បង្ហោះផ្សាយ

ខ្មែរ

Khieu

· 2019-06-03

លិចទូក នៅឈូងសមុទ្រលីប៊ី ស្លាប់ និងបាត់ខ្លួន ២៧នាក់

0

អ្នកនាំពាក្យឆ្មាំសមុទ្រ នៃប្រទេសលីប៊ី កាលពីថ្ងៃទី២ ខែមិថុនា បានបញ្ជាក់ថា យ៉ាងតិចជនភៀសខ្លួន២នាក់បានស្លាប់ និងផ្សេង២៥នាក់បាត់ខ្លួន ក្រោយពេលទូករបស់ពួកគេ ក្រឡាប់លិច នៅក្នុងឈូងសមុទ្រ នាភាគខាងលិច នៃប្រទេសលីប៊ី។

លោក Ayoub Qassem អ្នកនាំពាក្យ បានបញ្ជាក់ថា ជនភៀសខ្លួន៧៣នាក់ ត្រូវកម្លាំងឆ្មាំសមុទ្រសង្គ្រោះ នៅចម្ងាយប្រហែល២២គីឡូម៉ែត្រ ពីទីក្រុង Qarabulli និងប្រហែល៤៩គីឡូម៉ែត្រ នាភាគខាងកើត នៃរដ្ឋធានីទ្រីប៉ូលី (Tripoli) ។ ដោយឡែក សាកសពរបស់ស្ត្រីម្នាក់ និងកូនរបស់គាត់ម្នាក់ទៀត បានរកឃើញ។ ជនភៀសខ្លួនទាំងនោះ មានបុរស៤០នាក់ ស្ត្រី២៥នាក់ និងក្មេង៨នាក់។ ពួកគេបានភៀសខ្លួន មកពីប្រទេសស៊ូដង់, កេនយ៉ា, កូតឌីវ័រ (Côte d'Ivoire) និងនីហ្សេរីយ៉ា។

ភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (IOM) បានបញ្ជាក់ថា ជនភៀសខ្លួន ប្រហែល ២ ២៩៧នាក់ បានស្លាប់ ឬបាត់ខ្លួន នៅក្នុងសមុទ្រមេឌីទែរ៉ាណេ កាលពីឆ្នាំកន្លងទៅ ក្នុងចំណោមជនភៀសខ្លួនសរុប ១១៦ ៩៥៩ នាក់ ដែលបានភៀសខ្លួន តាមផ្លូវសមុទ្រ ក្នុងដំណើរឆ្ពោះទៅកាន់សហគមន៍អឺរ៉ុប។

ឆ្នេរសមុទ្រភាគខាងលិច នៃប្រទេសលីប៊ី បានក្លាយជាចំណុចចាប់ផ្តើមដ៏សំខាន់ សម្រាប់ជនអន្តោប្រវេសន៍ ខណៈអ្នករត់ពន្ធបានទាញប្រយោជន៍ ពីភាពវឹកវរ ចាប់តាំងពីការផ្ដួលរំលំរបបគ្រប់គ្រងរបស់លោក មូមម៉ារ ហ្គាដដាហ្វី ( Muammar Gaddafi) ប្រធានាធិបតីលីប៊ី នៅក្នុងអំឡុងឆ្នាំ២០១១។ ក្រុមអ្នករត់ពន្ធមនុស្ស បានឆក់យកឱកាសនេះ ដើម្បីរត់ពន្ធមនុស្ស ចេញពីទីនោះ នាំទៅកាន់ទ្វីអឺរ៉ុប ។

ទោះជាយ៉ាងណា ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៧ បណ្តាញរត់ពន្ធមនុស្ស នៅក្នុងប្រទេសលីប៊ី ត្រូវបានកាត់ផ្តាច់ ក្រោមកិច្ចព្រមព្រៀង រវាងអាជ្ញាធរអ៊ីតាលី ជាមួយកម្លាំងមូលដ្ឋាន ដោយចាត់វិធានការទប់ស្កាត់ នៅទីតាំងអតីតជាទីប្រជុំជនរត់ពន្ធមនុស្ស ក្នុងទីក្រុង Sabratha នាភាគខាងលិច នៃប្រទេសលីប៊ី។

ឆ្មាំការពារដែនសមុទ្រ បានបង្កើនការងារល្បាត បន្ទាប់ពីទទួលបាននាវាថ្មីៗ ពីប្រទេសអ៊ីតាលី។ នេះក៏ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលស្តាំនិយមលីប៊ី ដើម្បីបញ្ឈប់ជនអន្តោប្រវេសន៍ ធ្វើដំណើរចាកចេញពីទ្វីបអាហ្វ្រិក ឆ្ពោះទៅកាន់ឆ្នេរសមុទ្រអ៊ីតាលី ៕ thach086

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)