
Charya
· 2019-05-21
ខ្យល់កន្រ្តាក់ល្ងាចមិញ ខូតខាតផ្ទះប្រជាពលរដ្ឋ១០ខ្នង និងរបួសមនុស្សម្នាក់នៅស្រុកស្វាយជ្រំ និងរមាសហែក
0
ខេត្តស្វាយរៀង៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នង នៅក្នុងស្រុកចំនួន២ នៃខេត្តស្វាយរៀង បានរងការខូចខាតដោយសារខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី២០ ខែឧសភា ម្សិលមិញ ខណៈដែលមានភ្លៀងធ្លាក់មួយមេធំ។
តាមរបាយការណ៍របស់សាខាកាកបាទក្រហមកម្ពជាខេត្តស្វាយរៀងបានឲ្យដឹងថា ស្រុកដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិនោះ ទី១គឺស្រុកស្វាយជ្រំ ខូចខាតផ្ទះចំនួន៣ខ្នង និងស្រុករមាសហែក ចំនួន៧ខ្នង ក្នុងនោះក៏បានបណ្តាលឲ្យបុរសម្នាក់រងរបួសក្បាលត្រូវដេរចំនួន៥ថ្នេរ ក្រោយពីក្បឿងដំបូលផ្ទះធ្លាក់ចំ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលចេញផ្សាយកាលពីចុងសប្តាហ៍កន្លងទៅនេះឲ្យដឹងថា បាតុភូត El Nino ដែលកម្ពុជាយើងបាននិងកំពុងទទួលតាំងពីដើមឆ្នាំមក រហូតមកដល់ពេលនេះ នៅតែបន្តមានអត្ថិភាពនៅឡើយ ដោយគ្រាន់តែឥទ្ធិពលបានថយចុះជាបន្តបន្ទាប់តែប៉ុណ្ណោះ។ ក្នុងនោះ បើតាមការព្យាករ ចាប់ពីថ្ងៃទី២១-២៥ ខែឧសភា ជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី ចាប់បង្កើនឥទ្ធិពលឡើងវិញ ដែលជាហេតុធ្វើឲ្យកម្រិតទឹកភ្លៀងមានភាពកើនឡើងជាលំដាប់ក្នុងកម្រិតពីមធ្យមទៅបង្គួរ, ជាមួយគ្នា ក្រសួងក៏ស្នើដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្រ្តាក់៕ ភក្តី
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)