
sambathsopheak
· 2019-04-08
ហេតុការណ៍ផ្ទុះដ៏ខ្លាំងមួយនៅយេមែន ស្លាប់ និងរបួសច្រើននាក់
0
ហេតុការណ៍ផ្ទុះមួយដែលមានកម្លាំងខ្លាំង ស្ថិតនៅប្រទេសយេមែន បណ្តាលឲ្យស្លាប់ និងរបួសមនុស្សជាង១០០នាក់ ។
សមាគមអ្នកសារព័ត៌មាន (AFP) បានផ្សាយកាលពីថ្ងសទី៧ ខែមេសា ឆ្នាំ២០១៩ថា ហេតុការណ៍ផ្ទុះដែលមានកម្លាំងខ្លាំង កើតឡើងនៅទីតាំងឃ្លាំងមួយកន្លែង ស្ថិតនៅទីក្រុង Sana ទីក្រុងដែលគ្រប់គ្រងដោយក្រុមឧទ្ទាមនៅយេមែននោះ សម្លាប់មនុស្សយ៉ាងតិច១៣នាក់ កាលពីថ្ងៃអាទិត្យ ក្នុងនោះមានកុមារ៧នាក់ផងដែរ ហើយជាង១០០នាក់ផ្សេងទៀតរងរបួស ។
ក្រុមឧទ្ទាម ហូធី ដែលបានដណ្តើមគ្រប់គ្រងទីក្រុងមួយនេះ មកស្ថិតក្នុងដែនគ្រប់គ្រងរបស់ខ្លួនតាំងពីឆ្នាំ២០១៤ដោយមានអ៊ីរ៉ង់ជាអ្នកជួយជ្រោមជ្រែងនោះ និយាយថា ក្រុមសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បានវាយប្រហារតាមដែនអាកាសគោលដៅមកលើទីតាំងឃ្លាំងខាងលើនេះ ។ ប៉ុន្តែក្រុមសម្ព័ន្ធមិត្តប្រកាសថា មិនបានវាយប្រហារតាមដែនអាកាសណាមួយស្ថិតនៅទីតាំងខាងលើនេះឡើយ ។
ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុង Aden គាំទ្ររដ្ឋាភិបាលយេមែន ផ្សាយថា ក្រុមឧទ្ទាមលាក់ទុកអាវុធនៅក្នុងទីតាំងឃ្លាំងខាងលើនេះ ។
មន្ត្រីសុខាភិបាលយេមែន បញ្ជាក់ថា មនុស្សជាង១១០នាក់បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះនេះ ដែលធ្វើឲ្យបាក់បែកសាលារៀននៅក្បែរនោះផងដែរ ។
តាំងពីឆ្នាំ២០១៥រហូតមក កម្លាំងសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បានវាយប្រហារទៅលើក្រុមឧទ្ទាម ហូធី ។ ជម្លោះមួយនេះ បានសម្លាប់មនុស្សរាប់សិបពាន់នាក់ និងរុញច្រានប្រទេសយេមែន ដែលជាប្រទេសក្រីក្របំផុតនៅក្នុងចំណោមពិភពអារ៉ាប់នោះ កាន់តែដាំក្បាលចុះក្នុងភក់ជ្រាំទុរភិក្ស ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)