បង្ហោះផ្សាយ

ខ្មែរ

Chanvatey

· 2019-03-04

សិស្សានុសិស្សចំនួន២២០នាក់ទទួលបានអំណោយជាសម្លៀកបំពាក់ សម្ភារសិក្សា ពីសប្បុរសជននៅប្រទេសបារាំង និងសហរដ្ឋអាមេរិក

0

បន្ទាយមានជ័យ៖ សិស្សានុសិស្សចំនួន២២០នាក់ មកពីសាលាចំនួន៥ ទទួលបានសម្ភារសប្បុរសជនមកពីប្រទេសបារាំងនិងសហរដ្ឋអាមេរិក ធ្វើការចែកជូននៅសាលាបឋមសិក្សាភ្នំបាក់ ស្ថិតនៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ការចុះចែកសម្ភារសិក្សានេះ ដឹកនាំដោយ លោកស្រី សុខុម ពុថុនា លោកស្រី ប្លុង ម៉ារីយ៉ែត លោកស្រី ហួត ការលីន រួមអតីតសិស្សសាលា នែតយ៉ង ខេត្តបាត់ដំបង ដែលមានការចូលរួមជាមួយសាកលវិទ្យាល័យមានជ័យ នៅថ្ងៃចុងសប្តាហ៍មកនេះ។

លោកស្រី សាត ធីតា តំណាងក្រុមការងារបានសម្តែងទឹកចិត្តសប្បាយរីករាយ ដោយបាននាំយកអំណោយជាសម្ភារសិក្សា ដែលបានកៀរគរពីសប្បុរសជននៅប្រទេសបារាំង និងសហរដ្ឋអាមេរិក ដើម្បីយកមកចែកជូនដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាតនូវសម្ភារសិក្សារៀនសូត្រ ដែលជាចំណែកមួយក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

លោកស្រីបន្តថា អ្វីដែលកាន់រំភើប នោះគឺនៅពេលក្រុមការងាររបស់លោកស្រីមកដល់ទីនេះ គឺមានការស្វាគមន៍យ៉ាងកក់ក្តៅទីបំផុត ពីសំណាក់ក្មួយៗសិស្សានុសិស្ស។ លោកស្រី សាត ធីតា បានបញ្ជាក់ថា៖ សកម្មភាពនេះ គឺចង់បង្ហាញពីការជួបជុំអតីតសិស្សសាលា នែតយ៉ង ខេត្តបាត់ដំបង(ឆ្នាំ៨៨-៨៩)ដែលបានបែកគ្នាជាយូរមកហើយ ជាមួយនឹងការជួបជុំនេះ លោកស្រី និងមិត្តភក្តិបានរៀបចំជាកម្មពិធីចែកសម្ភារសិក្សាដល់សិស្សានុសិស្ស ដែលឆ្នាំកន្លងទៅបានធ្វើឡើងនៅខេត្តបាត់ដំបង ហើយសម្រាប់ខេត្តបន្ទាយមានជ័យទើបតែលើកទី១ ហើយក្រុមការងារ មិត្តភក្តិទាំងអស់ក៏នឹងបន្តធ្វើជួយដល់សិស្សានុសិស្ស ជនក្រីក្រ និងវរកងទ័ពដែលបានឈរជើងតាមបន្ទាត់ព្រំដែនជាដើម។

លោកស្រី ក៏បានធ្វើការផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវធ្វើការអប់រំមិត្តភក្តិ បងប្អូនឲ្យបានយល់ច្បាស់ពីផលប៉ះពាល់នៃគ្រឿងញៀន។

សម្ភារដែលបានយកទៅចែកជូនសិស្សានុសិស្សទាំង២២០នាក់ មកពី៥សាលា មានសាលាបឋមសិក្សា ភ្នំបាក់ , សាលា ទឹកថ្លា, សាលាភូមិគាប, សាលាបឋមសិក្សាបាណយ ស្ថិតនៅក្នុងក្រុងសិរីសោភ័ណ និងសាលាបឋមសិក្សា ភូមិស្រមោច ស្រុកព្រះនេត្រព្រះ ដោយក្នុងនោះសិស្សានុសិស្សម្នាក់ទទួបានមាន៖ ប៊ិច សៀវភៅ កាបូប សម្លៀកបំពាក់ ក្រមា ថ្នាំដុសធ្មេញជាដើម ក្នុងនោះលោកគ្រូ-អ្នកគ្រូ ចំនួន២០នាក់ ម្នាក់ទទួលបានថវិកា ២ម៉ឺនរៀលផងដែរ៕អត្ថបទ៖ វណ្ណា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)