Bibi

· 2019-07-21

មុនជ្រើសរើសជំនាញណាមួយ ត្រូវគិតចំណុចសំខាន់ៗ៣ សិន

#ជំនាញ# #សង្គម# #សេដ្ឋកិច្ចជាតិ#

0

ក្នុងលោកនេះមានមុខរបររាប់ម៉ឺន ដូចនេះក៏មានផងដែរនូវជំនាញរាប់សែនផងដែរ។ បើច្រើនបែបនេះ តើខ្ញុំគួរតែជ្រើសរើសជំនាញអ្វីទៅ? តើយើងគួរជ្រើសរើសជំនាញណាមួយតាមរបៀបណាទៅដើម្បីឲ្យសមតាមបំណង និងមិនមែនការស្តាយក្រោយ? ជាទូទៅការជ្រើសរើសជំនាញណាមួយឲ្យបានត្រឹមត្រូវ គឺផ្តោតលើចំណុចសំខាន់ៗចំនួន៣ គឺ៖

១. គោលដៅ

តើអ្វីជាគោលដៅពិតប្រាកដក្នុងជីវិតរបស់អ្នក? តើអ្វីដែលអ្នកចង់ក្លាយទៅជានៅពេលអនាគត? បើអ្នកដឹង និងអាចកំណត់គោលដៅបានច្បាស់ នោះអ្នកប្រាកដជាអាចជ្រើសរើសជំនាញបានត្រឹមត្រូវតាមនោះដែរ។ ខ្ញុំចង់ក្លាយជាមេធាវី ច្បាស់ណាស់ថា ជំនាញ “នីតិសាស្រ្ត ឬច្បាប់” គឺ ជាអ្វីដែលអ្នកត្រូវចាប់យក និងរៀនឲ្យបានពូកែ។ ខ្ញុំចង់ក្លាយជាអ្នកជំនួញ ច្បាស់ណាស់ថា ជំនាញ “គ្រប់គ្រងពាណិជ្ជកម្ម” អាចសាកសមបំផុតដែរ ប៉ុន្តែដើម្បីសម្រេចការងារ ឬគោលដៅខ្លះ គឺត្រូវតម្រូវឲ្យអ្នកត្រូវជ្រើសរើសជំនាញច្រើន។ ឧទាហរណ៍ថា អ្នកចង់ក្លាយជាមេដឹកនាំប្រទេស ឬអ្នកនយោបាយដ៏ពូកែ នោះអ្នកត្រូវទាមទារឲ្យមានជំនាញ និងចំណេះដឹងជាច្រើន ដូចជា ប្រវត្តិសាស្រ្ត (ទាំងប្រវត្តិសាស្រ្តជាតិ និងប្រវត្តិសាស្រ្តពិភពលោក) ចិត្តសាស្រ្ត ទស្សនវិទ្យា ទំនាក់ទំនងការបរទេស ច្បាប់ ភាសាបរទេស រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច និងជំនាញនិយាយជាសាធារណៈជាដើម។

២. ទីផ្សារការងារ ឬឱកាសការងារ

ការសម្លឹងមើលទីផ្សារការងារក្នុងពេលបច្ចុប្បន្ន និងអនាគត ក៏អាចជាមូលហេតុដែលអ្នកគួរជ្រើសរើសយកជំនាញអ្វីដែរ។ តើឱកាសណាដែលល្អជាងគេសម្រាប់ពេលបច្ចុប្បន្ន ឬអនាគតដ៏ខ្លីខាងមុខ? ឧទាហរណ៍ជាក់ស្តែងដោយសារ កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ យើងសង្កេតឃើញវិស័យហិរញ្ញវត្ថុកំពុងរីកលូតលាស់។ ស្ថាប័ន និងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនកំពុងរីកដូចផ្សិត ដូចនេះគេត្រូវការជ្រើសរើសបុគ្គលិកបម្រើវិស័យនេះយ៉ាងច្រើនផងដែរ។ ដូចនេះមានសិស្សនិស្សិតជាច្រើនកំពុងសិក្សា និងធ្វើការនៅតាមបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុនានា។ ម្យ៉ាងវិញទៀតអ្នកក៏អាចសម្លឹងទៅទីផ្សារបច្ចុប្បន្ន តើកំពុងខ្វះជំនាញអ្វី? ជាក់ស្តែងកម្ពុជាបច្ចុប្បន្នកំពុងខ្វះខាតជំនាញកសិកម្ម និងឧស្សាហកម្ម ស្របពេលដែលផ្ទៃដីមួយភាគធំជាដីកសិកម្ម និងប្រជាជនមានជំនាញ ត្រឹមកសិកម្មបែបវប្បធម៌។

លើសពីនេះអ្នកក៏អាចជ្រើសរើសជំនាញណាមួយដែលធ្វើឲ្យអ្នកអាចរកប្រាក់ចំណូលបានច្រើន។ ដូចនេះអ្នកក៏សម្រេចចិត្តគួរជ្រើសរើសជំនាញណាមួយដែរស្របពេលបច្ចុប្បន្ន ជំនាញវេជ្ជសាស្រ្ត និងទន្តសាស្រ្តកំពុងរកលុយបានយ៉ាងច្រើន។ នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៥ វេជ្ជបណ្ឌិតវះកាត់ទទួលបានប្រាក់ខែច្រើនជាងគេ ហើយបន្ទាប់មក គឺទន្តបណ្ឌិត (ពេទ្យធ្មេញ)។ ក្រៅពីនោះមាន អ្នកគ្រប់គ្រង ដូចជានាយកប្រតិបត្តិ មេធាវី អ្នកបើកបរយន្តហោះ ឱសថការី និងអ្នកគ្រប់គ្រងផ្នែកស្ថាបត្យកម្ម សុទ្ធតែស្ថិតក្នុងបញ្ជីអ្នកមានប្រាក់ចំណូលច្រើន។

៣. ទេពកោសល្យ និងចំណង់ចំណូលចិត្ត

ទេពកោសល្យ គឺជារង្វាន់ដែលត្រូវបានប្រគល់ជូនមនុស្សគ្រប់រូប ប៉ុន្តែពេលខ្លះមនុស្សចំណាយពេលវេលាស្ទើរមួយជីវិតរបស់ខ្លួន តែនៅតែមិនដឹងថា ខ្លួនមានទេពកោសល្យអ្វីឲ្យប្រាកដ។ ជាទូទៅទេពកោលស្យ បានកប់យ៉ាងជ្រៅក្នុងខ្លួន ដូចនេះការស្វែងរករបស់កប់ក្នុងខ្លួនពិតជាពិបាកជាងរបស់ដែលនៅខាងក្រៅ ត្បិតអីការរកឲ្យឃើញនូវភាពប៉ិនប្រសប់ ឬទេពកោសល្យនេះមិនស្រួលដូចជាការស្វែងរកទំនិញក្នុងផ្សារឡើយ។ ពេលខ្លះរឿងអកុសលជាច្រើនបានកើតឡើង ពាក់ព័ន្ធនឹងទេពកោសល្យនេះ ពីព្រោះមានបុគ្គលមួយចំនួនបានស្លាប់ទៅវិញ ទាំងមិនដឹងថាខ្លួនឯងមានជំនាញអ្វី ពូកែខាងអ្វីនោះឡើយ។ ប៉ុន្តែបុគ្គលខ្លះបានរកឃើញទេពកោសល្យរបស់ខ្លួននេះ រហូតទទួលបានជោគជ័យនៅក្នុងជីវិត។

សូមពិចារណាឲ្យបានច្បាស់មុនពេលជ្រើសរើសជំនាញណាមួយ ដើម្បីកុំឲ្យមានពាក្យថាស្តាយក្រោយ ដោយខកចិត្តពីព្រោះតែមានជំនាញហើយ តែគេបែរជាប្រាប់យើងថា ខ្ញុំជ្រើសរើសជំនាញខុស។ ខុសនៅ ត្រង់នេះ មានន័យថា ខុសពីគោលដៅដែលគេចង់ធ្វើ ខុសពីទេពកោលស្យដែល ខ្លួនមាន ខុសពីទីផ្សារ និងខុសពីចំណង់ចំណូលចិត្តរបស់ខ្លួន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)