បង្ហោះផ្សាយ

ខ្មែរ

Sovandary

· 2019-03-05

ប៉ាគីស្ថាន-ឥណ្ឌា ដំណើរការសេវាដឹកជញ្ជូន តាមផ្លូវដែក ឆ្លងព្រំដែនឡើងវញ

0

កាលពីថ្ងៃចន្ទ ប៉ាគីស្ថានបានប្រកាសបន្តដំណើរការរថភ្លើង ដឹកអ្នកដំណើរឆ្លងដែនទៅកាន់ឥណ្ឌា បន្ទាប់ពីបិទ អស់រយៈពេលប៉ុន្មានថ្ងៃ ដោយសារស្ថានការតានតឹងប្រឈមមុខផ្ទុះសង្គ្រាមដាក់គ្នា ។

ប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថានបានបញ្ជាក់ថា រថភ្លើង Samjhota Express ដឹកអ្នកដំណើរ១៥០នាក់ បានចេញដំណើរពីស្ថានីយរថភ្លើងនៅ Lahore ខេត្ត Punjab ឆ្ពោះទៅកាន់ ប្រទេសឥណ្ឌាហើយ កាលពីថ្ងៃទី៤ ខែមីនា ។ រថភ្លើងនេះ ដំណើរការសេវាដឹកជញ្ជូនតាមផ្លូវដែក នៅថ្ងៃចន្ទ និងថ្ងៃព្រហស្បតិ៍ ឆ្លងកាត់ទៅវិញទៅមក រវាងប្រទេសទាំងពីរ ។

គួររំលឹកថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ប៉ាគីស្ថានបានប្រកាសផ្អាក សេវាដឹកជញ្ជូនតាមរថភ្លើង ជាមួយប្រទេសឥណ្ឌា ដោយសារស្ថានការតានតឹង ។ ប៉ុន្តែទោះបីយ៉ាងណា ការដឹកជញ្ជូនតាមរថយន្ត បឺស ឆ្លងកាត់ឥណ្ឌា-ប៉ាគីស្ថាន នៅតែដំណើរការដដែល ។

ប្រទេសជាច្រើននៅក្នុងតំបន់ និងជុំវិញពិភពលោកបានស្នើឲ្យភាគីទាំងពីរ រក្សាភាពអត់ធ្មត់ បញ្ចៀសហិង្សាដាក់គ្នា ។ ស្ថានការតានតឹងនេះផងដែរ ធ្វើឲ្យជើងហោះហើរជាច្រើនត្រូវផ្អាក ឬហោះហើរផ្លូវវាងពីផ្លូវអាកាសប៉ាគីស្ថានជាដើម ខ្លាចមានការយល់ច្រឡំបាញ់ទម្លាក់ចំយន្តហោះដឹកអ្នកដំណើរ ។

សូមបញ្ជាក់ថា ឥណ្ឌាបានបាញ់ទម្លាក់យន្តហោះចម្បាំងប៉ាគីស្ថាន១គ្រឿង រីឯប៉ាគីស្ថានវិញ បាញ់ទម្លាក់យន្តហោះឥណ្ឌា២គ្រឿង ។

ការបាញ់ទម្លាក់យន្តហោះទៅវិញទៅមក រវាងប្រទេសមានអាវុធបរមាណូដូចគ្នានេះ កើតឡើងបន្ទាប់ពី ពួកឧទ្ទាមលាក់ខ្លួននៅទឹកដីប៉ាគីស្ថានវាយប្រហារលើក្បួនដឹកយោធាឥណ្ឌាសម្លាប់៤២នាក់ ។ ក្រោយព្រឹត្តិការណ៍នេះ ឥណ្ឌាប្រកាសប្តេជ្ញាសងសឹក កម្ទេចជំរំលាក់ខ្លួនហ្វឹកហាត់របស់ក្រុមឧទ្ទាម ក្នុងទឹកដីប៉ាគីស្ថាននោះតែម្តង ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)