បង្ហោះផ្សាយ

ខ្មែរ

Kanika

· 2019-04-19

លីគកំពូលកម្ពុជា បន្ដការប្រកួត ចុងសប្ដាហ៍នេះ ក្រោយសម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

0

ភ្នំពេញ៖ បន្ទាប់ពីសម្រាក ១សប្ដាហ៍ ដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យចូលថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ កាលពីថ្ងៃទី១៤-១៦ ខែមេសាកន្លងទៅ ការប្រកួតបាល់ទាត់ ក្របខណ្ឌលីគកំពូលកម្ពុជា នឹងបន្ដការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី៤ នាចុងសប្ដាហ៍នេះ ដោយនៅសៅរ៍មាន ៣គូ និងថ្ងៃអាទិត្យមាន ៤គូ ។

យោងតាមកម្មវិធីប្រកួតរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិ កម្ពុជា(CNCC) នៅថ្ងៃទី២០ ខែមេសាមាន ៣គូ រួមមានក្រុមអាស៊ីអឺរ៉ុប បើកទ្វារកីឡដ្ឋាន AEU Sport Park ទទួលក្រុមគិរីវង់សុខសែនជ័យ, ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី U18 ប៉ះក្រុមភ្ញៀវអង្គរថាយហ្គឺរ នៅសាលាបាល់ទាត់ជាតិបាទី និងក្រុមវិសាខា ប៉ះក្រុមអគ្គិសនីកម្ពុជា នៅកីឡដ្ឋានវិសាខា ។

រីឯថ្ងៃទី២១ ខែមេសា រួមមានក្រុមបឹងកេត ជួបក្រុមម្ចាស់ផ្ទះខេត្តកំពង់ចាម នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់, ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ះក្រុមក្រសួងការពារជាតិ នៅកីឡដ្ឋានស្ដាតចាស់, ក្រុមសូលទីឡូអង្គរ ជួបក្រុមណាហ្គាវើល នៅកីឡដ្ឋានខេត្តសៀមរាប និងក្រុមព្រះខ័នរាជស្វាយរៀង បើកទ្វារផ្ទះស្វាគមន៍ក្រុមភ្នំពេញក្រោន នៅកីឡដ្ឋានខេត្តស្វាយរៀង ។

ចំពោះលទ្ធផលបណ្ដោះអាសន្ន ក្រោយឆ្លងកាត់ ៣សប្ដាហ៍ មុនសម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី គឺក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាងមាន ៩ពិន្ទុពេញ តាមពីក្រោយយ៉ាងប្រកៀកប្រកិត ដោយក្រុមក្រសួងការពារជាតិ និងក្រុមវិសាខាមាន ៧ពិន្ទុស្មើគ្នា ។ រីឯក្រុមមិនទាន់ស្គាល់ឈ្នះសោះ មានក្រុមសូលទីឡូអង្គរ និងក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ឈរបាតតារាងរៀងៗខ្លួន ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)