបញ្ចប់។ ហើយរឿងទាំងនេះគឺជាលទ្ធផលដែលនិស្សិតគ្រប់រូបប្រាថ្នាចង់បាន ព្រោះប្រសិនបើពួកគេទទួលបានលទ្ធផលផ្លែផ្កាល្អ នោះវានឹងជួយឱ្យពួកគេងាយស្រួលក្នុងការរកការងារក៏ដូចជាសម្រេចនូវរាល់ភារកិច្ចទាំងឡាយក្នុងពេលអនាគត។ មានមនុស្សជាច្រើនតែងនិយាយថា ជីវិតក្នុងពេលសិក្សាមហាវិទ្យាល័យឬសាកលវិទ្យាល័យគឺហាក់បីដូចជាមានភាពខុសគ្នាយ៉ាងខ្លាំងបើប្រៀបទៅនឹងការសិក្សាថ្នាក់វិទ្យាល័យ ព្រោះតែការសិក្សានៅវិទ្យាល័យជាទូទៅមិនសូវតម្រូវឲ្យសិស្សានុសិស្សធ្វើការសិក្សាស្រាវជ្រាវបន្ថែមក្រៅពីការរៀននៅក្នុងថ្នាក់នោះទេ។ សិស្សានុសិស្សភាគច្រើន អាចទទួលបាននូវលទ្ធផលល្អៗដោយគ្រាន់តែបំពេញកិច្ចការផ្សេងដែលលោកគ្រូអ្នកគ្រូបានដាក់ឲ្យនិងផ្តល់ជាដំបូន្មាន។ ឧទាហរណ៍ដូចជាការកត់មេរៀន ទន្ទេញមេរៀនឬអនុវត្តរូបមន្តលំហាត់ដែលពួកគាត់បានដាក់ឲ្យ។ល។ ដោយឡែកការសិក្សានៅមហាវិទ្យាល័យគឺជាពេលដែលយើងត្រូវធ្វើអ្វីដែលខ្លួនឯងមិនថាកត់ត្រាចំណុចសំខាន់ឬការស្រាវជ្រាវជាដើម។ដូច្នេះហើយការចូលប្រឡូកក្នុងជីវិតមហាវិទ្យាល័យមិនមែនស្រួលដូចការគិតនោះឡើយ តែក៏មិនមែនថាពិបាកនោះដែរប្រសិនបើយើងបានយល់ដឹងនូវតិចនិកមួយចំនួននៅខាងក្រោមនេះ។
1.គួរកំណត់ពេលវេលាឲ្យបានច្បាស់លាស់:
ជាការពិតណាស់ការកំណត់ពេលវេលាឲ្យបានច្បាស់លាស់ក្នុងកាសិក្សាគឺជារឿងសំខាន់ដែលនិស្សិតគ្រប់រូបមិនគួរមើលរំលងព្រោះថាក្នុងពេលដែលអ្នកឈានជើងចូលថ្នាក់សាកលវិទ្យាល័យនោះអ្នកប្រាកដជាពិបាកប្រសិនបើអ្នកមិនកំណត់ពេលវេលានិងគោលដៅឲ្យបានច្បាស់លាស់។ការកំណត់ពេលវេលាក្នុងការរៀនគឺជាវិធីងាយហើយប្រសិនបើអ្នកទម្លាប់ធ្វើវាជារៀងរាល់ថ្ងៃ។ វាមិនត្រឹមតែជួយអោយអ្នកទទួលបាននូវលទ្ធផលល្អក្នុងការសិក្សាប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យអ្នកក្លាយជាបុគ្គលម្នាក់ដែលចេះគ្រប់គ្រងពេលវេលាបានល្អទៀតផង។
2.ការធ្វើការងារជាក្រុម:
ការធ្វើការងារជាក្រុមគឺអាចផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់សិស្សានុសិស្ស។ នៅក្នុងនោះចំណុចសំខាន់ៗដែលយើងអាចកត់សម្គាល់បានមានដូចជា ការអភិវន្ឍន៍ក្នុងការដោះស្រាយបញ្ហា ការបំផុសគំនិតអោយគិតបានសុីជម្រៅ និងការចេះវិភាគជាដើម។ គួរបញ្ជាក់ផងដែរថាការធ្វើការងារជាក្រុមក្នុងអំឡុងពេលកំពុងសិក្សា វាប្រៀបបានទៅនឹងការលត់ដំខ្លួនឯងក្នុងការអភិវន្ឍន៍ខ្លួនសម្រាប់ពេលចូលប្រឡូកការងារក្នុងពេលអនាគត។
3.កត់ត្រានូវចំណុចសំខាន់ៗពេលគ្រូពន្យល់:
ការកត់ត្រាមិនត្រឹមតែជួយឲ្យអ្នកផ្ចង់អារម្មណ៍ក្នុងថ្នាក់បានល្អនោះទេថែមទាំងជួយឲ្យអ្នកងាយស្រួលក្នុងការរំលឹកមេរៀនផងដែរ។ ការធ្វើបែបនេះជាប្រចាំនឹងជួយពង្រឹងការចង់ចាំរបស់អ្នកបានល្អ។ មិនតែប៉ុណ្ណោះ វាថែមទាំងជួយពង្រឹងនូវសមត្ថភាពរបស់អ្នកឲ្យកាន់តែល្អនិងខ្លាំងជាងមុនផងដែរ។
4.ក្លាហានក្នុងការសួរសំណួរ:
ក្នុងពេលរៀននៅសាកលវិទ្យាល័យ ការបង្រៀនរបស់សាស្ត្រាចារ្យម្នាក់ៗមិនមែនដូចការពន្យល់របស់គ្រូនៅវិទ្យាល័យនោះទេ ប្រសិនបើមេរៀនដើមដំបូងមិនយល់ហើយ នោះមេរៀនក្រោយច្បាស់ជាងងឹតស្លុងជាក់ជាមិនខាន។ ដូច្នេះហើយប្រសិនបើអ្នកមានចម្ងល់ឬមិនយល់ច្បាស់ត្រង់ចំណុចណាមួយ អ្នកត្រូវតែតាំងចិត្ត ក្លាហានហ៊ានសួរព្រោះពេលខ្លះនៅពេលដែលយើងសួរសំណួរហើយទទួលបាននូវចម្លើយពីសាស្រ្តាចារ្យអាចជួយអោយគំនិតរបស់យើងកាន់តែរីកដុះដាលជាងមុនបន្ថែមទៀត ហើយប្រសិនបើមានពេលស្រាវជ្រាវបន្ថែមខ្លួនឯងនោះវាកាន់តែប្រសើរទៅទៀត។
ប្រសិនបើអ្នកមានបំណងចង់ចូលរួមសិក្ខាសាលាឬវគ្គសិក្សាដើម្បីបង្កើនសក្តានុពល សូមតាមដានទំព័រផ្លូវការហ្វេសបុកផេករបស់ Project Inspire ដែលមានតំណភ្ជាប់នៅខាងក្រោមនេះដើម្បីទទួលបានព័ត៌មានថ្មីៗនិងលំអិត៖
https://www.facebook.com/pg/projectinspirecambodia/
សរសេរដោយសមាជិក Project Inspire ស៊ុំ ពេជ្រកណ្និកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)