បង្ហោះផ្សាយ

ខ្មែរ

Slava

· 2019-08-05

ឃាត់ខ្លួនជនជាតិចិនម្នាក់ លួចលុយនិងទូរស័ព្ទដៃពីអ្នកលក់សាច់ជ្រូក

0

រាជធានីភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិសែនជ័យឃាត់ខ្លួន ក្រោយពេលបន្លំលួចលុយនិងទូរស័ព្ទ ពីអាជីវករអ្នកលក់សាច់ជ្រូកម្នាក់។ ការឃាត់ខ្លួនបុរសជនជាតិចិនខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ នៅចំនុចក្នុងផ្សារស៊ិនជូរី សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនខាងលើ ស្ពាយកាបូបដើរចូលទៅក្នុងផ្សារ មួយសន្ទុះក្រោយមក ក៏បានដើរចូលបន្លំលួចលុយនិងទូរស័ព្ទពីតូបលក់សាច់ជ្រូកមួយកន្លែង។ ភ្លាមៗនោះដែរ ម្ចាស់តូបបានឃើញជនសង្ស័យ ដែលបានលួចបន្លំយកលុយនិងទូរសព្ទ័របស់គាត់ ក៏មានការភ្ញាក់ផ្អើលបានស្រែកឆោឡោផ្អើលពេញផ្សារ រួចក៏បាននាំគ្នាជួយឃាត់បុរសជនជាតិចិនខាងលើនោះ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលកាកាបទី១។

បន្ទាប់ពីធ្វើការសាកសួរ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌ បានឆែករកឃើញលុយខ្មែរចំនួន៨០ម៉ឺនរៀល និងទូរស័ព្ទស៊េរីទំនើបម៉ាក I phone X-max មួយគ្រឿង នៅក្នុងកាបូបស្ពាយរបស់ជនសង្ស័យ ដែលបានលួចពីអ្នកលក់សាច់ជ្រូក ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងរួចរាល់ផងដែរ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ សួងសាម

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)