
Chheng
· 2019-08-01
ជម្រើសជាតិវ៉ូវីណាមត្រៀមសាកល្បងអត្តពលិកច្រើនដំណាក់កាលទៀត មុនឈានដល់ ប្រកួតជើងឯកពិភពលោក នៅកម្ពុជា ចុងឆ្នាំ២០១៩នេះ
#ជម្រើសជាតិវ៉ូវីណាម# #កីឡាអន្តរជាតិ# #កីឡា# #ប្រកួតជើងឯកពិភពលោក# #អត្តពលិក#
0
ភ្នំពេញ ៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា គ្រោងនឹងដំណើរការប្រកួតសាកល្បងជ្រើសរើសអត្តពលិក ជម្រើសជាតិជាច្រើនដំណាក់កាលទៀត ដើម្បីត្រៀមប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍ ជើងឯកកីឡា វ៉ូវីណាមពិភពលោក (Vivonam World Championships 2019) លើកទី៦ ឆ្នាំ២០១៩ ក្នុងឋានៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ឯកឧត្តម អ៊ូ រតនា អនុប្រធានទី១ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបញ្ជាក់ប្រាប់ ទីភ្នាក់ងារ សារព័ត៌មានកម្ពុជា AKP ឱ្យដឹងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះថា ការប្រកួតសាកល្បងជ្រើសរើស កាលពីចុងសប្តាហ៍នេះ គឺសហព័ន្ធស្វែងរកបានក្រុមជម្រើស ជាតិរបស់ខ្លួនជិត៣០នាក់ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួត កីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោក នាខែធ្នូខាងមុខនេះ។
ឯកឧត្ដមបានលើកឡើងថា នេះជាការសាកល្បងសមត្ថភាពក្រុមជម្រើសជាតិប្រចាំខែ ដើម្បីស្ទាបស្ទង់ បច្ចេកទេសលើវិញ្ញាសាសម្តែង និងប្រយុទ្ធនានា។ ឯកឧត្ដមបានបន្ដថា សហព័ន្ធមានគម្រោងសាកល្បងបែបនេះជាច្រើនដំណាក់ កាលទៀត ដើម្បីស្វែងរកកីឡាករ កីឡាការិនីប្រកបដោយគុណភាពពិតប្រាកដ និងឱ្យបានច្រើនជាងនេះ ដែលគ្រោងបន្តការហ្វឹកហាត់ នៅប្រទេសវៀតណាម ដែលជាម្ចាស់ដើមនៃក្បាច់គុនវ៉ូវីណាម ក្នុងគោលដៅបង្កើនគុណភាពឱ្យកាន់តែខ្លាំងក្លាត្រៀមប្រជែងមេដាយ នៅក្នុងឋានៈជាម្ចាស់ផ្ទះ។ព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៦ ឆ្នាំ២០១៩ នៅកម្ពុជានេះ នឹងត្រូវកំណត់យកការប្រកួតពីថ្ងៃទី១៦ ដល់២២ ខែធ្នូ ឆ្នាំ២០១៩ ក្រោមការរៀបចំដោយសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា គាំទ្រដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្ទាប់ពីផ្តល់សិទ្ធិឱ្យ រៀបចំដោយសហព័ន្ធកីឡាវ៉ូវីណាមពិភពលោក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)