bayontv news

· 2020-03-23

អគ្គលេខាធិការ NOCC បង្ហាញផលប៉ះពាល់នៃវីរុស Covid-19 ក្នុងវិស័យកីឡា

#កីឡាអន្តរជាតិ# #Covid-19# #NOCC# #កីឡា# #ផលប៉ះពាល់#

354

អូឡាំពិក៖ ប៉ុន្មានថ្ងៃចុងក្រោយនេះជំងឺផ្លូវដង្ហើមប្រភេទថ្មី Covid-19 បានរីករាលដាលកាន់តែខ្លាំងលើពិភពលោក រួមទាំងកម្ពុជាផងដែរ រហូតត្រូវរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធសម្រេចផ្អាកកម្មវិធីធំៗជាច្រើន រួមទាំងព្រឹត្តិការណ៍កីឡា ដូចជាការផ្អាកការប្រមូលផ្ដុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិ និងការពន្យារពេលរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ជាដើម។ បញ្ហានេះបានធ្វើឲ្យអ្នកជំនាញកីឡាមានកង្វល់ជាខ្លាំង ចំពោះការអនុវត្តផែនការអភិវឌ្ឍកីឡាជំនាញ ឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ និងព្រឹត្តិការណ៍សំខាន់ៗជាច្រើនទៀត។

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាបានលើកឡើងថា ក្នុងស្ថានភាពនេះ ឯកឧត្ដមពិតជាគាំទ្រនូវវិធានការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ក្នុងការផ្ដល់ភាពកក់ក្ដៅ និងសុវត្ថិភាពជូនគ្រួសារកីឡាជាតិ ពិសេសដើម្បីទប់ស្កាត់ និងបង្ការការសាយភាយ នៃវីរុសដ៏កាចសាហាវនេះ។ ប៉ុន្តែបើនិយាយពីផលប៉ះពាល់ក្នុងវិស័យកីឡាពិតមានលក្ខណៈធ្ងន់ធ្ងរ ហើយមិនមែនតែកម្ពុជាទេ ប្រទេសជាច្រើនទៀតក៏ដូច្នេះដែរ ព្រោះកីឡាត្រូវការហ្វឹកហាត់ជាក្រុម ដែលជៀសមិនផុសពីការផ្អាកឡើយ។ អ្នកជំនាញកីឡាដដែលបានគូសបញ្ជាក់ថា វិស័យកីឡាគឺជាវិស័យមួយ ដែលត្រូវមានការប្រមូលផ្ដុំហ្វឹកហាត់ជាប់លាប់ទាំងក្នុងស្រុក និងក្រៅស្រុក ហើយត្រូវមានកម្មវិធីចេញប្រកួតលក្ខណៈអន្តរជាតិ ទៅតាមប្រភេទកីឡានីមួយៗដើម្បីបង្កើនគុណផលកីឡា តែបើគ្មានការហ្វឹកហាត់ក៏ដូចជាការប្រកួតនោះទេ គឺកីឡាបាត់ទម្រង់ជាកីឡាហើយ។ អ្វីដែលសំខាន់ក្នុងដំណាក់កាលកម្ពុជា កំពុងពង្រឹងការបណ្ដុះបណ្ដាលធនធានត្រៀម ធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣ កម្ពុជារឹតតែរងផលប៉ះពាល់ ដ្បិតសល់ពេលខ្លីដើម្បីរៀបចំ។

ក្នុងមហាសន្និបាតប្រចាំឆ្នាំ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីថ្មីៗ ស្របពេលវីរុស Covid-19 មិនទាន់មានការឆ្លងច្រើននៅកម្ពុជា ថ្នាក់ដឹកនាំបានបង្វែងយុទ្ធសាស្ត្រយកចិត្តទុកដាក់ និងពង្រឹងការហ្វឹកហាត់ពីក្រៅប្រទេសមកក្នុងប្រទេស តែឥលូវផែនការនេះមិនអាចអនុវត្តទៅបាន ដោយសារការប្រមូលផ្ដុំត្រូវបិទទាំងស្រុង។ ការណ៍នេះបានធ្វើឲ្យប៉ះពាល់ ដល់ការត្រៀមប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ នៅជប៉ុន ពិសេសប៉ះពាល់ការបណ្ដុះបណ្ដាលធនធានកីឡាករ - កីឡាការិនីថ្នាលសម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣ តែម្ដង។ គួរបញ្ជាក់ថា មកទល់ពេលនេះសកម្មភាពប្រមូលផ្ដុំហ្វឹកហាត់ និងការប្រកួតជាច្រើនត្រូវបានផ្អាក ក៏ដូចជាពន្យារពេលជាបន្ដបន្ទាប់ ជាក់ស្ដែងកាលពីចុងសប្ដាហ៍កន្លងទៅ រាជរដ្ឋាភិបាលបានសម្រេចពន្យារពេលរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៣ បន្ថែមមួយទៀតដើម្បីទប់ស្កាត់ និងបង្ការជំងឺឆ្លង Covid-19 ស្របពេលគិតត្រឹមយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ កម្ពុជាបានរកឃើញករណីឆ្លងវីរុសដ៏កាចសាហាវនេះនៅកម្ពុជា កើនដល់ ៨៤ករណីហើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)