បង្ហោះផ្សាយ

ខ្មែរ

Bopha

· 2019-03-18

បំផ្ទុះគ្រាប់បែកក្នុងរថយន្តអត្តឃាត២ករណីផ្សេងគ្នា ស្លាប់មនុស្ស៧នាក់ នៅអាហ្វហ្គានីស្ថាន

0

អំពើហិង្សានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានកើតឡើង ស្ទើរតែរាល់ថ្ងៃ មិនថា គោលដៅពិតប្រាកដសំដៅទៅលើកងកម្លាំងសន្តិសុខរដ្ឋាភិបាល ឬពលរដ្ឋស៊ីវិលអ្វីឡើយ ឲ្យតែពើបប្រទះ ក្រុមឧទ្ទាម គឺលេងបានទាំងអស់ និងគ្រប់ពេលវេលា ។

ប៉ូលិសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៧ ខែមីនា បានបញ្ជាក់ថា មនុស្សយ៉ាងតិច៧នាក់បានស្លាប់ ក្នុងនោះ រួមមានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលផងដែរ និង៣នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីហេតុការណ៍វាយប្រហារគ្រាប់បែកដោយឡែក២ករណីផ្សេងគ្នា ។

ករណីទីនេះ កើតឡើងនៅភាគខាងត្បូងខេត្ត Kandahar ។ មេប៉ូលិសម្នាក់ឈ្មោះ Hajji Zamari ត្រូវបានសម្លាប់ ព្រមជាមួយជនស៊ីវិល៣នាក់ផងដែរ ដោយសារតែការវាយប្រហារគ្រាប់បែកកាលពីព្រលប់ថ្ងៃទី១៦ ខែមីនា នៅក្នុងស្រុក Arghandab ។

ប៉ូលិសបញ្ជាក់ថា គ្រាប់ផ្ទុះបានបង្កប់នៅក្នុងរបងសួនច្បារផ្ទះរបស់លោក Zamari ។ ពេលដែលគាត់មកដល់ រួមជាមួយភ្ញៀវ៣នាក់ទៀត គ្រាប់បែកនោះ ស្រាប់តែផ្ទុះឡើង សម្លាប់មនុស្ស៤នាក់ នៅនឹងកន្លែង ។ ក្នុងនោះ មានមេដឹកនាំកងជីវពលក្នុងតំបន់ម្នាក់ ឈ្មោះ Hajji Shah Wali ផងដែរ ។

នៅភាគខាងកើតខេត្ត Ghazni ទាហានអាហ្វហ្គានីស្ថាន៣នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស ដោយសារតែគ្រាប់បែក បានផ្ទុះ គោលដៅលើរថយន្តយោធាមួយគ្រឿង ស្ថិតនៅតំបន់ Qala-e-Qazi ជាយក្រុង Ghazni កាលពីរសៀលថ្ងៃទី១៦ ខែមីនា ។ នេះបើតាមមន្ត្រីនាំពាក្យរដ្ឋាភិបាលក្នុងតំបន់ Harif Noorim ប្រាប់បណ្តាញព័ត៌មានស៊ីនហួ ។

រថយន្តយោធាត្រូវបានជនវាយប្រហារលួចបង្កប់គ្រាប់បែក ដែលមានកម្លាំងផ្ទុះខ្លាំង ។ ប៉ូលិសអាហ្វហ្គានីស្ថានបានចាត់ទុកថា ទាំង២ករណីខាងលើនេះ ជាសកម្មភាពពួកសត្រូវនឹងសន្តិភាព គឺក្រុមឧទ្ទាមតាលីបង់ ជាអ្នកវាយប្រហារ ។

ពួកឧទ្ទាមតាលីបង់ ធ្លាប់គ្រប់គ្រងដឹកនាំរដ្ឋាភិបាលនៅអាហ្វហ្គានីស្ថានបានមួយរយៈពេលខ្លី មុនពេលត្រូវបានបណ្តេញចេញកាលពីចុងឆ្នាំ២០១១ ។ ពេលដែលត្រូវបណ្តេញចេញពីអំណាចនោះ ក្រុមតាលីបង់នេះ បានបង្កើតកម្លាំងប្រដាប់អាវុធ ហើយធ្វើសកម្មភាពវាយប្រហារកងទ័ពរដ្ឋាភិបាល ព្រមទាំងជនស៊ីវិលផងដែរ ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)