បង្ហោះផ្សាយ

ខ្មែរ

Samay

· 2019-05-05

អគ្គីឆាបឆេះគ្រឹះស្ថានអិលប៊ីភីមីក្រូហិរញ្ញវត្ថុភីអិលស៊ី ផ្អើលសមត្ថកិច្ចជួយពន្លត់

0

ភ្នំពេញៈ អគ្គីបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ សុំឲ្យសមត្ថកិច្ចជួយអន្ដរាគមន៍ បើករថយន្ដមកជួយបាញ់ទឹកពន្លត់ កាលពីវេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ នៅទល់មុខវិទ្យាល័យបាក់ទូក ស្ថិតក្នុងភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីវេលាខាងលើនេះ គេឃើញផ្សែងខ្មួលខ្មាញ់ ចេញពី ជាន់ទី៧ នៃអគារគ្រឹះស្ថានអិលប៊ីភីមីក្រូហិរញ្ញវត្ថុ។ ឃើញបែបនេះ ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅមន្ដ្រីនគរបាលជំនាញឲ្យបើករថយន្តពន្លត់អគ្គិភ័យ មកជួយអន្ដរាគមន៍បាញ់ពន្លត់។

មន្រ្ដីការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅក្នុងអន្ដរាគមន៍ជួយបាញ់ទឹកពន្លត់នោះ សមត្ថកិច្ចបានប្រើប្រាស់រថយន្ដចំនួន១២គ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ហើយធ្វើភ្លើងរលត់អស់ទៅវិញ នៅវេលាម៉ោង៩ និង៥០នាទីយប់ថ្ងៃដដែល។ ករណីគ្រោះអគ្គិភ័យនេះ គឺអាចបណ្ដាលមកពីបុគ្គលិកក្រុមហ៊ុនខាងលើនេះ ភ្លេចដកខ្សែកុំព្យូទ័រ ទើបបង្កឱ្យឆ្លងចរន្តអគ្គិសនី រហូតកើតមានអគ្គិភ័យបែបនេះ។


ទោះជាយ៉ាង នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបានបង្កឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។ ដោយឡែកទំហំ នៃការខូចខាត ក៏សមត្ថកិច្ចនៅមិនទាន់ដឹងនៅឡើយដែរ ដោយសារម្ចាស់ក្រុមហ៊ុនមិនផ្ដល់ព័ត៌មានឲ្យសមត្ថកិច្ច៕ ដោយ សុភាព និង លោក សួង សាម

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស