បង្ហោះផ្សាយ

ខ្មែរ

Maly

· 2019-05-29

រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិននាពេលខាងមុខនេះ

0

រាជធានីភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេស។

សេចក្តីប្រកាសព័ត៌មានពីនាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេស ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ក្នុងគោលបំណងពង្រឹង និងពង្រីកថែមទៀត នូវកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវាងកម្ពុជា និងចិន។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជួបសំដែងការគួរសមជាមួយលោក លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន។ លោកឧបនាយករដ្ឋមន្រ្តី នឹងជួបទ្វេភាគីជាមួយលោកទីប្រឹក្សារដ្ឋ វ៉ាង យី ដើម្បីពិភាក្សាស៊ីជម្រៅ ស្តីពីការលើកកំពស់កិច្ចសហការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និងលើវិស័យផ្សេងៗទៀត។

ខណៈពេលស្នាក់នៅប្រទេសចិននោះដែរ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏នឹងធ្វើការផ្លាស់ប្តូរទស្សនៈជាមួយសមភាគីចិន លើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ និងការព្រួយបារម្ភរួម៕

អត្ថបទៈ មករា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)